តើអ្នកធ្លាប់ឆ្ងល់ទេថា ប្រសិនអ្នកមានទម្លាប់មិនទទួលទានកាហ្វេ ក៏ដូចជាតែគុជរយៈពេលមួយខែពេញ ហើយភេសជ្ជៈប្រចាំថ្ងៃ និងជាទម្លាប់គឺទទួលទានតែទឹកបរិសុទ្ធធម្មតា តើនឹងមានរឿងអ្វីកើតឡើងខ្លះ?
ដោយសារតែបច្ចុប្បន្នជំងឺរាតត្បាត COVID-19 នៅតែបន្តកើតមាន ជាហេតុនាំឲ្យការចេញទៅខាងក្រៅ ដើម្បីជួបជុំក៏ត្រូវកាត់បន្ថយដូចគ្នា។ អ្នកខ្លះដែលឧស្សាហ៍ទទួលទានកាហ្វេ តែគុជជាដើម ក៏ត្រូវបានដកឃ្លាពីគ្នា។ បើទម្លាប់មួយខែពេញ នោះរាងកាយនឹងកើតមានរឿងល្អដូចខាងក្រោម៖
៥) ស្រកទម្ងន់
បើអ្នកដកឃ្លាពីកាហ្វេ តែគុជ និងភេសជ្ជៈមួយចំនួន ដែលក្រៅពីទឹក នោះមួយថ្ងៃអ្នកអាចកាត់បន្ថយជាង ៤០០ កាឡូរីពីក្នុងខ្លួន។ ដូច្នេះសម្រាប់អ្នកស្រកទម្ងន់ ក៏អាចទទួលបានផលផងដែរ ជាពិសេសសម្រាប់អ្នកមានទម្លាប់ទទួលទានតែគុជ។
៤) កាត់បន្ថយការទទួលទានជាតិស្ករ
រាល់ថ្ងៃតែគុជក្តី កាហ្វេក្តីសុទ្ធតែមានជាតិស្ករ ហើយបើអ្នកទទួលទានជាប្រចាំ ក្នុងបរិមាណច្រើនទៀតនោះ វាប្រាកដជាបង្កផលប៉ះពាល់ដល់រាងកាយ ដូចជាជំងឺទឹកនោមផ្អែម និងលើសជាតិស្ករក្នុងឈាមជាដើម។
យ៉ាងណាបើអ្នកដកឃ្លាពីវា ហើយមកទទួលទានតែទឹកបរិសុទ្ធ និងទឹកក្ដៅឧណ្ហ៍ៗ នោះវាក៏អាចកាត់បន្ថយបរិមាណជាតិស្ករលើសនោះបានដែរ។ ប៉ុន្តែសម្រាប់អ្នកទទួលទានកាហ្វេខ្មៅ ឬមិនដាក់ស្ករ គឺមិនជាបញ្ហាអ្វីឡើយ។
៣) ខួរក្បាលនឹងដំណើរការល្អប្រសើរ
ខួរក្បាលគឺមានទឹក ៧៥-៨៥ ភាគរយ ដូច្នេះការមានជាតិទឹកគ្រប់គ្រាន់ក្នុងរាងកាយគឺពិតជាសំខាន់ណាស់។ អ៊ីចឹងបើអ្នកមានទម្លាប់ទទួលទានតែទឹក ជំនួសរបស់ទាំងអស់នោះ វាប្រាកដជាជួយឲ្យដំណើរការខួរក្បាលមានប្រសិទ្ធភាពជាងមុនបន្ថែមទៀត។
២) ជួយឲ្យស្បែកភ្លឺស្អាត
នៅពេលដែលអ្នកទទួលទានភេសជ្ជៈដែលមានជាតិស្ករច្រើន គឺនឹងធ្វើឲ្យស្បែកឆាប់ឡើងស្នាមជ្រីវជ្រួញ និងចាស់ជាងវ័យ ហើយក៏ធ្វើឲ្យបាត់បង់ជាលិកាចិញ្ចឹមស្បែកដ៏សំខាន់មួយចំនួនផងដែរ។
ខុសពីការទទួលទានទឹក វានឹងធ្វើឲ្យស្បែកភ្លឺរលោង ភ្លឺចេញពីខាងក្នុង ព្រោះយើងទទួលបានសំណើមគ្រប់គ្រាន់មកចិញ្ចឹមស្បែក។
១) ល្អសម្រាប់បេះដូង
នៅពេលដែលរាងកាយខ្វះទឹក ឈាមនឹងប្រែទៅជាសភាពកក ដូច្នេះបេះដូងនឹងធ្វើទុក្ខខ្លាំង ហើយដំណើរការមិនល្អឡើយ។ ការសិក្សាមួយបង្ហាញថា ការទទួលទានទឹកច្រើនជាង ៥ កែវក្នុងមួយថ្ងៃ អាចកាត់បន្ថយហានិភ័យនៃការកើតជំងឺគាំងបេះដូងបាន ៤១ ភាគរយ បើធៀបនឹងអ្នកទទួលទានទឹក តែ ២ កែវក្នុងមួយថ្ងៃ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក