មនុស្សប្រុសតែងតែគិតថាមនុស្សស្រីចង់តែឈ្នះ ព្រោះគ្រប់ពេលឈ្លោះគ្នា មនុស្សស្រីចូលចិត្តនិយាយច្រេីន ចូលចិត្តវែកញែកប្រកែកតវ៉ា លេីកកំហុសមកនិយាយដដែលៗ ហេតុផលព្រោះមនុស្សស្រីចង់ឈ្នះ។
តាមការពិតទៅ ខ្ញុំមិនបានចង់ឈ្នះទេ ហេតុផលអីដែលខ្ញុំចង់ឈ្នះមនុស្សដែលខ្ញុំស្រឡាញ់? បេីខ្ញុំឈ្លោះឈ្នះ អ្នកទៅខ្ញុំបានពានមាស មេដាយប្រាក់ ឬប្រាក់រង្វាន់មែនទេ? ក្រែងយេីងជាគូសង្សារនឹងគ្នា មិនមែនជាដៃគូប្រដាល់ឯណា ចាំបាច់អីខ្ញុំចង់យកឈ្នះចាញ់ជាមួយអ្នក?
មូលហេតុដែលខ្ញុំតែងតែនិយាយវែកញែកច្រេីន លេីកកំហុសអ្នកមករៀបរាប់ឱ្យអ្នកស្តាប់ មិនមែនខ្ញុំចង់ឈ្លោះឈ្នះអ្នកទេ តែខ្ញុំគ្រាន់តែចង់ឱ្យយេីងយល់ពីគ្នា ស្រឡាញ់គ្នាត្រូវយល់ពីគ្នា អ្នកខុសខ្ញុំក៏ចង់ឱ្យអ្នកបានដឹងកំហុស ចង់ឱ្យអ្នកកែប្រែវា ខ្ញុំគ្រាន់តែចង់ឱ្យអ្នកបានដឹងថាខ្ញុំអន់ចិត្ត មិនសប្បាយចិត្តនឹងទង្វេីមួយនោះរបស់អ្នក ហេីយបេីខ្ញុំខុសត្រង់ណាអ្នកមិនពេញចិត្តនឹងខ្ញុំត្រង់ណា អ្នកក៏ប្រាប់ខ្ញុំត្រង់ៗវិញបាន ខ្ញុំមិនត្រូវការឱ្យអ្នកមកសុំទោសខ្ញុំដោយមិនដឹងមូលហេតុនោះឡើយ សុំទោសហេីយប្រាប់ថា សុំទោសហេីយចប់រឿងទៅ ឱ្យខ្ញុំឈ្នះហេីយចង់បានអីទៀត?
អ្នកគិតមែនទេ ថាខ្ញុំចង់មានរឿងនឹងគ្នា ហេតុអីទេីបខ្ញុំចង់មានរឿងបេីគ្រប់ពេលឈ្លោះខ្ញុំជាអ្នកត្រូវយំរហូតហ្នឹង គ្មានអ្នកណាសប្បាយចិត្តនឹងការឈ្លោះគ្នានោះឡើយ ខ្ញុំគ្រាន់តែចង់ឱ្យអ្នកបានដឹងកំហុស ទទួលស្គាល់កំហុស ហេីយក៏មិនធ្វេីវាម្តងទៀត ទេីបយេីងមិនចាំបាច់ត្រូវមកឈ្លោះគ្នាព្រោះតែរឿងដដែលៗនោះអី។
ខ្ញុំចង់ឱ្យដឹងថា ខ្ញុំមិនត្រូវការឈ្នះចាញ់អីទាំងអស់ហ្នឹង ខ្ញុំគ្រាន់តែចង់ឱ្យយេីងចេះយល់ចិត្តគ្នា រស់នៅក្បែរគ្នាដោយមានក្តីសុខ ចេះគោរពគ្នាទៅវិញទៅមក ចេះទទួលស្គាល់ និងកែប្រែកំហុសខ្លួនឯង ខ្ញុំមិនចង់ឱ្យមានអ្នកឈ្នះអ្នកចាញ់អីនោះទេ៕
អត្ថបទ ៖ អេដមីន ហត់/Knongsrok