មិត្តភក្តិយើងឬមនុស្សដែលយើងស្គាល់ជិតដិត ពេលគេមានស្វាមីហើយ ជួនខ្លះយើងមិនហ៊ានទៅសួរគេចំៗទេ ថាស្ថានភាពគ្រួសារឯងយ៉ាងម៉េចហើយឥឡូវ ទាំងដែលការពិតយើងបារម្ភចង់ដឹងសុខទុក្ខគេខ្លាំងណាស់។
ជុំវិញចម្ងល់នេះ អ្នកមិនចាំបាច់តែទៅសួរពួកគេផ្ទាល់ក៏បាន ផ្ទុយទៅវិញត្រឹមសង្កេតមើលនៅ ៤ ចំណុចធំៗដូចខាងក្រោម ក៏អ្នកអាចដឹងបានដែរ ថាស្រ្តីនោះមានសុភមង្គលឬអត់?
៤) ស្នាមញញឹម
ស្នាមញញឹមមិនអាចក្លែងបន្លំបាននោះទេ។ ស្នាមញញឹមនៅលើបបូរមាត់នាង ដែលពោរពេញដោយសុភមង្គល គឺយើងអាចមើលដឹងបាន បើមើលទៅនាង នាងឧស្សាហ៍ញញឹមច្រើនជាងទម្លាក់ទឹកមុខ នោះមានន័យថា នាងមានរឿងរីករាយច្រើនក្នុងជីវិត។
ផ្ទុយទៅវិញបើនាងកំណាញ់ស្នាមញញឹម ឬរមែងឱនមុខចុះ និយាយស្តីមិនសូវចេះសើចសប្បាយដូចមុន នោះច្បាស់ណាស់នាងប្រាកដជាមានរឿងអ្វីលាក់ទុកក្នុងចិត្តហើយ។
៣) ពាក្យសម្ដីរបស់នាង
គេតែងតែនិយាយថា ស្ត្រីដែលបានរៀបការហើយបើជួបបុរសល្អ នោះនាងនឹងរីករាយដូចជាព្រះនាង តែបើជាប់ជាទាសករស្នេហ៍ នោះនាងនឹងតែងតែរអ៊ូរទាំ ហើយលើកឡើងរឿងអវិជ្ជមានមួយចំនួននៅនឹងមុខយើង។
២) ការរៀបចំខ្លួន
បើនាងរីករាយខ្លាំងក្នុងជីវិតគ្រួសារហើយ នាងនឹងមិនរំលងទេការតុបតែងខ្លួន ការលើកសម្រស់របស់នាងឲ្យកាន់តែស្រស់ស្អាតជាងមុនបន្ថែមទៀត។ ប៉ុន្តែបើមានរឿងរកាំរកូសច្រើន មិនសូវបានគេងគ្រប់គ្រាន់ មុខក៏ស្លក់ សម្រស់ក៏បាក់ លែងចង់តុបតែងខ្លួនដូចមុន នោះហើយជាចំណុចបង្ហាញច្បាស់ៗ ថានាងកំពុងមានតប់ប្រមល់ក្នុងគ្រួសារ។
១) ការចាយវាយ
មនុស្សស្រីខ្លះហ៊ានលះបង់គ្រប់យ៉ាងដើម្បីប្តី និងកូន តែមិនហ៊ានលះបង់សម្រាប់ខ្លួនឯង។ តាមពិតទៅបើអ្នកស្ថិតក្នុងគ្រួសារមួយដែលមានសុភមង្គល អ្នកមិនចាំបាច់តែមានទ្រព្យច្រើនពេកនោះទេ តែកញ្ចប់នៃការចំណាយ អ្នកប្រាកដជាបែងចែកច្បាស់។
អ្នកអាចសង្កេតមើលពេលដើរទៅផ្សារជុំគ្នា ឬទៅទិញរបស់អ្វីមួយ បើនាងហាក់ទទួលរងសម្ពាធលើការចំណាយ ទាំងលើការទិញសំលៀកបំពាក់ ឬគ្រឿងសំអាង នោះក៏អាចវាយតម្លៃបានថាជីវិតអាពាហ៍ពិពាហ៍របស់នាង ហាក់មិនស្ថិតនៅចំណុចមួយដែលស្ត្រីគ្រប់រូបប៉ងប្រាថ្នាចង់បានឡើយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក