ចង់បានមុខក្មេងជាងវ័យ ស្បែកមុខភ្លឺថ្លាបែបធម្មជាតិដែរទេ? មកអានអត្ថបទនេះត្រូវហើយ យើងសូមចែករំលែករូបមន្តធម្មជាតិ ៤ ដែលមិនសូវមានអ្នកដឹងទេ ហើយអ្នកអាចយកទៅអនុវត្តបានដោយមានសុវត្ថិភាព និងប្រសិទ្ធភាព៖
៤) បិទម៉ាសជាមួយស៊ុត
គោះស៊ុតយកតែផ្នែកពណ៌ស ហើយកូរវាឲ្យសព្វ យកវាមកលាបនៅលើមុខ រួចយកម៉ាសបិទមុខមកបិទពីលើផ្ទៃមុខមួយស្រទាប់បន្ថែមទៀត ហើយទុកចោល សឹមលាងទឹកចេញ។
ស៊ុតមានអង់ស៊ីមដែលជួយកម្ចាត់បាក់តេរីនៅក្រោមស្បែក ជាពិសេសសម្រាប់ស្បែកមុខដែលមានជាតិខ្លាញ់។ រីឯម៉ាសអាចជួយបន្តឹងរន្ធញើស និងការពារការកើតមុនធ្វើឲ្យស្បែកស្អាត។
៣) ទឹកអង្ករ
ពេលលាងអង្ករកុំចាក់ទឹកនោះចោល ដោយតាមរូបមន្តពីស្រ្តីភាគច្រើននៅជប៉ុន គេយកទឹកអង្ករនេះមកលាងសម្អាតមុខ ក្រោយពីបិទម៉ាសរួច។ ដោយសារតែទឹកអង្ករមានផ្ទុកនូវវីតាមីន B ជួយឲ្យស្បែកទន់រលោង និងបង្រួមរន្ធញើស កាត់បន្ថយការឡើងមុននិងស្នាមអុជខ្មៅ។
២) ប្រើប៉េងប៉ោងនិងក្រូចឆ្មារ
យកប៉េងប៉ោះស្រស់ដែលហាន់រួចមកលាយជាមួយទឹកក្រូចឆ្មារ ២ ស្លាបព្រា ហើយកូរវាឲ្យសព្វ រួចយកវាមកលាបនៅលើម៉ាសបិទមុខ រួចម៉ាស្សាវា ១៥ នាទីសឹមលាងទឹកចេញ។
ដោយសារតែប៉េងប៉ោះជាថ្នាំទិព្វម្យ៉ាងអាចជួយឲ្យស្បែកស្រស់ស្អាត និងក្មេងជាងវ័យ ហើយក្រូចឆ្មារមានសារធាតុប្រឆាំងអុកស៊ីតកម្ម ជួយកម្ចាត់កោសិកាងាប់។
១) ទឹកដោះគោជូរទឹកឃ្មុំ
ទឹកដោះគោជូរមានផ្ទុកនូវអង់ស៊ីម ដែលអាចជួយឲ្យស្បែកភ្លឺថ្លា ហើយទឹកឃ្មុំអាចផ្តល់សំណើមដល់ស្បែក។ វិធីធ្វើ៖ យើងគ្រាន់តែលាយទឹកឃ្មុំ និងទឹកដោះគោជូរបញ្ចូលគ្នា ហើយយកវាមកលាបនៅលើមុខទុកចោលរយៈពេល ១៥ នាទី រួចលាងជាមួយទឹកក្ដៅឧណ្ហ៍ៗ។ ចូរប្រើទឹកដោះគោជូរសុទ្ធដែលគ្មានរសជាតិ ឬអាចលាយជាមួយផ្លែបឺរ ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក