មនុស្សជាច្រើនពេលដែលខឹង ឬមួម៉ៅ គឺនិយាយឱ្យរួចតែពីមាត់ អ្វីក៏អាចនិយាយចេញមកបានដែរ ប្រហែលជាពេលនោះពិតជាគិតបែបនេះមែន ប៉ុន្តែតាមពិតទៅ គឺមិនបានសម្រេចចិត្តបែបនេះនោះទេ។ ការបែកគ្នា ឬការលែងលះ ជាពាក្យដែលមនុស្សមួយចំនួនឧស្សាហ៍លើកយកមកនិយាយ យកការបែកគ្នាដើម្បីបង្ខំឱ្យគេធ្វើការកែប្រែ ហើយឱ្យគេកាន់តែចេះថែរក្សាអ្នក។ តែធ្វើបែបនេះអាចនឹងមានលទ្ធផលអវិជ្ជមាន៤យ៉ាង ដែលអ្នកមិនធ្លាប់គិតដល់ ផលវិបាកអាចកាន់តែធំជាងមុនទៀត។
១. មិនស្មើភាព
បើព្រោះតែចង់ឱ្យមនុស្សម្នាក់ ចេះទៅថែរក្សា និងស្តាយស្រណោះម្នាក់ទៀតនោះ ដូច្នេះត្រូវតាមចិត្តគេគ្រប់ពេល ធ្វើបាបខ្លួនឯងដើម្បីតម្រូវចិត្តដៃគូម្ខាងទៀត តាមចិត្តគេដើម្បីរស់នៅឱ្យបានសុខ។ យូរៗទៅ កាន់តែមានអារម្មណ៍ហត់ៗទៅ ដល់ពេលវេលាណាមួយ គេអាចនឹងបោះបង់អ្វីៗគ្រប់យ៉ាង លែងចង់បានទំនាក់ទំនងបែបនេះទៀត។ ទំនាក់ទំនងមនុស្សត្រូវមានតុល្យភាពជាចម្បង បើបាត់បង់តុល្យភាពហើយ អាចធ្លាក់ចុះគ្រប់ពេលវេលា។
២. មិនទុកចិត្តគ្នា
តែងតែប្រើពាក្យបែកគ្នា គេនឹងចាប់ផ្តើមមានការសង្ស័យស្នេហារបស់អ្នកចំពោះគេ។ គេនឹងយល់ថាអ្នកមិនបានទុកគេសំខាន់ឡើយ ទោះជាពេលនេះនៅល្អនឹងគ្នាក៏ពិតមែន ថាមិនបានថ្ងៃណាមួយអាចចាកចេញពីអ្នក ការគ្មានសន្តិភាពផ្លូវចិត្តចំពោះរឿងស្នេហា គឺជាការរស់នៅដោយមានការឈឺចាប់ ព្រោះគេយល់ថានៅជាមួយអ្នក គេគ្មានសុភមង្គលឡើយ។
៣. បាត់បង់ខ្លួនឯង
តាមចិត្តគេគ្រប់បែបយ៉ាង ផ្គាប់ចិត្តគេដើម្បីបានរស់នៅជាមួយគ្នា ការធ្វើបែបនេះបានធ្វើឱ្យខ្លួនឯងបាត់បង់តម្លៃបាត់ទៅហើយ។ គេប្រើភាពក្លែងក្លាយរបស់គេមកផ្សាភ្ជាប់ទំនាក់ទំនងជាមួយអ្នក ឱ្យអ្នកយល់ថាខ្លួនគេសុខចិត្តធ្វើគ្រប់យ៉ាងដើម្បីអ្នក គេបានបាត់បង់តម្លៃជាម្ចាស់ការខ្លួនឯង។ មនុស្សម្នាក់មិនត្រូវបានការគោរព បន្ទាបតម្លៃរបស់ខ្លួន ម្តេចនឹងអាចផ្តល់ក្តីស្រលាញ់ចេញមកបានទៅ ? ចំពោះអ្នក និងគេសុទ្ធតែមិនល្អទាំងអស់។
៤. ទៅជាពាក្យច្រំដែល
ស្តាប់លើកទីមួយនៅមានអារម្មណ៍ខ្លាចបន្តិចដែរ ពេលដែលស្តាប់ច្រើនលើកច្រើនសារហើយ ក៏ក្លាយទៅជាទម្លាប់ ដល់ទីបំផុតឆ្អែតចិត្តពេក គេក៏និយាយថា “ អូនឯងទៅចុះ!” បើគេពិតជានិយាយពាក្យនេះមែន អ្នកច្បាស់ជាវីវរជាមិនខាន ព្រោះអ្នកមិនដឹងថាបន្តនៅទៀតល្អ ឬក៏ចាកចេញល្អនោះទេ។
មិនថាធ្វើអ្វី ឬនិយាយអ្វីនោះទេ ពេលខ្លះការរំឭក ឬក៏សម្ដីរបស់យើងនិយាយទៅកាន់គេ គេយល់ថាគ្មានតម្លៃទៅវិញ ដូច្នេះហើយចូរអ្នកធ្វើអ្វី ឬនិយាយអ្វីទៅតាមលទ្ធភាពរបស់អ្នកទៅបានហើយ ព្រោះពាក្យខ្លះមិនមែនជាពាក្យអាចយកមកនិយាយលេងសើចនោះទេ៕
ប្រភព ៖ https://goodarticle.life/ ប្រែសម្រួល ៖ Mythical Bird