មនុស្សស្រីមួយចំនួនមានស្បែកមុខ ឬស្បែកខ្លួនស្អាតពីធម្មជាតិហើយ លុះចង់សាកនេះសាកនោះ ប៉ះប៉ូវចុះឡើងច្រើនពេក ក៏ធ្វើឲ្យស្បែកខូចដោយមិនដឹងខ្លួន។ យូរទៅការចំណាយក៏កាន់តែច្រើន ផលិតផលគួរឲ្យទុកចិត្តក៏គ្មាន ហើយបាត់បង់អំណោយទានសម្រស់ពីធម្មជាតិមកទៀត។
សម្រាប់នារីៗគួរបោះចោលនៅទម្លាប់ខាងក្រោម ៤ ដែលអាចបំផ្លាញស្បែកដែលស្រស់ស្អាតពីធម្មជាតិរបស់អ្នកបាន៖
៤) ការប្រើប្រាស់ទឹកលាងសម្អាត (Makeup Remover)
ការជ្រើសរើសទឹកលាងសម្អាតគ្រឿងសំអាង (Makeup Remover) គឺជារឿងដែលអ្នកត្រូវយកចិត្តទុកដាក់បំផុត ព្រោះផលិតផលខ្លះវាងាយនឹងធ្វើឲ្យស្បែកអ្នកស្ងួត រលាក ឡើងហើម និងស្ទះរន្ធញើស។ ដូច្នេះហើយគួរពិគ្រោះជាមួយអ្នកជំនាញក្នុងការជ្រើសរើសផលិតផល មិនគួរចេះតែប្រើប្រាស់តាមចិត្តនោះទេ ព្រោះស្បែកមុខមនុស្សយើងគឺខុសគ្នា។
៣) ចន្លោះប្រហោងការលាបឡេការពារកម្តៅថ្ងៃ
ទោះអ្នករវល់ប៉ុណ្ណា ឬមិនបានចេញទៅខាងក្រៅក៏ដោយ អ្នកគួរមានទម្លាប់លាបឡេការពារកម្តៅថ្ងៃ SPF ដើម្បីការពារស្បែកពីកាំរស្មីដែលបង្កដោយពន្លឺះព្រះអាទិត្យ។ ជាពិសេសសម្រាប់អ្នកឧស្សាហ៍ទៅខាងក្រៅ គួរលាបវាលើស្បែកមុនរយៈពេល ១៥ នាទី។
ចន្លោះប្រហោងនេះហើយ ដែលយូរទៅអ្នកនឹងជួបបញ្ហាស្បែកស្ងួត ឡើងកន្ទួល ឬវិវត្តទៅជំងឺមហារីកស្បែក ហើយពុំបានទទួលការសំយោគវីតាមីន D មកចូលស្បែក ដូចការលើកឡើងរបស់មនុស្សមួយចំនួននោះទេ។
២) សំឡីលាងសម្អាត
ការជ្រើសរើសសំឡីលាងសម្អាត ក៏ដូចគ្នាទៅនឹងទឹកលាងសម្អាតមុខ ប្រសិនវាប្រភេទស្បែករាងក្រាស់ ឬស្តើងពេក អាចធ្វើឲ្យផ្ទៃមុខឡើងកន្ទួល ហើយអ្នកនៅបន្តប្រើប្រាស់ ដោយមិនរកឃើញមូលហេតុ នោះផ្ទៃមុខដែលធ្លាប់តែរលោង នឹងកើតជាបញ្ហាដែលដោះស្រាយមិនចេញ។
១) ប្រើគ្រឿងសម្អាងតាមអំពើចិត្ត
គ្រឿងសម្អាងមនុស្សស្រីមានរាប់សិបមុខរាប់មិនអស់ ហើយគ្មានថ្ងៃមនុស្សប្រុសយល់អស់នោះទេ។ ហេតុនេះហើយស្រីៗគួរតែយកចិត្តទុកដាក់នៅគ្រប់ប្រភេទគ្រឿងសម្អាងដែលខ្លួនយកមកប្រើប្រាស់ ជាពិសេសពាក់ព័ន្ធនឹងការថែរក្សាស្បែកមុខផ្ទាល់តែម្តង។
គួរមើលថាវាត្រូវនឹងស្បែកមុខរបស់អ្នកដែរទេ? ត្រូវនឹងតម្រូវការដែលអ្នកចង់បានឬអត់? ផលិតផលម៉ាកអ្វីគួរឲ្យទុកចិត្តដែរអត់? ការជ្រើសរើសខុស នឹងនាំឲ្យអ្នកខាតបង់ទាំងថវិកានិងខូចស្បែកធម្មជាតិរបស់អ្នកថែមទៀត៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក