ជាក្បូនតាំងពីបុរាណ ដែលចាស់ៗត្រឹមសង្កេតមើលទម្រង់ត្រចៀករបស់អ្នក ក៏អាចទស្សន៍ទាយដឹងពីជោគវាសនារបស់អ្នកទៅថ្ងៃខាងមុខបានដែរ។ ចូរផ្ទៀងផ្ទាត់មើល តើអ្នកស្ថិតនៅលេខប៉ុន្មានដែរ?
១) អ្នកមានត្រចៀកធំ និងខ្សែបន្ទាត់ហូរចុះមកក្រោម
អ្នកដែលមានត្រចៀកធំ ច្រើនតែគេវាយតម្លៃថា ជាមនុស្សឆ្លាត និងមានមុខតំណែងធំ។ យ៉ាងណាយើងមើលទៅខ្សែចង្អូរដែលហូរចុះមកនោះ បើវាជាបន្ទាត់ដែលធ្លាក់មកតាមទម្រង់មុខ គេហៅបន្ទាត់ជាប់ នោះអ្នកកាន់តែមានបានខ្លាំងទៅថ្ងៃអនាគត។
មនុស្សនេះរហ័សរហួន ស្វាហាប់ ហើយហ៊ានប្រថុយ ដើម្បីសម្រេចគោលដៅជីវិតរបស់ពួកគេ។ ដោយសារតែឆន្ទៈ និងការប្តេជ្ញាចិត្តខ្ពស់នេះហើយ ទើបនាំឲ្យមនុស្សមានទម្រង់ត្រចៀកចំណុចទី ១ រមែងមានជីវិតរុងរឿង និងមានផ្លូវលុយបើកធំទូលាយ ពោលមិនសូវជាជួបបញ្ហាអ្វីឡើយ។
២) អ្នកមានត្រចៀកតូច
តាមនរវិទ្យា អ្នកដែលមានត្រចៀកតូច តែងតែមានការគិតល្អិតល្អន់ខ្លាំងពេក ដែលនាំឲ្យបាត់បង់ឱកាសក្នុងជីវិតជារឿយៗ។ មនុស្សនេះមិនសូវឆ្លាតទេ តែមានការប្រយ័ត្នជ្រុល ទើបពេលខ្លះឱកាសមកហើយ ពួកគេបែរជាខ្លាច បែរជាមិនក្លាហាននឹងចាប់យកវាទៅវិញ។ ប្រសិនជាមានបាន ក៏ត្រឹមតែមួយរស់ៗ នៅកម្រិតមធ្យម ពោលមិនជាឡើងកូដខ្លាំងដូចទម្រង់ត្រចៀកផ្សេងឡើយ។
៣) អ្នកដែលមានត្រចៀកខ្ពស់ជាងចិញ្ចើម
មិនងាយមានទេ ហើយបើអ្នកស្ថិតនៅប្រភេទទី ៣ នេះ យើងសូមចូលរួមអបអរសាទរ ព្រោះអ្នកជាមនុស្សដែលអាចមានជោគជ័យធំធេងនៅថ្ងៃខាងមុខ។
ដោយសារតែមនុស្សនេះឈ្លាសវៃ រហ័សរហួន ហើយមានចក្ខុវិស័យច្បាស់លាស់ យូរអង្វែងទៅពេលខាងមុខ។ ជាទូទៅពួកគេរមែងមានមុខមាត់ក្នុងសង្គម មានមុខតំណែងធំ ហើយអាចរស់នៅសុខស្រួលពេលចាស់ទៅ។
៤) អ្នកដែលមានត្រចៀកស្តើងដូចប្រជៀវ
អ្នកដែលមានត្រចៀកស្តើងដូចត្រចៀកប្រជៀវ និងសត្វកណ្តុរ គឺជាមនុស្សដែលមានជីវិតច្របូកច្របល់ ជួបរឿងមិនល្អច្រើន។ មនុស្សនេះមិនសូវចេះអត់ធ្មត់ទេ ធ្វើឲ្យពួកគេពិបាកក្នុងការសម្រេចកិច្ចការធំ។
បើមានលុយក៏មិនសូវចេះគ្រប់គ្រងនិងចាយវាយឲ្យត្រូវគោលដៅដែរ ពោលរមែងបាត់បង់ទៅវិញត្រឹមរយៈពេលខ្លី៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក