ថ្មីៗនេះដោយសារតែបញ្ហាចម្រូងចម្រាស់រវាងប្រទេសកម្ពុជា និងថៃ ទាក់ទងនឹងការសាងសង់សំណង់ប្រាសាទស្រដៀងនឹងប្រាសាទអង្គរវត្ត បានធ្វើឱ្យប្រទេសខ្មែរ និងថៃមានបញ្ហាល្អក់កកររវាងគ្នានឹងគ្នាជាខ្លាំង មិនទាន់រកដំណោះស្រាយឃើញនៅឡើយទេ។
នៅក្នុងនោះប្រជាជនកម្ពុជាជាច្រើនរូបបានងើបឈរឡើងជាឆន្ទៈតែមួយ ក្នុងគំនិតស្នេហាជាតិ និងវប្បធម៌ ប្រឆាំងនឹងការចម្បងវប្បធម៌អរិយធម៌បែបនេះ រហូតធ្វើឱ្យខ្មែរ និងថៃបង្ហោះសារឌឺដងគ្នាទៅវិញទៅមក រហូតលេចមានពាក្យអសុរោះផងដែរ។
មិនអាចមើលឃើញនឹងភ្នែក និងមានគំនិតស្នេហាជាតិផងនោះ ពេលនេះសូម្បីតែគណនីហ្វេសប៊ុកផេករបស់ជនជាតិខ្មែរ ដែលធ្លាប់តែផុសគាំទ្រតារាថៃនោះ ក៏បានចេញមកធ្វើពហិការ បន្តៗគ្នាឈប់បង្ហោះពីតារាថៃបន្តទៅទៅទៀតនោះដែរ ដោយមានផេកខ្មែរគាំទ្រតារាថៃមួយចំនួនផុសបកស្រាយពីបញ្ហាក្តៅគគុកពីប្រាសាទរបស់ខ្មែរ ក៏មានជនជាតិថៃនាំគ្នាធ្វើការ Report Facebook Page ទៀតផង នាំឱ្យមានបញ្ហាល្អក់កករកាន់តែខ្លាំងឡើង។
ក្រៅពីធ្វើពហិកាមិនបង្ហោះពីតារាថៃបន្តទៅទៀត ផេកគាំទ្រតារាថៃខ្លះក៏បានដកខ្លួនឈប់ដំណើរការផេកពីតារាថៃបន្ត ឯផេកខ្លះក៏បានរៀបរាប់ថានឹងធ្វើការប្តូរឈ្មោះផេក ទៅប្រើប្រាស់នៅក្នុងផ្សព្វផ្សាយពីប្រទេសកម្ពុជា និងកន្លែងកម្សាន្តប្រទេសកម្ពុជា ដែលមានប្រយោជន៍ចំពោះប្រទេសជាតិវិញ។
គួរឱ្យដឹងផងដែរថា ក្រោយមានផេកគាំទ្រតារាថៃចូលរួមឈប់គាំទ្រតារាថៃបែបនេះ ធ្វើឱ្យគ្រប់គ្នាលាន់មាត់សរសើរៗនូវទឹកចិត្តស្នេហាជាតិបែបនេះជាខ្លាំង ហើយវាក៏ជាការបើកផ្លូវឱ្យវិថីសិល្បៈខ្មែរឈានជើងទៅមុខបន្តទៅមុខទៀតកាន់តែល្អប្រសើរឡើង ទោះជាមិនទាន់ល្អខ្លាំងដូចប្រទេសជិតខាងយ៉ាងណាក៏ដោយ។ ដូច្នេះចង់ឱ្យសិស័យសិល្បៈ និងភាគយន្តខ្មែររស់ លុះត្រាណាអ្នកគាំទ្រក្នុងស្រុកមានសន្ទុះ ទេីបផលិតករ អ្នកនិពន្ធកាន់តែមានកម្លាំងចិត្តបន្ថែមទៀត៕