អ្នកខ្លះថា ស្នេហាដែលបុរសភាគច្រើនចង់បាន គឺសម្លឹងឃើញតែនារីដែលមានរូបសម្រស់ស្រស់ស្អាត និងមានទ្រព្យហូរហៀរ តែមិនទាំងអស់នោះទេ បុរសដែលគេត្រឹមត្រូវខ្លះ គឺគេមើលអត្តចរិតជាចម្បង។
តាមពិតទៅស្នេហារបៀបហ្នឹង ទើបអាចរស់នៅជាមួយគ្នាបានយូរ ព្រោះអីសម្រស់និងទ្រព្យ មិនបាននៅស្ថិតស្ថេរជាមួយយើងរហូតឡើយ ហើយវាក៏សបង្ហាញមកថា ជាការស្រលាញ់មិនពិតប្រាកដមួយដែរ។
យ៉ាងណានារីៗ ជាទូទៅត្រូវដឹងថា បុរសមិនពេញចិត្ត ៣ ចំណុចនេះឡើយ ហើយត្រូវតែបញ្ចៀសឲ្យបានកុំរំលេចវាចេញមកឲ្យសោះ ឬបញ្ឈប់កុំឲ្យកើតមានតែម្ដង មិនដូច្នោះទេបុរសដែលជាដៃគូគេនឹងរកមើលផ្លូវបែកហើយ៖
៣) ពាក្យសម្តីគ្រោតគ្រាត
ការនិយាយស្តីមិនដឹងចាស់ទុំ និយាយពាក្យគ្រោតគ្រាត ហើយស្រែកលឺៗនៅគ្រប់ទីកន្លែង ប្រៀបដូចជាបំបាក់មុខប្តី ឬដៃគូរបស់ខ្លួនអ៊ីចឹង។ ការបន្តបែបហ្នឹង អ្នកនឹងមិនទទួលបានការគោរពពីខាងបុរសឡើយ។
ស្រ្តីឈ្លាសវៃ គេដឹងច្បាស់ថាពេលណាត្រូវប្រើប្រាស់អារម្មណ៍បែបណា នៅកន្លែងណា ទាំងការនិយាយស្តី ឡើងសំឡេងធំតូច គឺគេមានការប្រុងប្រយ័ត្នខ្ពស់ណាស់ នោះទើបហៅថាជាការឲ្យតម្លៃគ្នាទៅមក។
២) រៀបចំខ្លួនមិនសមរម្យ
នេះពុំមានន័យថា នាងស្លៀកពាក់ស៊ិចស៊ីពេកអ្វីនោះទេ ដោយសម័យនេះការស្លៀកពាក់បែបស៊ិចស៊ីវាជារឿងធម្មតាទៅហើយ។ ប៉ុន្តែឲ្យត្រូវទៅតាមកម្មវិធី និងពេលវេលា ដឹងសដឹងខ្មៅ ព្រោះក្នុងសង្គមបច្ចុប្បន្ននេះ ការរៀបចំតុបតែងខ្លួនរបស់ភរិយា ដូចជាការលើកមុខលើកមាត់ស្វាមីអ៊ីចឹងដែរ ពោលកុំតុបតែងខ្លួនដែលធ្វើឲ្យស្វាមីមើលទៅមានអារម្មណ៍ថា ខុសឆ្គងនឹងស្ថានភាព។
១) និយាយអាក្រក់ពីគេ
មនុស្សស្រីឈ្លាសវៃមិនសូវចេះខ្វាយខ្វល់ជីវិតអ្នកដទៃនោះទេ គេល្អអាក្រក់បែបម៉េច ក៏តែតាមគេ ហើយមានតែសរសើរ ជាងបន្តុះបង្អាប់។ ការដែលអង្គុយរិះគន់ និយាយចំណុចអាក្រក់ពីគេ មកប្រាប់ប្តីខ្លួនឯង កុំថាបុរសចូលចិត្តនោះ ព្រោះបុរសដែលគេចាស់ទុំពិតប្រាកដ គឺគេមិនចូលរួមទេក្នុងការរិះគន់អ្នកដទៃ ពោលផ្ដោតលើការគិតបែបសុទិដ្ឋិនិយមក្នុងជីវិតច្រើនជាង៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក