ជ្រើសរើស​កាត​មួយ ដើម្បី​ទម្លាយ​ពី​អារម្មណ៍​សោកសៅ​ដែល​អ្នក​កំពុង​លាក់​ទុក

តើ​អ្នក​កំពុង​មាន​អារម្មណ៍​សោកសៅ​អ្វី​នៅ​ខាង​ក្នុង​ចិត្ត? ពេល​នេះ​វា​ពិបាក​នឹង​ទម្លាយ​ចេញ​ខ្លាំង​ណាស់​មែន​ទេ? តាម​រយៈ​ការ​ជ្រើសរើស​កាត​មួយ ក្នុង​ចំណោម​កាត​ទាំង ៣ យើង​សូម​ចូលរួម​ចំណែក​ដឹង​លឺ​នូវ​រឿងរ៉ាវ​លំបាក​មួយ​ចំនួន​របស់​អ្នក​ដូច​ខាង​ក្រោម៖

កាត​ទី ១

1

ភាព​ងងឹត​នៅ​ខាង​ក្នុង​ចិត្ត​របស់​អ្នក​ពេល​នេះ គឺ​អ្នក​កំពុង​បន្ទោស​ខ្លួន​ឯង កំពុង​អន់​ចិត្ត​នឹង​ជីវិត​ខ្លួន​ឯង ធៀប​ទៅ​នឹង​ជីវិត​របស់​អ្នក​ដទៃ។ ពេល​ខ្លះ​អ្នក​សឹង​តែ​បន្ទោស​ជោគវាសនា ថា​ហេតុអ្វី​បាន​ជា​មិន​អាច​កើត​មក អាច​មាន​បាន​ រស់​ស្រួល​ដូច​ជា​គេ។

យ៉ាង​ណា​ការ​បន្ទោស​លើ​ជោគវាសនា ការ​គិត​ថា​សំណាង​មិន​ល្អ​ចេះ​តែ​កើត​មាន​មក​លើ​អ្នក​នេះ វា​ដល់​ពេល​ហើយ​ដែល​អ្នក​ត្រូវ​បោះបង់​វា​ចោល។ ក៏​ដល់​ពេល​ដែល​ត្រូវ​ក្រោក​ឈរ​ឡើង ហើយ​ត្រូវ​ចាំ​ថា​ជីវិត នឹង​មិន​លំបាក​រហូត​ឡើយ មិន​ខុស​ពី​ផ្ទៃ​មេឃ​ដែល​តែងតែ​ភ្លៀង ក៏​នៅ​មាន​ពេល​ខ្លះ​ដែល​ស្រឡះ។ ចូរ​ខិតខំ​ប្រឹងប្រែង​ឡើង ​ថ្ងៃ​នេះ​យើង​អត់ មិន​ប្រាកដ​ថា​ថ្ងៃ​ក្រោយ​ទៅ​យើង​អត់​ទៀត​នោះ​ទេ ហើយ​ចូរ​កុំ​ច្រណែន​ជីវិត​អ្នក​ដទៃ​ខ្លាំង​ពេក​អី ត្រឹម​តែ​យក​គេ​មក​ជំរុញ​ទឹក​ចិត្ត និង​បំផុស​ទឹក​ចិត្ត​យើង​បាន​ហើយ។

កាត​ទី ២

2

អ្នក​ហាក់​កំពុង​ស្ថិត​ក្នុង​ការ​សម្រេច​ចិត្ត​មួយ​ដ៏​លំបាក ព្រោះ​វា​ត្រូវ​ឆ្លង​កាត់​ការ​បែងចែក​រវាង​បេះដូង និង​ខួរក្បាល។ ក្នុង​ស្ថានភាព​នេះ អ្នក​មិន​អាច​ដំណើរការ​វា​ស្រប​គ្នា​បាន​ឡើយ។

យើង​ពិបាក​នឹង​ណែនាំ​ទៅ​កាន់​អ្នក​ដែរ ព្រោះ​បញ្ហា​មនុស្ស​យើង​ម្នាក់ៗ​គឺ​រមែង​ខុស​ពី​គ្នា។ ចូរ​ថ្លឹងថ្លែង​ឲ្យ​បាន​ច្បាស់ ហើយ​សម្រេច​ចិត្ត​ដោយ​មិន​មាន​ការ​ស្តាយក្រោយ រួច​បញ្ហា​ដែល​នឹង​កើត​ឡើង​នៅ​ពេល​បន្ទាប់ សឹម​ប្រឈម​តតាំង​វា​តាម​ក្រោយ​ទៀត។

កាត​ទី ៣

3

អ្នក​ហាក់​មាន​ការ​ខឹងសម្បា មាន​ការ​ច្រណែន ដែល​គ្រប់​យ៉ាង​ដែល​អ្នក​ចង់​បាន រមែង​ធ្លាក់​ទៅ​ក្នុង​ដៃ​អ្នក​ដទៃ។ អ្វី​ដែល​អ្នក​ចង់​បាន បែរ​ជា​មិន​អាច​យក​បាន ទាំង​អាជីព​ការងារ និង​ទំនាក់ទំនង​ស្នេហា។

អារម្មណ៍​នេះ​អ្នក​ពិត​ជា​ពិបាក​នឹង​បកស្រាយ ពិបាក​នឹង​ប្រាប់​ទៅ​កាន់​មនុស្ស​ជុំវិញ​ខ្លួន ហើយ​ត្រឹម​បៀម​វា​ទុក​ក្នុង​ចិត្ត​ម្នាក់​ឯង។ យ៉ាង​ណា​កុំ​បោះបង់​ឆន្ទៈ និង​មហិច្ឆតា​របស់​អ្នក​អី ចូរ​សម្លឹង​ទៅ​ក្រោយ​បន្តិច មើល​អ្វី​ដែល​អ្នក​បាន​សម្រេច​ទាំង​អស់​នោះ​មក ហើយ​គិត​ជា​ថ្មី តើ​គួរ​បោះបង់​វា​ចោល​ ឬ​សម្រាក​បន្តិច សឹម​បន្ត​ដំណើរ​ទៅ​មុខ​ទៀត?

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក