មនុស្សប្រុសដែលគេច្បាស់លាស់នឹងអ្នក ពាក្យដែលគេនិយាយទៅមួយម៉ាត់ៗគឺមានន័យណាស់ ព្រោះគ្រប់ពាក្យស្មើនឹងទង្វើដែលធ្វើ មិនមែននិយាយហើយធ្វើមិនបាននោះទេ។ ក្នុងទំនាក់ទំនងស្នេហារវាងមនុស្សពីរនាក់ បើខាងប្រុសបាននិយាយពាក្យ ៥ ឃ្លានេះចេញមក នោះជឿថា មនុស្សស្រីដែលជាដៃគូរបស់គេ ប្រាកដជាញញឹមបិទមាត់មិនជិតឡើយ ហើយវាពាក្យដែលធ្វើឲ្យបេះដូងមានកម្តៅឆេះឡើងខ្ពស់បំផុត៖
៥) បងតាមរកអូន
នៅពេលដែលគេបាត់អ្នកមិនបាន សួរនាំរកអ្នកមិនឃើញ គេព្យាយាមតាមស្វែងរកអ្នក នោះហើយស្មើនឹងគេស្រលាញ់អ្នកខ្លាំងណាស់។ គេមិននៅស្ងៀម ធ្វើហៃអើមិនខ្វល់ពីអ្នកកើតនោះទេ ព្រោះអ្នកជាមនុស្សស្រីដែលសំខាន់បំផុតសម្រាប់គេ។
៤) បងទិញវាសម្រាប់អូនជាពិសេស
មនុស្សប្រុសអាចទិញរបស់ជាច្រើនសម្រាប់នារីដែលខ្លួនស្រលាញ់វាជារឿងធម្មតាហើយ ប៉ុន្តែបើអ្វីដែលគេទិញ គេស៊ូអត់ ស៊ូខ្វះខាតខ្លួនឯង ដើម្បីតែចំណូលចិត្តនិងការចង់បានរបស់អ្នក នោះស្មើនឹងគេលះបង់ធំបំផុតហើយ។
មិនចាំបាច់តែអ្នកប្រាប់គេត្រង់ទេ ថាអ្នកចង់បានអ្វី ធម្មជាតិមនុស្សស្រលាញ់គ្នា យល់ចិត្តគ្នា គេដឹងច្បាស់ហើយថាគួរទិញអំណោយអ្វីសម្រាប់អ្នក។ ដ្បិតគេមិនមែនជាអ្នកមាន តែគេអាចឲ្យអ្នករស់នៅក្នុងជីវិតដូចជាព្រះនាងបាន នោះហើយជាបុរសដែលនារីគ្រប់រូបប្រាថ្នា។
៣) តុះត្រលប់ទៅផ្ទះអូន
គេចាំជូនអ្នកត្រលប់ទៅផ្ទះវិញ ឃើញវត្តមានរបស់អ្នកដល់ទ្វារមុខផ្ទះ ទើបគេអស់ចិត្ត ស្មើនឹងគេបារម្ភ គិតពីសុខទុក្ខអ្នកដូចជាសមាជិកគ្រួសារមួយរបស់គេអ៊ីចឹង។
២) បងឈ្នះគ្រប់យ៉ាង តែមិនអាចឈ្នះអូន
ពេលមានអារម្មណ៍មិនល្អ ពេលឈ្លោះប្រកែកគ្នា គេព្រមចាញ់អ្នក ទាំងដែលដឹងថារឿងនោះ គេមិនខុសផងនោះ អ្នកជាមនុស្សស្រីសំណាងបំផុតហើយ។ បុរសប្រភេទនេះអាចឈ្នះមនុស្សគ្រប់គ្នាលើលោក តែជាមួយព្រះនាងរបស់គេដែលជាចំណែកសំខាន់ក្នុងជីវិត គេក៏ព្រមចាញ់ជារៀងរហូតទៅ។
១) បងចង់រៀបការនឹងអូន
ពាក្យថា "រៀបការ" នៅពេលដែលមនុស្សពីរនាក់ស្រលាញ់គ្នាខ្លាំង និយាយវាចេញមក ក៏ដល់ពេលដែលទឹកភ្នែកនឹងហូរមកឯង។ អារម្មណ៍មួយនេះ មានតែអ្នកដែលស្ថិតក្នុងទំនាក់ទំនងនោះផ្ទាល់ទេទើបយល់ច្បាស់ វាជាពេលវេលាដែលមនុស្សស្រីមានអារម្មណ៍ថារីករាយ រំភើប និងចងចាំទុកអស់មួយជីវិតទៅ។ សម្រាប់ខាងបុរស គេក៏បានត្រៀមខ្លួនរួចរាល់ហើយក្នុងការធ្វើជាស្វាមីល្អម្នាក់ ឪពុកល្អម្នាក់ មុននឹងគេនិយាយពាក្យថាចង់រៀបការ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក