#កុំចំណាយពេលឈ្លោះជាមួយលា
ថ្ងៃមួយសត្វខ្លា និងសត្វលា បានជួបគ្នា ហើយប្រកែកគ្នាយ៉ាងខ្លាំង
-សត្វលាបាននិយាយទៅកាន់សត្វខ្លាថា៖ « ស្មៅ មានពណ៌ខៀវផ្ទៃមេឃ » ។
-ខ្លាឆ្លើយប្រកែកថា៖ « ទេស្មៅ ពណ៌បៃតង » ។
ក្រោយប្រកែកចុះឡើងៗរកខុសត្រូវមិនឃើញ និងមិនមានអ្នកណាចុះចាញ់ ពួកគេបានទៅប្តឹងតោ ដែលជាស្តេចសត្វ។ តោបាននៅកណ្តាលចាំកាត់សេចក្តី ដោយលាបានស្រែកសួរស្តេចតោដោយអំនួតថា « ស្តេចតោដ៏ខ្ពង់ខ្ពស់អើយ តើស្មៅពិតជាមានពណ៌ខៀវផ្ទៃមេឃមែនឬក៏អត់?!
ស្តេចតោ បានឆ្លើយតបថា៖ « ពិតហើយ ស្មៅពិតជាមានពណ៌ខៀវផ្ទៃមេឃមែន»
សត្វលាត្រេកអរជាខ្លាំង ហើយសំណូមពរថា៖ « ស្តេចតោអើយ ខ្លាមិនយល់ស្របនឹងខ្ញុំហើយចេះតែប្រកែកនឹងខ្ញុំរហូត សូមស្តេចដាក់ទោសខ្លាទៅ »។ ពេលនោះស្តេចតោ ក៏បាននិយាយថា « បាន យើងនឹងដាក់ទោស ឱ្យ ខ្លា ត្រូវតែនៅស្ងប់ស្ងាត់ហាមនិយាយស្តីរយៈពេល ៥ឆ្នាំ ទៅចុះ»។
សត្វលា លោតចុះលោតឡើងយ៉ាងសប្បាយរីករាយ ហើយចាកចេញទៅដោយនិយាយទន្ទេញម្នាក់ឯងដដែលៗថា « ស្មៅ ពណ៌ខៀវផ្ទៃមេឃៗៗៗៗ » ។
សត្វខ្លាបានទទួលយកការដាក់ទណ្ឌកម្ម នោះ តែដោយមិនអស់ចិត្តបានសួរទៅស្តេចតោថា ៖ « ស្មៅពិតជាមានពណ៌បៃតងមែន ហេតុអ្វីស្តេចតោ បែរជាថាខ្ញុំខុស ហើយដាក់ទណ្ឌកម្មខ្ញុំ? » ។
តោឆ្លើយថា៖ « មែនហើយ ស្មៅពិតជាមានពណ៌បៃតងមែន វាគ្មានអ្វីដែលគួរតែគិត និងសង្ស័យនោះទេ។ ហើយការដែលខ្ញុំដាក់ដាក់ទណ្ឌកម្មឯងនោះ គឺដោយសារតែឯងជាសត្វដែល ពូកែ មានកម្លាំង និងឆ្លាតវៃ បែរជាចំណាយពេលវេលាខ្ជះខ្ជាយឈ្លោះប្រកែកជាមួយសត្វលា ដែលជាសត្វល្ងង់ខ្លៅទៅវិញ។ ហើយដែលខ្ញុំយល់ស្របនឹងសត្វលា ព្រោះវាជាសំណួរដែលរំខានខ្ញុំណាស់ ហើយខ្ញុំចង់ឱ្យរឿងវាចប់ឆាប់ៗប៉ុណ្ណោះ » ។
មេរៀន៖ ការចំណាយពេលវេលាដ៏ខ្ជះខ្ជាយ និងអត់ប្រយោជន៍បំផុតនោះ គឺការឈ្លោះប្រកែកជាមួយមនុស្សល្ងីល្ងើ ល្ងង់ខ្លៅ និងមនុស្សឆ្កួតឡប់ ដែលមិនខ្វល់អំពីការពិត ឬមិនពិតនោះទេ ប៉ុន្តែអ្វីដែលពួកគេចង់បាន គឺការប្រកែកយកឈ្នះ អំនួត និងជឿជាក់លើខ្លួនឯងពេកដោយមិនខ្វល់ពីគំនិតអ្នកដទៃ។
ដូច្នេះ កុំខ្ជះខ្ជាយពេលវេលាលើមនុស្សប្រភេទនេះ និងរឿងដែលអត់ប្រយោជន៍មិនសមហេតុផលអី ... មនុស្សខ្លះ ទោះយើងនិយាយស្រួលៗ មានហេតុផល និងអំណះអំណាងបែបណា ក៏គេមិនស្តាប់ចូលត្រចៀកដែរ ពួកគេចង់ឈ្នះដោយហ៊ានបិទភ្នែកបិទត្រចៀកមិនទទួលស្គាល់ការពិត ដោយយកការមានៈចង់ឈ្នះ ការច្រណែនឈ្នានីស និងការស្អប់មកបាំងមុខ ហើយទោះអ្នកត្រូវ ក៏គេអាចប្រកែកយកឈ្នះថាមិនត្រឹមត្រូវដែរ។
ត្រូវចាំថាចំពោះមនុស្សខ្លះ និងរឿងខ្លះ នៅស្ងាត់ៗមិនតបតគឺជាអ្នកឆ្លាត ឯអ្នកស្រែកប្រកែកឡូឡាគ្មានទិសតំបន់គឺជាមនុស្សល្ងង់ខ្លៅបំផុត.... ការរក្សាសន្តិភាព និងរក្សាភាពស្ងប់ស្ងាត់ គឺមានតម្លៃជាងឆ្ងាយណាស់!
Credit: Srinivas Jakkula
ប្រែសម្រួល #ចែធំ #កវីលាក់ស្នេហ៍ប្រលោមលោក
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក