តើអ្នកចូលចិត្តស្តាប់ចម្រៀងប្រភេទណា? ចំណង់ចំណូលចិត្តរបស់អ្នក អាចបញ្ជាក់ពីបុគ្គលិកលក្ខណៈផ្ទាល់ខ្លួន

បច្ចុប្បន្ននៅពេលដែលដើរទៅដល់ទីណា យើងតែងតែឃើញមនុស្សពាក់កាសស្តាប់ចម្រៀង ដូច្នេះយើងមិនអាចប្រកែកបានទេថា ការស្តាប់តន្ត្រីបានក្លាយជាផ្នែកមួយនៃជីវិតរបស់មនុស្ស ។ ទៀតសោត មនុស្សម្នាក់ៗសុទ្ធតែចូលចិត្តប្រភេទតន្ត្រីផ្សេងៗគ្នា ម្លោះហើយទើបប្រភេទបទភ្លេងទាំងនោះ អាចបង្ហាញពីបុគ្គលិកលក្ខណៈរបស់យើងបាន ។ មិនថាជា ប្រភេទចម្រៀង Pop, Rock, Hip Hop, R&B និងផ្សេងៗទៀត ដូច្នេះសូមទៅឆែកមើលថា តើចំណង់ចំណូលចិត្តរបស់អ្នក នឹងបង្ហាញពីបុគ្គលិកលក្ខណៈអ្វីខ្លះ ?

PicsArt_05 28 03.47.31

១. Pop

ជាប្រភេទតន្ត្រីដែលផ្តោតលើការស្តាប់បែបងាយៗ ក្នុងនាមជាអ្នកគាំទ្រចម្រៀងប៉ុប

បុគ្គលិកលក្ខណៈលេចធ្លោរបស់អ្នក គឺជាមនុស្សរុះរាយ រាក់ទាក់ ចូលចិត្តចេញទៅជួបមនុស្សម្នា ។ ប្រសិនបើអ្នកចូលចិត្តស្តាប់បទចម្រៀងដែលពេញនិយមបំផុត នោះមានន័យថា អ្នកគឺមនុស្សពិសេសក្នុងការប្រាស្រ័យទាក់ទង តែអ្នកអាចនឹងមិនសូវជាពូកែច្នៃប្រឌិតប៉ុន្មានទេ។

លើសពីនេះទៅទៀត អ្នកចូលចិត្តតន្ត្រីប៉ុបក៏ងាយនឹងមានអារម្មណ៍ខ្វល់ខ្វាយផងដែរ ។ អ្នកតែងតែព្រួយបារម្ភស្ទើរគ្រប់ពេលវេលា ប៉ុន្តែចំនុចខ្លាំងមួយរបស់អ្នក គឺអ្នកមានភាពជឿជាក់ខ្ពស់ និងមានភាពអត់ធន់ចំពោះការងារធ្ងន់ៗបាន ដែលនេះគឺជាចំណុចល្អសម្រាប់ជីវិតការងារ ។

២. Rap & Hip-hop

សម្រាប់អ្នកគាំទ្រនៃចម្រៀងប្រភេទនេះ អ្នកគឺជាមនុស្សដែលចូលចិត្តចេញទៅប្រឈមនឹងពិភពលោកខាងក្រៅ អ្នកជាមនុស្សម្នាក់ដែលមានលក្ខណៈពិសេសនៅក្នុងសង្គម អ្នកចូលចិត្តចេញទៅកម្សាន្តជាមួយមិត្តភក្តិ ។ បន្ថែមពីលើថាមពលដែលមានច្រើន អ្នកក៏ជាមមានការគោរពខ្លួនឯងខ្ពស់ផងដែរ ។

អ្នកគាំទ្រចម្រៀង Rap & Hip-hop គឺជាប្រភេទមនុស្សដែលអាចលេចធ្លោស្ទើរគ្រប់ផ្នែក ប៉ុន្តែរឿងមួយដែលអាចសង្កេតបាននោះគឺ "ពួកគេជាមនុស្សដែលចូលចិត្តប្រើអារម្មណ៍ជាជាងហេតុផល" ហើយនៅពេលណាដែលពួកគេត្រូវអានព័ត៌មានថ្មីៗ ពួកគេតែងតែជ្រើសរើសយកព័ត៌មានដែលថ្មីទាន់សម័យ និងជាក់ស្តែងបំផុត។

៣. Rock

ប្រសិនបើអ្នកចូលចិត្តស្តាប់តន្ត្រីរ៉ុក អ្នកគឺជាមនុស្សចូលចិត្តប្រើសភាវគតិ (ចំណេះដឹងពីប្រភពដើម) ហើយអ្នកតែងតែជឿជាក់លើការគិតរបស់ខ្លួនឯង ។ អ្នកជាមនុស្សដែលចាប់អារម្មណ៍នឹងលទ្ធភាពនៃអនាគត និងមានគម្រោងច្បាស់លាស់ ដូច្នេះនៅពេលមានបញ្ហាប្រឈមចូលមកក្នុងជីវិត អ្នកនឹងមិនភ័យខ្លាចហើយថែមទាំងអាចបត់បែនបានល្អទៀតផង ។

ទៀតសោត អ្នកក៏មានទំនោរមិនសូវជាចូលចិត្តធ្វើការងារធ្ងន់ តែចូលនឹករលឹកដល់អនុស្សាវរីយ៍ចាស់ៗ ។ តែប្រសិនបើអ្នកចូលចិត្តប្រភេទ Indie-Rock ជាង Classic Rock អ្នកអាចជាមនុស្សហាក់មានភាពខ្ជិលសន្សំនៅក្នុងខ្លួនបន្តិច ហើយពេលខ្លះការគោរពខ្លួនឯងក៏មិនសូវជាខ្ពស់ដែរ ប៉ុនែ្តអ្នកជាមនុស្សម្នាក់ដែលមានការច្នៃប្រឌិតខ្ពស់គួរសម ។

៤. Metal

អ្នកគាំទ្រតន្ត្រី Metal មានភាពលេចធ្លោ ផ្ទុយស្រឡះពីអ្នកចូលចិត្តតន្ត្រី Pop ទៀតសោត បើអ្នកចូលចិត្ត ងក់ក្បាលទៅតាមសម្លេងតន្ត្រីទៀតនោះ បានន័យថាអ្នកជាមនុស្សម្នាក់ ដែលចូលចិត្តនៅកន្លែងដែលស្ងប់ស្ងាត់ ហើយជឿជាក់លើការគិតខ្លួនឯង ។ អ្នករស់នៅក្នុងពិភពលោក ដែលពោរពេញទៅដោយគំនិត និងការឆ្លុះបញ្ចាំងពីការពិត និងព័ត៌មានថ្មីៗ ដែលចូលមកក្នុងជីវិត ដោយមិនចាំបាច់មានភាពជាក់ស្តែង ក៏អ្នកអាចទទួលដឹង និងប្រើប្រាស់វាបានដែរ និយាយរួម អ្នកគឺជាមនុស្សមានហេតុផលខ្ពស់ ។

៥. Classical

ប្រសិនបើអ្នកជាមនុស្សម្នាក់ដែលចូលចិត្ត បទចម្រៀងបុរាណកាល អ្នកគឺជាមនុស្សម្នាក់ដែលមានភាពឈ្លាសវៃ លើការគិតរបស់ខ្លួនឯង ហើយមានការគោរពខ្លួនឯងល្មមគួរសម ។ ភាពឈ្លាសវៃរបស់អ្នកគឺ អ្នកជ្រើសរើសទទួលព័ត៌មានថ្មីៗ ដោយមិនពឹងផ្អែកលើអារម្មណ៍ជាធំទេ តែអ្នកក៏នឹងពិចារណាពីលទ្ធភាពនាពេលអនាគត ។

៦. R&B

តន្ត្រីប្រភេទនេះ គឺជាតន្ត្រីទាក់ទាញប្រភេទមនុស្សរុះរាយ រាក់ទាក់ ចូលចិត្តជួបមនុស្សម្នា ។ ហើយអ្នកគឺជាមនុស្សម្នាក់ដែលដើរតាម សម្លេងបេះដូងរបស់ខ្លួនឯងដែរ អ្នកជាមនុស្សមិនចូលចិត្តលាក់បាំងអារម្មណ៍ទេ ជាពិសេសនៅពេលស្តាប់តន្ត្រី ។ ជាក់ស្តែងអ្នកមិនសូវជាមនុស្សគិតច្រើនទេ អ្នកចូលចិត្តគិតអ្វីដែលជាបច្ចុប្បន្នភាព ។

៧. EDM

នេះជាប្រភេទតន្ត្រី ដែលកំពុងពេញនិយម ព្រោះវាមានប្រភេទតន្ត្រីជាច្រើនរួមបញ្ចូលគ្នា ដូច្នេះហើយសម្រាប់បុគ្គលិកលក្ខណៈអ្នកចូលចិត្តតន្ត្រីបែបនេះ ហាក់មានភាពសំបូរបែប និងមានភាពរុះរាយ រាក់ទាក់ ចូលចិត្តជួបជុំមនុស្សម្នា ។ លើសពីនេះ អ្នកក៏ជាមនុស្សដែលចូលចិត្តអ្វីដែលលឿន ហ៊ាននិយាយ ហ៊ានអះអាង មិនចូលចិត្តលាក់អារម្មណ៍ ហើយក៏ជាមនុស្សចូលចិត្តនិយាយត្រង់ទៅត្រង់មកទៀតផង ៕