ទោះស្រឡាញ់គេខ្លាំងប៉ុនណាក៏ដោយ ក៏កុំស្រឡាញ់គេអស់ពេក ទុកសម្រាប់ខ្លួនឯងខ្លះផង

ស្រឡាញ់​បានតែកុំងប់ងល់​ ស្រឡាញ់​អ្នកណាក៏ដោយ កុំស្រឡាញ់អស់ពេក​ ត្រូវទុកក្តីស្រឡាញ់សម្រាប់ខ្លួនឯងខ្លះ​ និយាយបែបនេះមិនមែនបានន័យថា មិនឱ្យស្មោះត្រង់នឹងមនុស្សដែលអ្នកស្រឡាញ់ទេ​ ស្រឡាញ់​គ្នាត្រូវតែស្មោះត្រង់នឹងគ្នាស្រាប់ទៅហេីយ​ ប៉ុន្តែចង់បានន័យថា អ្នកកុំស្រឡាញ់គេដល់ថ្នាក់ភ្លេចខ្លួនឯង​ កុំស្រឡាញ់គេខ្លាំងពេក រហូតដល់លែងខ្វល់ពីខ្លួនឯងឱ្យសោះ។

បេីកាលណាអ្នកស្រឡាញ់គេអស់ខ្លាំងពេក​ អ្នកក៏ប្រថុយជួបនឹងការខកចិត្តខ្លាំងដូចគ្នា ប្រសិនបេីថ្ងៃណាមួយគេទៅចោលអ្នក​ ព្រោះតែអ្នកមិនបានត្រៀមចិត្តទុកសម្រាប់ឈឺ​ អ្នករវល់តែស្រឡាញ់គេខ្លាំង​ ហេីយក៏គិតថាគេក៏ស្រឡាញ់អ្នកខ្លាំងដូចគ្នាដែរ​ គេនឹងគ្មានថ្ងៃប្រែប្រួលចិត្ត ឬទៅណាចោលអ្នក​ អ្នកក៏បណ្តោយចិត្តឱ្យស្រឡាញ់គេទាំងអស់ដោយមិនទុកឱ្យនៅសេសសល់សម្រាប់ខ្លួនឯងសូម្បីតែបន្តិច។

517a14b7de1c4a5dbe495a680461b3a4

​អ្នកបណ្តោយឱ្យខ្លួនឯងទម្លាប់រស់នៅត្រូវតែមានគេនៅក្បែរ​ រហូតដល់មានអារម្មណ៍ថារស់នៅខ្វះគេមិនបាន​ ហេីយអ្នកក៏ចាប់ផ្តេីមភ័យខ្លាច ថាតេីអ្នកនឹងរស់នៅបែបណាបេីគ្មានគេ​ ហេីយប្រសិនបេីថ្ងៃណាមួយអ្នកបាត់បង់គេទៅ អ្នកត្រូវឈឺចាប់យ៉ាងខ្លាំង​ ធ្លាក់ខ្លួនខូចចិត្តមិនអាចមើលថែខ្លួនឯងបាននោះឡើយ។

ដូច្នោះហេីយ​ស្រឡាញ់​អ្នកណាក៏ដោយ អ្នកត្រូវទុកក្តីស្រឡាញ់នៅខ្លួនឯងខ្លះ​ ការពារបេីថ្ងៃណាមួយគេបោះបង់អ្នក​ អ្នកក៏នៅសល់ខ្លួនឯងស្រឡាញ់ខ្លួនឯង។​ ខ្ញុំធ្លាប់បានអានសៀវភៅមួយគេនិយាយថា "មានតែការប្រែប្រួលតែប៉ុណ្ណោះដែលមិនចេះប្រែប្រួល"​ ត្រូវហេីយ គ្រប់យ៉ាងសុទ្ធតែមានការប្រែប្រួលទាំងអស់​ គ្មានអ្វីអាចនៅដូចដេីមរហូតទៅទេ​ សូម្បីតែក្តីស្រឡាញ់​។

76767347845ee0480c6f6948cfddbabd

មនុស្សដែលយេីងស្រឡាញ់​ ជួនកាលក្តីស្រឡាញ់គេក៏កេីនទ្វេដងច្រេីនជាងមុន​ តែជួនកាលក្តីស្រឡាញ់គេចំពោះយេីងក៏ប្រែធ្លាក់ទៅត្រឹមសូន្យវិញ​ គ្មានអ្នកណាអាចនៅដូចដេីមដេីម្បីយេីងរហូតទៅបានទេ​ អ៊ីចឹងហេីយយេីងត្រូវរៀនត្រៀមចិត្តទុកខ្លះទៅ​ ត្រៀមចិត្តទទួលយកការពិត​ បេីដល់ពេលវេលានោះពិតមែនយេីងនឹងមិនសូវពិបាកទទួលយក​ ក៏មិនសូវឈឺចាប់ខ្លាំង៕

អត្ថបទ ៖ អេដមីន ហត់/Knongsrok