Ketsueki-gata គឺជាពាក្យរបស់ជប៉ុនដែលមានន័យថា ការវិភាគបុគ្គលិកលក្ខណៈរបស់មនុស្ស ដោយផ្អែកលើប្រភេទឈាម។ ពាក្យនេះទទួលបានប្រជាប្រិយភាពចាប់តាំងពីទសវត្សឆ្នាំ១៩៣០។ ជនជាតិជប៉ុន លោក Tokeji Furukawa ដែលបានបោះពុម្ពផ្សាយ និងបកស្រាយថាប្រភេទឈាមនីមួយៗ ឆ្លុះបញ្ចាំងពីបុគ្គលិកលក្ខណៈរបស់មនុស្សម្នាក់ៗ។
ប្រភេទឈាមមាន៤ ប្រភេទគឺ A, B, O និង AB មានភាពខុសប្លែកគ្នាដោយផ្អែកលើអង់ទីហ្សែនរបស់វា។ អង់ទីហ្សែនស្ថិតនៅផ្ទៃកោសិកាឈាមក្រហម និងអាចប្រាប់ពីប្រសិទ្ធភាពនៃប្រព័ន្ធភាពស៊ាំមនុស្ស។
នៅក្នុងប្រទេសជប៉ុន គេចូលចិត្តសួរអំពីប្រភេទឈាមរបស់មនុស្សម្នាក់ៗ ពីព្រោះពួកគេជឿថាប្រភេទឈាមអាចឆ្លុះបញ្ចាំងពីបុគ្គលិកលក្ខណៈរបស់មនុស្សម្នាក់ៗ។ ទោះបីប្រភេទឈាមអាចបង្ហាញពីបុគ្គលិកលក្ខណៈរបស់មនុស្សម្នាក់យ៉ាងណាក៏ដោយ ក៏ប៉ុន្តែវាមិនទាន់មានការសិក្សារស្រាវជ្រាវ និងបកស្រាយខាងផ្នែកវិទ្យាសាស្ត្រនៅឡើយទេ។
១. បុគ្គលិកលក្ខណៈរបស់មនុស្សមានប្រភេទឈាម A
មនុស្សដែលមានឈាមប្រភេទ A គឺឆាប់មានប្រតិកម្ម មានការសហការ ផ្តេកផ្តួលតាមអារម្មណ៍ និងវៃឆ្លាត មានការអត់ធ្មត់ស្មោះត្រង់ និងស្រឡាញ់សន្តិភាព មិនចូលចិត្តឈ្លោះជាមួយនរណាឡើយ។ អ្នកមានឈាមប្រភេទនេះមិនចូលចិត្តធ្វើតាមការបង្គាប់បញ្ជាររបស់នរណាម្នាក់ មិនខ្វល់ពីក្រមសីលធម៌ និងស្តង់ដារសង្គមឡើយ។
មនុស្សដែលមានឈាមនេះ មិនងាយសម្រេចចិត្តធ្វើរឿងអ្វីមួយភ្លាមៗនោះទេ ប៉ុន្តែមិនអាចធ្វើកិច្ចការច្រើនបានទេក្នុងពេលតែមួយ ហើយក៏ជាមនុស្សសំភារនិយមដែរ។ មនុស្សដែលមានប្រភេទឈាមនេះងាយនឹងកើតជំងឺស្ត្រេសដោយសារតែមានកំរិតអរម៉ូន cortisol ខ្ពស់។
២. បុគ្គលិកលក្ខណៈរបស់មនុស្សមានប្រភេទឈាម B
មនុស្សដែលមានឈាមប្រភេទនេះ មានភាពច្នៃប្រឌិត មានភាពអំណត់ មានគោលដៅច្បាស់លាស់ និងជាអ្នកសម្រេចចិត្តរហ័ស។ ប៉ុន្តែដូចក្រុមឈាម A ដែរ អ្នកដែលមានឈាមប្រភេទនេះក៏មិនពូកែធ្វើកិច្ចការច្រើនក្នុងពេលតែមួយ។
មនុស្សដែលមានឈាមប្រភេទ B មានការគិតគូរ ចេះយល់ចិត្តអ្នកដទៃ ហើយបង្កើតមិត្តភាពល្អ និងស្មោះត្រង់។ មនុស្សទាំងនេះក៏ប្រឈមនឹងភាពឯកា ដោយសារតែចរិតលក្ខណៈអវិជ្ជមាន ដូចជាភាពអាត្មានិយម និងការមិនសហការជាមួយមនុស្សដទៃ។
៣. បុគ្គលិកលក្ខណៈរបស់មនុស្សមានប្រភេទឈាម AB
មនុស្សដែលមានឈាមប្រភេទAB ចូលចិត្តចង់រាប់អាន ពូកែច្នៃប្រឌិត ពូកែខាងសិល្បៈ ចេះបត់បែន ម៉ត់ចត់ ឆាប់ឆេវឆាវ។ ពួកគេក៏ជាមនុស្សពុំសូវឱ្យតម្លៃអ្នកដទៃ តែក៏ដៃទូលាយដែរ មានអាថ៍កំបាំងច្រើន ចូលរួមចំណែកយ៉ាងសុខុដុមដល់សង្គម និងមិនចូលចិត្តឱ្យគេមកលួងលោម។
៤. បុគ្គលិកលក្ខណៈរបស់មនុស្សមានប្រភេទឈាម O
អ្នកដែលមានឈាមប្រភេទ O គឺជាមនុស្សមានទម្លាប់កំណត់ស្តង់ដារខ្ពស់សម្រាប់ខ្លួនឯង ហើយព្យាយាមធ្វើអ្វីមួយអស់ពីលទ្ធភាពដើម្បីសម្រេចបានលទ្ធផលល្អ។ អ្នកដែលមានឈាមប្រភេទ O មានភាពជាអ្នកដឹកនាំល្អ ហើយមិនសូវចាប់អារម្មណ៍នូវរឿងតូចតាច ដែលជាហេតុផលមួយធ្វើឲ្យអ្នកដែលមានឈាមប្រភេទ O ជាមនុស្សអាត្មានិយម។
មនុស្សឈាមប្រភេទ O មានចិត្តល្អ និងមានសេចក្តីស្រលាញ់ ស្មោះត្រង់ ចេះសម្របខ្លួន និងចេះបត់បែន អាចធ្វើកិច្ចការបានល្អ ធ្វើការសំរេចចិត្តត្រឹមត្រូវ និងដោះស្រាយបញ្ហាបានល្អជាងមនុស្សប្រភេទឈាមដទៃទៀត។
លក្ខណៈបុគ្គលិកលក្ខណៈវិជ្ជមាន៖ មានភាពជាអ្នកដឹកនាំ មានទស្សនវិស័យវិជ្ជមាន មានទំនុកចិត្ត ស្ងប់ស្ងាត់ ប្រុងប្រយ័ត្ន ស្មោះត្រង់ មានសេចក្តីស្រឡាញ់ ឯករាជ្យ។