ស្នេហាគឺបែបហ្នឹង ពាក្យស្រលាញ់ហាឡើងពេញៗមាត់ ស្រាប់តែមួយរយៈក្រោយក៏អេះអុញសុំចែកផ្លូវ។ អ្នកត្រូវដឹងថា ការចែកផ្លូវមិនសុទ្ធតែអាក្រក់ទាំងអស់នោះទេ ព្រោះការសម្រេចចិត្តខ្លះក៏ជួយឲ្យអ្នកបានដោះខ្លួនចេញពីការរស់នៅដែលមិនមែនជាខ្លួនឯង។
ខាងក្រោមយើងបង្ហាញហេតុផល ៥ ដែលបុរសៗភាគច្រើន រមែងសម្រេចចិត្តចាកចេញពីទំនាក់ទំនងស្នេហារបស់ពួកគេ៖
៥) ខាងស្រីមិនច្បាស់លាស់
បើយើងច្បាស់លាស់តែម្នាក់ឯង ហើយខាងស្រីពុំបានចាត់ទុកយើងជាដៃគូអាទិភាព ដែលគេចង់បានទេនោះ វាក៏ជារឿងដែលមិនគួរបន្តដែរ។ នោះមានន័យថា យើងត្រឹមតែជាមនុស្សកំដរ ឬជាបុរសដែលគេមិនទាន់សម្រេចចិត្តច្បាស់ថាគួរចាប់ដៃគ្នាចូលរោងការជាមួយឬអត់ទៅថ្ងៃមុខ។
៤) គេបង្ហាញការធុញទ្រាន់នឹងអ្នក
ស្នេហាណាក៏ដូចស្នេហាណាដែរ មិនអាចផ្អែមល្ហែមនឹងគ្នាតទៅមុខរហូតឡើយ តែសំខាន់យើងចេះពីវិធីកែខៃវាឲ្យល្អប្រសើរ ឬក្លាយជាស្នេហាចាប់ផ្តើមដំបូងជារៀងរហូត។
ប៉ុន្តែបើខាងស្រីរមែងបង្ហាញកាយវិការ ហាក់ធុញទ្រាន់នឹងយើង លែងចង់ស្តាប់យើង មិនចង់នៅក្បែរយើង ទាំងដែលយើងមិនបានធ្វើអ្វីខុសសោះ នោះក៏គ្មានហេតុផលអ្វីដែលត្រូវបន្តទៅមុខទៀតនោះដែរ។
៣) គេមិនយកចិត្តទុកដាក់និងមិនយល់ពីអ្នក
បើស្រលាញ់គេ ព្យាយាមមើលថែគេតែម្ខាង យូរទៅអ្នកនឹងក្លាយជាទាសករស្នេហ៍ ដែលទទួលរងការឈឺចាប់តែម្នាក់ឯង។ បើខាងស្រីបង្ហាញចេញច្បាស់ៗថា គេមិនបានខ្វល់ពីអ្នក គេមិនយល់ពីអ្នក ហើយគេយកពេលវេលារបស់គេ សម្រាប់តែមិត្តភ័ក្ដិ ឬគ្រួសារ នោះដល់ពេលហើយដែលអ្នកត្រូវចាកចេញ។
២) មនុស្សស្រីអាត្មានិយមគិតតែពីខ្លួនឯង
ពេលអ្នកខុស ក៏អ្នកត្រូវលួង ពេលគេខុស ក៏អ្នកត្រូវលួង មនុស្សស្រីដែលមើលឃើញតែចំណុចល្អរបស់ខ្លួនឯង មិនចេះកែតម្រូវកំហុសរបស់ខ្លួនខ្លះនោះ វាក៏ស្មើនឹងអ្នកលះបង់ឲ្យគេអស់ពីខ្លួន ហើយចុងក្រោយគេក៏នៅតែមិនយល់ពីអ្នកដែរ។ មនុស្សស្រីប្រភេទនេះ គិតពីខ្លួនឯងជាធំ មិនចេះខ្វល់ពីអារម្មណ៍អ្នកដទៃឡើយ។
១) មនុស្សស្រីដែលមិនឈ្លាសវៃ
ន័យនេះ មិនមានន័យថានាងរៀនមិនបានខ្ពង់ខ្ពស់ ឬបែបណាទេ តែត្រង់ថានាងមិនឈ្លាសវៃក្នុងការរៀបចំអត្តចរិតសម្របទៅតាមស្ថានភាពដែលបានកើតឡើង។ ត្រូវចាំណា មនុស្សស្រីត្រូវដឹងថាពេលណាទន់ភ្លន់ ពេលណារឹងមាំ ពេលណាលេងសើច មនុស្សស្រីដែលចេះបត់បែនតាមកាលៈទេសៈនេះហើយ ទើបជាមនុស្សស្រីដែលបុរសគ្រប់គ្នាប្រាថ្នា ហើយមិនចង់របូតពីដៃឡើយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក