បន្ទាប់ពីមានចចាមអារ៉ាមថាក្រុមហ៊ុន Xiaomi កំពុងសហការទទួលការផ្គត់ផ្គង់ពីក្រុមហ៊ុន Samsung លើការផលិត Sensor កាមេរ៉ាជំនាន់ក្រោយ ពេលនេះមានដំណឹងមកហើយថា Xiaomi នឹងត្រៀមបញ្ចេញស្មាតហ្វូនសេរ៊ីថ្មី Mi 12 ដែលជាស្តេចកាមេរ៉ានៅដើមឆ្នាំក្រោយ ២០២២។
បើតាមប្រភពពី Digital Chat Station បានឲ្យដឹងថា Sensor កាមេរ៉ាដែលបំពាក់លើ Mi 12 នឹងមានទំហំ 192MP គាំទ្របច្ចេកវិទ្យាបម្លែងរូបភាព 16-in-1 Pixel Binning Technology ហើយអាចផលិតរូបភាពសន្លឹកនៅទំហំ 12MP និងអាចគាំទ្រការ Zoom បែប Optical ដល់កម្រិត 4X។
ជាងនេះស្មាតហ្វូនជំនាន់ក្រោយរបស់ Xiaomi ក៏ទំនងជាបំពាក់នូវបន្ទះឈីប Qualcomm Snapdragon 8450 (ឬអាចហៅ Snapdragon 895) ដែលជាជំនាន់ថ្មីបន្ទាប់ពី Sanpdragon 888។ រីឯ GPU ជាប្រភេទ Adreno 730 អមដោយ Modem X65 5G។
ម៉ូឌែលនេះដែរ ក៏នឹងមានរចនាបថអេក្រង់កោង ដែលមានកាមេរ៉ាមុខជាលក្ខណៈចោះលើអេក្រង់ តែមិនបញ្ជាក់ថាវាជាប្រភេទកាមេរ៉ាបង្កប់ក្រោមអេក្រង់ឬបែបណានោះទេ។ គ្រប់យ៉ាងយើងនឹងបានឃើញកាន់តែច្បាស់នៅឆ្នាំក្រោយ ២០២២៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក