ទំនាក់ទំនងស្នេហាពេលខ្លះនៅក្បែរគ្នាយូរទៅ ណាយចិត្តក៏មាន ហើយមិនដឹងថាគួរបន្តបែបណា ខណៈគូស្នេហ៍ខ្លះគ្មានបញ្ហាអ្វីសោះ ក៏បែរជាមានអារម្មណ៍ធុញទ្រាន់រៀងខ្លួន ហើយចង់ចាកចេញពីទំនាក់ទំនងមួយនោះ។
យ៉ាងណាតាមអ្នកជំនាញដែលបទពិសោធន៍លើរឿងរ៉ាវស្នេហា ក៏បានចែករំលែកនូវតិចនិក ៥ ដែលអាចទាញស្នេហានោះ ឲ្យផ្សះផ្សាប្រៀបដូចជាស្នេហ៍គ្រាដំបូង និងផ្អែមល្ហែមដូចពីមុនវិញ៖
៥) ដកឃ្លាពីគ្នាបន្តិច
ដកឃ្លាពីគ្នា មិនមានន័យថាបែកគ្នា តែស្មើនឹងអ្នកមិនសូវនៅក្បែរគ្នាដូចមុន។ ពេលនោះអ្នកនឹងចាប់អារម្មណ៍ហើយថា តើគេសំខាន់សម្រាប់អ្នកកម្រិតណា ពេលដែលអត់គេអ្នកមានអារម្មណ៍បែបណា?
វានឹងបង្រៀនចិត្តអ្នកឲ្យស្គាល់កាន់តែច្បាស់ពីតម្រូវការនៃស្នេហា ក៏ដូចជាវត្តមានរបស់គេក្នុងជីវិត។ និយាយសាមញ្ញទៅចង់បែក ក៏កុំទាន់បែក តែត្រឹមឃ្លាតពីគ្នាមួយរយៈ ហើយជាប់ឈ្មោះនៅជាសង្សារឬគូស្នេហ៍ដដែល។
៤) រកពេលនិយាយគ្នាពីបញ្ហាដែលប្រឈម
វាអាចដែរ បើអ្នកមានអារម្មណ៍ថាធុញទ្រាន់ទាំងសងខាង ហើយសុខៗចង់បែក តែវាស្ថិតនៅភាគរយទាបណាស់ សម្រាប់មនុស្សដែលជួបអារម្មណ៍បែបនេះ។ ផ្ទុយទៅវិញគូស្នេហ៍ភាគច្រើនដោយសារតែអារម្មណ៍អន់ចិត្តនឹងគ្នា ឬការកើតមានបញ្ហារកាំរកូសណាមួយ ទើបនាំឲ្យពួកគេចង់បែក។
យ៉ាងណាក្រោយឃ្លាតពីគ្នាហើយ ចូរអ្នករកពេលវេលាសមស្របមួយ មកជជែកគ្នាត្រង់ៗ ហើយលើកពីបញ្ហាប្រឈមទាំងនោះ ដើម្បីរកដំណោះស្រាយ។ អ្នកត្រូវចាំថា ពេលខ្លះការដែលនិយាយគឺល្អជាងលាក់ទុក ព្រោះនិយាយហើយអាចឲ្យយើងយល់ពីគ្នាកាន់តែច្រើន ហើយដឹងថាខ្លួនឯងអាចបំពេញតម្រូវការសម្រាប់ម្ខាងទៀតបានឬអត់?
៣) ព្យាយាមរំឭកពីចំណុចល្អ និងការលំបាករបស់គេ
ឆ្លងកាត់ច្រើនខែ ច្រើនឆ្នាំមកហើយ អនុស្សាវរីយ៍ក៏មានល្អៗច្រើនដែរ។ នៅថ្ងៃមួយដែលអ្នកមានអារម្មណ៍ថាចង់ចែកផ្លូវនឹងនាង/គាត់ ចូរអ្នកប្រើខួរក្បាលទាញត្រលប់មកវិញនូវរឿងល្អៗទាំងឡាយដែលបានធ្វើជាមួយគេ ការសន្យាទាំងឡាយដែលបាននិយាយហើយមិនទាន់បានសម្រេចជាមួយគេ រួចយកវាមកប្រៀបធៀបគ្នាទៅនឹងកំហុសរបស់គេ ឬការអាក់អន់ចិត្តនោះ តើវាអាចកាត់កងគ្នាបានដែរឬយ៉ាងណា?
២) កុំអៀននឹងនិយាយពាក្យ "ស្រលាញ់"
ទោះខឹងទោះអន់ចិត្តប៉ុណ្ណា ជឿទៅទាំងបុរសនិងស្រ្តី បើអារម្មណ៍នៅស្រលាញ់ ឲ្យតែបានលឺពាក្យផ្អែមល្ហែមចេញពីដៃគូ មិនយូរទេនឹងបញ្ឆេះភ្លើងស្នេហ៍ត្រលប់មកវិញជាមិនខាន។ ចូរអ្នកព្យាយាមបន្តធ្វើល្អ ទាំងពាក្យសម្តីនិងកាយវិការឲ្យគ្នាទៅវិញទៅមក ហើយរបៀបនៃការភ្ជាប់ទំនាក់ទំនងចូរនិយាយ (ខល) ឲ្យបានច្រើនជាងការផ្ញើសារ (SMS / Chat)។
១) អនុវត្តចំណុចទាំង ៤ រួចត្រលប់មកវិញ
ជឿថាបើអ្នកបានអនុវត្តចំណុចទាំង ៤ ខាងលើហើយ អ្នកប្រាកដជានឹងយល់ច្បាស់ ថាចិត្តអ្នកនៅត្រូវការគេទៀតឬអត់ ហើយក៏យល់ច្បាស់ពីចិត្តរបស់គេដូចគ្នា។ បើមើលទៅឃើញថានៅមានសញ្ញាវិជ្ជមានអាចបន្តបាន នោះក៏ដល់ពេលដែលអ្នកត្រូវត្រលប់មកជួបជុំគ្នាវិញ ហើយសារនេះអ្នកនឹងកាន់តែផ្អែមល្ហែមជាងមុន ទំនាក់ទំនងកាន់តែរឹងមាំជាងមុន ហើយការយល់ពីគ្នា ក៏កាន់តែមានច្រើនជាងមុនដែរ។ យើងជូនពរអ្នកដែលកំពុងអានអត្ថបទនេះ ឲ្យអាចវិលត្រលប់ទៅរកសភាពល្អដូចពីមុនវិញ ជាមួយដៃគូរបស់អ្នក៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក