Golden Hour ឬយើងនិយមហៅថា "ម៉ោងមាស" គឺសំដៅទៅពេលវេលាដ៏សក្តិសមនិងល្អបំផុត ក្នុងការសម្រេចធ្វើរឿងអ្វីមួយ។ សម្រាប់ការទទួលទានអាហារពេលល្ងាច ដែលជាសកម្មភាពប្រចាំថ្ងៃក៏ជារឿងដែលត្រូវយកចិត្តទុកដាក់មួយដែរ ជាពិសេសសម្រាប់អ្នកដែលខ្វាយខ្វល់ពីទម្ងន់រាងកាយ។
ប្រសិនអ្នកចង់រក្សាទម្ងន់ខ្លួនឲ្យនៅល្អ ឬចង់សម្រកទម្ងន់ អ្នកត្រូវអនុវត្តរបៀបទទួលទានអាហារពេលល្ងាចតាម ៣ ចំណុចខាងក្រោម៖
៣) ពេលវេលាល្អដែលគួរទទួលទាន
មិនចេះតែទទួលទានតាមតែចិត្តចង់នោះទេ ព្រោះវាប៉ះពាល់នឹងចង្វាក់នៃការគេងរបស់អ្នក។ លើសពីនេះបើអ្នកបរិភោគយប់ពេក ក៏ធ្វើឲ្យប្រព័ន្ធរំលាយអាហារដំណើរការមិនបានល្អ ទៅជាស្តុកខ្លាញ់លើសនៅក្នុងខ្លួន។
យោងទៅតាមអ្នកជំនាញបានណែនាំថា អ្នកគួរតែទទួលទានអាហារពេលល្ងាចនៅចន្លោះពីម៉ោង ៦ ល្ងាចទៅ ម៉ោង ៩ យប់។ ម៉ោងល្អបំផុត (Golden Hour) គឺ ៦:៣០ នាទីល្ងាច។ ក្បួននេះគេជឿថា អាចសម្រក់ទម្ងន់បានយ៉ាងមានប្រសិទ្ធភាព ពោលជៀសវាងទទួលទាននៅក្រោយម៉ោង ១០ យប់។
២) គម្លាតពេលរវាងបាយថ្ងៃនិងល្ងាច
អាហារថ្ងៃត្រង់និងអាហារពេលល្ងាច អ្នកក៏គួរតែខណ្ឌពេលវាឲ្យឆ្ងាយពីគ្នាដែរ យ៉ាងហោចណាស់ក៏ ៤-៥ ម៉ោងដើម្បីឲ្យមានការរំលាយអាហារបានល្អ មុនពេលអ្នកបំពេញក្រពះសារជាថ្មី។
មនុស្សភាគច្រើនទទួលទានបាយថ្ងៃត្រង់នៅម៉ោង ១២ រសៀល ហើយបាយល្ងាចនៅម៉ោង ៧-៨ យប់ នោះហើយគឺល្អបំផុត រីឯពេលចន្លោះម៉ោង ៣ ទៅ ៤ ត្រឹមតែអាហារសម្រន់បន្តិចបន្តួចបានហើយ។
១) ពេលវេលាទទួលទានអាហារពេលព្រឹក និងល្ងាច
អ្នកគួរតែទទួលទានអាហារពេលព្រឹកនៅម៉ោង ៧-៨ ព្រឹក ព្រោះក្រោយរាងកាយគេងលក់យូរហើយ គឺត្រូវបំពេញថាមពលត្រលប់មកវិញ។
ប្រសិនជាអ្នកភ្ញាក់ក្រោយម៉ោង ៨ នោះអាចថាទទួលទានម៉ោង ១០ ក៏ល្អដែរ ព្រោះវានឹងក្លាយទៅជាអាហារពេលព្រឹកលាយពេលថ្ងៃ ដូច្នេះបាយថ្ងៃគួរតែធ្វើឲ្យបានមុនម៉ោង ៤ រសៀល ដើម្បីធានាថាសល់ពេល ៤-៥ ម៉ោងមុនទទួលទានបាយល្ងាច៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក