រោគសញ្ញានៃជំងឺមួយចំនួន ក៏យើងអាចសង្កេតបាន តាមរយៈផ្នែកប្រអប់ជើងខាងក្រោម ហើយបើក្នុងចំណោម ៤ ចំណុច អ្នកមាន ១ ឬ ២ អ្នកគួរតែឆ្លៀតពេលទៅពិនិត្យសុខភាព ឬពិគ្រោះជាមួយអ្នកជំនាញផ្នែកសុខភាពជាបន្ទាន់ ដើម្បីទទួលយកការព្យាបាល៖
១) ឧស្សាហ៍ស្ពឹកជើង
ពេលជើងយើងមិនសូវធ្វើចលនា ផ្នែកម្រាមជើង តែងតែមានសភាពស្ពឹកស្រពន់ ហើយបើអាការៈនេះរមែងកើតឡើងញឹកញាប់ ខុសពីធម្មតា នោះជាសញ្ញាមួយបង្ហាញច្បាស់ថា អ្នកកំពុងមានជាតិស្ករក្នុងឈាមឡើងខ្ពស់ ឬជាជំងឺទឹកនោមផ្អែមដំណាក់កាលដំបូងៗ។
២) រមាស់ជើងញឹកញាប់
នៅពេលដែលអ្នករមាស់ជើងញឹកញាប់ ក៏កុំគិតថាវាធម្មតា មិនអីនោះ តែវាក៏ជាសញ្ញាព្រមាននៃការឡើងជាតិស្ករក្នុងឈាមផងដែរ។ យោងតាមអ្នកជំនាញ បានឲ្យដឹងថា នៅពេលជាតិស្ករក្នុងឈាមឡើងខ្ពស់ នោះរាងកាយនឹងបាត់បង់ជាតិទឹក ហើយកាត់បន្ថយលំហូរឈាមដែលត្រូវចិញ្ចឹមស្បែក និងរាំងស្ទះការបញ្ចេញញើស ទើបបណ្តាលឲ្យស្បែកស្ងួត ឆាប់រមាស់។
៣) មានអារម្មណ៍ឈឺចាប់នៅចុងជើង
នៅពេលដែលចរន្តឈាមដំណើរការមិនបានល្អ អ្នកធ្វើដំណើរតែបន្តិច ឆាប់មានអារម្មណ៍ថាឈឺចុកចាប់ផ្នែកជើងនោះហើយ ដោយវាទាមទារឲ្យអ្នកសម្រាកបន្តិច ទើបស្ថានភាពរាងធូរស្បើយបន្តិចវិញ។
យ៉ាងណាបើវាកើតឡើងញឹកញាប់ ហើយឆាប់ឈឺចុកចាប់លឿនពេកនោះ វាក៏ជាអាការៈនៃជំងឺទឹកនោមផ្អែមមួដែរ។ ព្រោះដោយសារតែសរសៃឈាមកំពុងស្ទះ ហើយពេលខ្លះសឹងតែមិនបានធ្វើសកម្មភាពអ្វី ក៏មានអារម្មណ៍ថាឈឺជើង ជាពិសេសនៅពេលយប់ អ្នកពិបាកនឹងគេងលក់ខ្លាំងណាស់។
៤) ដំបៅជើងព្យាបាលមិនជា
ពេលជាតិស្ករក្នុងឈាមមិនអាចគ្រប់គ្រងបាន ហើយឈាមរត់មិនស្រួល នោះវានឹងវិវត្តទៅការកើតជាដំបៅ ទាំងដែលអ្នកមិនមានគ្រោះថ្នាក់អ្វីសោះនោះ។ ប្រសិនអ្នកឃើញរោគសញ្ញាបែបហ្នឹងកើតឡើងពិតមែន សូមកុំរង់ចាំយូរអី ហើយគួបផ្សំនឹងប៉ុន្មានចំណុចខាងលើផង អ្នកគួរតែប្រញាប់ទៅរកគ្រូពេទ្យដើម្បីពិគ្រោះជាបន្ទាន់៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក