តែបៃតងត្រូវបានគេនិយាយតៗគ្នាថា ជាភេសជ្ជៈដែលផ្តល់ប្រយោជន៍ជាច្រើនដល់រូបរាងកាយ។ វាផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើនមុខ ដែលអាចជួយដល់សុខភាពរបស់យើងព្រមទាំង អាចជំនួយដល់ការគិត បញ្ចុះជាតិខ្លាញ់ ការពារពីជំងឺមហារីក និងកាត់បន្ថយហានីភ័យនៃជំងឺបេះដូង។ ខាងក្រោមនេះជាសារៈប្រយោជន៍ដែលបានពីការទទួលទានតែបៃតង ៖
១. ផ្ទុកសារធាតុសកម្មជាច្រើនជួយដល់សុខភាព
នៅក្នុងតែបៃតង វាជាភេសជ្ជៈបំបាត់ភាពស្រេកទឹក តែក៏បានផ្ទុកសារធាតុសមាសជាច្រើន ដែលអាចផ្តល់អត្ថប្រយោជន៍ដល់រូបរាងកាយរបស់យើង នៅក្នុងនោះ តែបៃតងវាសម្បូរទៅដោយ polyphenols ដែលជាធម្មជាតិវា ផ្តល់ប្រយោជន៍ជាច្រើនដល់រាងកាយរបស់មនុស្ស ដូចជាកាត់បន្ថយការរលាក និងប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក។ មួយវិញទៀតវាផ្ទុក សារធាតុ catechin ឈ្មោះគីមី epigallocatechin-3-gallate (EGCG) សារធាតុនេះជាប្រភេទប្រឆាំងអុកស៊ីតកម្ម ដែលការពារកោសិការបស់យើងពីការខូចខាត ម្យ៉ាងវិញទៀតវាក៏អាចជួយដល់រាងកាយរបស់យើងប្រឆាំងនឹងជំងឺផ្សេងៗបានថែមទៀត។ តែបន្ថែមពីលើនេះ សារធាតុទាំងនេះគឺ ត្រូវការស្លឹកតែដែលមានគុណភាព យើងគួរជ្រើសរើសតែបៃតងដែលមានម៉ាក់យីហោ ត្រឹមត្រូវ ចៀសវាងការទទួលទានតែដែរមានគុណភាពទាប។
២. ជំនួយដល់ការគិត
ការទទួលទានតែបៃតងវាអាចធ្វើឱ្យស្មារតីរបស់អ្នកស្វាហាប់ ហើយក៏បានជួយពង្រឹងដល់មុខងារខួរក្បាលរបស់អ្នកផងដែរ។ នៅក្នុងតែបៃតងវាផ្ទុក caffeine ដែលជាសារធាតុពង្រឹងដល់ស្មារតីរបស់អ្នក តែវាមិនផ្ទុកច្រើនដូចភេសជ្ជៈដទៃនោះទេ ប៉ុន្តែគ្រប់គ្រាន់សម្រាប់ពង្រឹងស្មារតីរបស់អ្នក។ បន្ថែមពីនេះការទទួលទានតែបៃតង វាក៏អាចការពារខួរក្បាលរបស់អ្នកឱ្យសកម្ម មិនចាស់តាមអាយុរបស់អ្នកបានថែមទៀត។
៣. បង្កើនការដុតកម្ចាត់ខ្លាញ់
ប្រសិនបើអ្នកស្វែងរកភេសជ្ជៈដែលអាចជួយដុតរំលាយជាតិខ្លាញ់ តែបៃតង គឺជាជម្រើសល្អមួយដោយសារតែ តែបៃតងវាអាចពន្លឿនការដុតជាតិខ្លាញ់នៅក្នុងខ្លួនរបស់អ្នក បន្ថែមពីនេះ ជាតិ caffeine វាក៏ជួយក្នុងដំណើរការនេះដែរ។
៤. កាត់បន្ថយអត្រានៃជំងឺមហារីក
នៅក្នុងតែបៃតង មានសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើនប្រភេទ ដែលវាអាចជួយកាត់បន្ថយអត្រានៃជំងឺមហារីកដូចជា មហារីកសុដន់ មហារីកក្រពេញប្រូស្តាត និងមហារីកពោះវៀនធំជាដើម។
៥. កាត់បន្ថយក្លិនមាត់
ការទទួលទានតែបៃតងជាប្រចាំ វាអាចផ្តល់ប្រយោជន៍ដល់ក្លិនមាត់របស់អ្នក ដែលអាចកាត់បន្ថយក្លិនមិនល្អក្នុងមាត់។ មានការសិក្សាមួយចំនួនបានបង្ហាញថា តែបៃតងវាអាចសម្លាប់បាក់តេរីនៅក្នុងមាត់ ដែលវាអាចជួយបំបាត់នូវក្លិនមិនល្អ និងផ្តល់នូវភាពស្រស់ស្រាយដល់យើងផងដែរ។
៦. អាចបញ្ចៀសពីជំងឺទឹកនោមផ្អែកប្រភេទ២
ជំងឺទឹកនោមផ្អែមប្រភេទ២ វាជាជំងឺដែលកើតឡើងដោយសារការអសមត្ថភាពនៃការផលិត អាំងស៊ុយលីនរបស់យើង។ នៅក្នុងតែបៃតងមានសារធាតុដែលអាចជំរុញដល់ដំណើរការរបស់អាំងស៊ុយលីនរបស់យើងសកម្ម ព្រមទាំងអាចកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាមរបស់យើងបានថែមទៀត។ ហើយការទទួលទានតែបៃតងជាប្រចាំវាអាចបង្ការអ្នកពីជំងឺទឹកនោមផ្អែមប្រភេទ២នេះបានទៀតផង៕
អត្ថបទ ៖ Mythical Bird / Knongsrok