នៅពេលល្ងាចឬចូលដល់ពេលរាត្រី ដែលរាងកាយកៀកនឹងដល់ពេលវេលាត្រូវសម្រាកហើយនោះ សូមអ្នកជៀសឲ្យបាននូវការទទួលទានភេសជ្ជៈ ៥ ប្រភេទខាងក្រោម ព្រោះវាអាចបណ្តាលឲ្យអ្នកគេងលក់មិនស្កប់ស្កល់ ហើយយូរទៅវិវត្តក្លាយជាជំងឺគួរឲ្យបារម្ភជាច្រើន៖
៥) ភេសជ្ជៈមានជាតិកាបូប (ហ្គាស)
ភេសជ្ជៈដែលមានជាតិកាបូប ឬជាតិហ្គាស សុទ្ធតែមានផ្ទុកនូវបរិមាណស្ករច្រើន ដែលនាំឲ្យអ្នកឡើងទម្ងន់លឿន និងឆាប់ចាស់ជាងវ័យ។ អ្នកមិនគួរទទួលទានវាញឹកញាប់ពេកនោះទេ ជាពិសេសនៅពេលល្ងាច។ លើសពីនេះវាក៏អាចបណ្តាលឲ្យអ្នកមានបញ្ហាក្រពះ ទល់លាមក និងការចាល់អាស៊ីតជាដើម។
៤) ភេសជ្ជៈមានជាតិអាល់កុល
ភេសជ្ជៈដែលមានជាតិអាល់កុល នឹងធ្វើឲ្យអ្នកឆាប់ងងុយគេងលឿន តែអ្នកនឹងមិនអាចគេងស្កប់ស្កល់បានទេ ហើយឧស្សាហ៍ឈឺក្បាលនៅពេលគេងថែមទៀត។ ការទម្លាប់បែបនេះជាប្រចាំ យូរទៅនឹងធ្វើឲ្យរាងកាយចុះទ្រុឌទ្រោម ហើយមានជំងឺជាច្រើនជាប់ខ្លួន។
៣) ទឹកខ្ញី
ជាភេសជ្ជៈដែលកាត់បន្ថយការស្រ្តេស ជួយឲ្យយើងគេងលក់ស្រួល និងអាចមានអារម្មណ៍ស្រស់ស្រាយ ប៉ុន្តែអ្នកគួរតែទទួលទានវាតែនៅពេលព្រឹកប៉ុណ្ណោះគឺល្អបំផុត។ ការដែលទទួលទានវាក្រោយអាហារពេលល្ងាចរួច ឬកៀកនឹងចូលគេង ទៅជានាំឲ្យប៉ះពាល់ដល់ការគេងទៅវិញ។
២) កាហ្វេ
កាហ្វេក៏គួរតែទទួលទាននៅពេលព្រឹក ឬថ្ងៃ ហើយទទួលទាននៅពេលល្ងាច វាជារឿងមិនល្អទៅវិញ ព្រោះវាប៉ះពាល់ដល់ស្ថិរភាពផ្លូវចិត្ត ការកើនឡើងសម្ពាធឈាម ចង្វាក់បេះដូងលោតមិនទៀងទាត់ និងការកើតមានជំងឺក្រពះ។
១) ទឹកដូង
ការទទួលទានទឹកដូងនៅពេលយប់ វានាំឲ្យយើងមានជាតិទឹកលើសក្នុងរាងកាយ ដែលនាំឲ្យយើងភ្ញាក់ទៅបន្ទប់ទឹកច្រើនដងនៅពេលយប់។ ជារឿងល្អបំផុត បើអាចអ្នកគួរទទួលទានវានៅពេលព្រឹក ឬពេលរសៀល ដើម្បីទទួលយកអត្ថប្រយោជន៍ពិតពីភេសជ្ជៈដ៏ល្អសម្រាប់សុខភាពមួយនេះ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក