ជាទូទៅនៅពេលដែលសួតរបស់មនុស្សយើងម្នាក់ៗរងការខូចខាត ឬលែងដំណើរការល្អ នោះរាងកាយនឹងបញ្ចេញសញ្ញា ៥ នេះមក ដែលយើងអាចសង្កេតមើលបាន៖
៥) ឈឺទ្រូង
នៅពេលដែលមុខងារសួតចុះខ្សោយ សញ្ញាបង្ហាញមុនគេគឺតឹងទ្រូង ឈឺទ្រូង នោះក៏ដោយសារតែប្រព័ន្ធឈាមរត់ និងប្រព័ន្ធដកដង្ហើមវាដំណើរការមិនដល់គ្នាដូចមុន។ រាងកាយកំពុងធ្លាក់ចុះទៅក្នុងស្ថានភាពខ្វះអុកស៊ីហ្សែន នាំឲ្យចរន្តឈាមមិនអាចរត់បានប្រក្រតី។
៤) បន្តក្អកច្រើនថ្ងៃជាប់
ការក្អក វាជាសញ្ញាព្រមានផ្សេងៗគ្នា តែបើការក្អកនេះបន្តជាប់រយៈពេលច្រើនថ្ងៃ ឬយូរ មិនឃើញចុះថយសោះ អ្នកគួរតែប្រញាប់ទៅរកពេទ្យជាបន្ទាន់ ព្រោះនេះអាចប៉ះពាល់ដល់ផ្នែកសួតហើយ។
៣) ពិបាកដកដង្ហើម
ដង្ហើមខ្លី ដកដង្ហើមញាប់ៗ វាក៏ជាសញ្ញាព្រមាន ថាសួតកំពុងមានបញ្ហាដូចគ្នា។ តាមការបញ្ជាក់របស់អ្នកជំនាញនៅសហរដ្ឋអាមេរិកបានឲ្យដឹងថា ពេលអ្នកដកដង្ហើមមកខ្លីៗ គឺជាសញ្ញាបង្ហាញមកថា សួតរបស់អ្នកហាក់ផ្ទុកលើសទម្ងន់ សម្ពាធខ្យល់ច្រើនពេក នាំឲ្យថប់ទ្រូង។ មួយផ្សេងទៀតការដកដង្ហើមញាប់ៗ មិនចង់ដល់គ្នា ដ្បិតមិនបានធ្វើសកម្មភាពអ្វីខ្លាំង ក៏ជាសញ្ញាអាក្រក់ដែរ។
២) ហើមម្រាមដៃ
ម្រាមដៃផ្លាស់ប្តូរទម្រង់ ដោយផ្នែកខ្លះធំតូចខុសធម្មតា មើលទៅដូចជាហើម ឬសភាពក្រចកដុះមកគ្របជិតផ្ទៃម្រាម វាក៏ជាសញ្ញាព្រមាននៃជំងឺសួត និងបេះដូងផងដែរ។ នោះក៏ដោយសារការបញ្ជូនអុកស៊ីហ្សែនមកកាន់ម្រាមដៃ ធ្វើទៅមិនបានគ្រប់គ្រាន់ នាំឲ្យក្រចកឡើងហើម។
១) ស្រកទម្ងន់គ្មានមូលហេតុ
ក្នុងករណីដែលសុខៗរាងកាយស្រកទម្ងន់ដោយគ្មានមូលហេតុ នោះអាចជាសញ្ញាព្រមាននៃជំងឺជាច្រើន។ ប៉ុន្តែមួយក្នុងចំណោមនោះ ក៏អាចពាក់ព័ន្ធនឹងជំងឺរលាកសួតមួយផងដែរ។
គួរឲ្យដឹងថា ពាក់ព័ន្ធនឹងមូលហេតុអាចវិវត្តទៅជាជំងឺសួត ឬជំងឺរលាកសួត ភាគច្រើនគឺមកពីការស្រូបយកខ្យល់បរិយាកាសខាងក្រៅមិនល្អ ឬការហុយចូលនៅធូលី បាក់តេរី មេរោគ ឬផ្សិត ហើយអ្នកដែលងាយរងផលប៉ះពាល់បំផុត រួមមានមនុស្សវ័យចំណាស់អាយុ ៦៥ ឆ្នាំឡើងទៅ ឬក្មេងដែលស្ថិតនៅអាយុក្រោម ៥ ឆ្នាំ និងចុងក្រោយគឺមនុស្សដែលរមែងជក់បារី ឬនៅក្បែរស្រូបផ្សែងបារីជាប្រចាំ។
ដូច្នេះប្រសិនអ្នកជួបអាការៈដូចរៀបរាប់ខាងលើ យកល្អអ្នកគួរតែឆ្លៀតពេលទៅពិគ្រោះជាមួយគ្រូពេទ្យនិងអ្នកជំនាញដើម្បីដឹងឲ្យកាន់តែច្បាស់ និងរកវិធីព្យាបាល៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក