តើអ្នកធ្លាប់ឆ្ងល់ទេនារីៗខ្លះ មិនដែលស្ថិតក្នុងទំនាក់ទំនងស្នេហាជាមួយបុរសណាម្នាក់គង់វង្សនោះទេ? ដោយបានត្រឹមប៉ុន្មានខែ ក៏របូតបែកបាក់គ្នា ហើយទៅបានអ្នកក្រោយទៀតក៏បានត្រឹមរយៈពេលខ្លី ត្រូវប្រេះស្រាំគ្នាទៀត។
ជុំវិញរឿងនេះមិនសុទ្ធតែបុរសជាដៃគូបោកប្រាស់អារម្មណ៍នាង ឬធ្វើខុសដាក់នាងទាំងអស់នោះទេ តែក្នុងទំនាក់ទំនងស្នេហា សម្រាប់មនុស្សស្រីមួយចំនួនក៏ជាកំហុសរបស់នាងផ្ទាល់ដែរ គ្រាន់តែខ្លះនាងមើលមិនងាយឃើញពីកំហុសខ្លួនឯងឡើយ។
ខាងក្រោមយើងបង្ហាញចរិត ៥ យ៉ាងដែលនារីគ្រប់រូបគួរតែកែប្រសិនជាមាន ហើយគួរតែជៀសកុំឲ្យខ្លួនឯងធ្លាក់ចូលទៅក្នុងចរិតបែបហ្នឹងឲ្យសោះ ព្រោះនឹងមិនមានបុរសណាអាចរស់នៅជាមួយអ្នកយូរនោះឡើយ៖
៥) បញ្ឈឺគ្រប់រឿង
នាងហាក់មានមោទនភាពលើខ្លួនឯងជ្រុល ដល់ថ្នាក់លែងខ្វល់ពីអារម្មណ៍អ្នកដទៃ ដោយសូម្បីតែគូស្នេហ៍របស់នាងផ្ទាល់។ នាងតែងតែបញ្ឈឺ ចង់យកឈ្នះគេគ្រប់រឿង មិនចេះបន្ទាបខ្លួនដោយមើលទៅតាមស្ថានការណ៍ ពោលចរិតបែបនេះ ពិបាកនឹងឲ្យខាងប្រុសគេបន្តនៅជាមួយអ្នកចុះណាស់។
៤) ចូលចិត្តបង្រៀនអ្នក
នាងហាក់ដូចជា Google នាងឈ្លាសវៃ នាងអាចដឹងគ្រប់យ៉ាង ហើយចេះគ្រប់យ៉ាង។ នាងព្យាយាមបង្រៀនអ្នកឲ្យធ្វើរបៀបនេះ របៀបនោះ ពេលខ្លះសម្រាប់បុរសងាយនឹងមានអារម្មណ៍ទើសទាល់ខ្លាំងណាស់ ដោយការស្រលាញ់ មិនមែនជាការគ្រប់គ្រងគ្នាទាំងអស់នោះទេ។
៣) ទម្លាប់រិះគន់
នាងមិនដែលមើលឃើញពីចំណុចល្អរបស់អ្នកនោះទេ នាងតែងតែរិះគន់អ្នកបែបនេះ យកអ្នកទៅប្រៀបជាមួយអ្នកនោះ។ ត្រូវចាំ បុរស ពិបាកទទួលយកបំផុតគឺអារម្មណ៍ដែលត្រូវគេយកខ្លួនទៅធៀបជាមួយនរណាម្នាក់ ជាពិសេសគឺធៀបជាមួយនឹងសង្សារចាស់អ្វីជាដើម។ បើចង់កែតម្រូវ គួរប្រើប្រាស់ពាក្យពេចន៍ឬមធ្យោបាយនិយាយស្តីឲ្យសមរម្យ និងសមជាគូស្នេហ៍នឹងគ្នាពិតប្រាកដ។
២) ច្បាប់វិន័យច្រើន ខ្វល់តែអារម្មណ៍ខ្លួនឯង
ពេលដើរជាមួយនាង នាងមានវិន័យច្បាប់ទម្លាប់រាប់មិនអស់ ទាំងដែលការអនុវត្តខ្លះ ខ្លួននាងមិនទាន់ធ្វើបានខ្លួនឯងផងនោះ។ នាងព្យាយាមគ្រប់គ្រងនៅកាយវិការទាំងអស់របស់អ្នក ហើយមុននឹងធ្វើអ្វី សម្រេចអ្វី អ្នកត្រូវឆ្លងកាត់នាងជាមុនសិន។
១) មិនលើកលែងរឿងគ្រប់យ៉ាង
ចានក្នុងរាវនៅប៉ះទង្គិច ចុះទម្រាំមនុស្សដែលនៅក្បែរគ្នាគ្រប់ស្ថានការណ៍ទាំងអស់នោះ មិនឲ្យប៉ះពាក្យ ប៉ះគំនិតគ្នាខ្លះបានដោយរបៀបណា។ ការស្រលាញ់ គឺជាការអត់ឱន មិនមែនជាការចង់ឈ្នះចាញ់គ្នានោះទេ។
បើអ្នកប្រកាន់ទម្លាប់មួយ ប្រកាន់គេគ្រប់រឿង មិនថារឿងតូច រឿងធំ យូរទៅនឹងធ្វើឲ្យខាងប្រុសមានអារម្មណ៍ថាទទួលរងសម្ពាធ ហើយគេមិនយូរទេ នឹងដើរចេញពីស្នេហានោះឯង៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក