ក្រោយចេញពីធ្វើការ ឬបំពេញកិច្ចការងាររកស៊ីរួចរាល់ ពេលព្រលប់គាត់មិនដែលចង់ត្រលប់មកផ្ទះនោះទេ ហើយតែងតែគេចពីផ្ទះជាញឹកញាប់ តើនោះមកពីមូលហេតុអ្វី?
តាមការស្រង់មតិ ហេតុផលនៅពីក្រោយបញ្ហាប្តីមិនចូលចិត្តចូលផ្ទះ ជួបប្រពន្ធកូន អាចមកពីចំណុច ៣ ដូចខាងក្រោម៖
៣) វត្តមានរបស់គាត់មិនសូវមានអ្នកខ្វល់
ប្រហែលជាគាត់មានអារម្មណ៍ថា ពេលគាត់មកដល់មិនសូវមានអ្នកយកចិត្តទុកដាក់ មិនសូវមានអ្នកខ្វាយខ្វល់ពីគាត់ យូរទៅគាត់ក៏មិនដឹងថាត្រូវត្រលប់មកផ្ទះធ្វើអី។ តាមពិតទៅក្នុងគ្រួសារ អ្នកក៏គួរតែបង្រៀនកូនឲ្យមានពេលវេលាកក់ក្តៅជាមួយឪពុកខ្លះ ហើយខ្លួនអ្នកផ្ទាល់ក៏ដូចគ្នាទោះហត់នឿយ ឬមានអារម្មណ៍មិនល្អបែបណា ក៏គួរតែចំណាយពេលសួរនាំប្តី មិនគួរអើពើមិនដឹងមិនលឺនឹងគាត់ឡើយ។
២) គ្មានអារម្មណ៍ថាត្រូវបានគេគោរព ឲ្យតម្លៃពេលទៅដល់ផ្ទះ
នៅកន្លែងធ្វើការមានឋានៈមានមុខមាត់ គេគោរពគេកោតខ្លាច តែពេលមកដល់ផ្ទះលឺតែសំឡេងស្រែកឈ្លោះគ្នា ហើយអ្នកជាប្រពន្ធក៏មិនបង្ហាញការឲ្យតម្លៃស្វាមី នោះគ្មានបុរសណាដែលអាចបន្តនៅរបៀបហ្នឹងទៀតទេ។
បើអ្នកហត់ អ្នកចង់ឲ្យគាត់ជួយសម្រាលបន្ទុកការងាររបស់អ្នកខ្លះ ចូរអ្នកនិយាយពាក្យលួងលោមថ្នមៗទៅកាន់គាត់ បង្ហាញការគោរព និងស្តាប់គ្នាទៅមក ជឿទៅគ្មានបុរសណាដែលដាច់ចិត្តមិនជួយនោះទេ លុះត្រាតែគេនោះមិនស្រលាញ់អ្នកសោះ។
១) គាត់ជួបបញ្ហាស្មុគស្មាញខ្លាំងនៅកន្លែងការងារ
បុរសខ្លះនៅពេលដែលស្មុគនៅកន្លែងការងារខ្លាំងពេក គាត់ក៏មិនចង់នាំទុក្ខមកឲ្យគ្រួសារបានដឹងលឺ ជាពិសេសគឺប្រពន្ធកូន ហើយស៊ូវេចស្ពាយសោកសង្រេងទាំងឡាយ ទៅឲ្យឆ្ងាយតែម្នាក់ឯង។ យ៉ាងណាទង្វើនេះ រាប់ថាមិនល្អនោះទេ ព្រោះអាចធ្វើឲ្យប្រពន្ធកូនបារម្ភ គ្រាន់ថាអ្នកក៏គួរតែដឹងពីសម្ពាធការងាររបស់គាត់ខ្លះដែរ មិនសុទ្ធតែគ្រប់ពេលដែលគាត់មិនចូលផ្ទះ គាត់ទៅខូចខិលជាមួយនរណាឡើយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក