មានប្រសាសន៍ក្នុងវេទិកា ចែករំលែកបទពិសោធអាជីវកម្ម កាលពីពេលថ្មីៗនេះ លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ.គួច អេឌ្យូខេសិន បានលើកឡើងថា ជាធម្មតានៅលើលោកនេះ បើគ្មានប្រាក់ទេ នោះយើងមិនអាចធ្វើអ្វីបានឡើយ ប៉ុន្តែចំពោះការធ្វើអាជីវកម្ម ពេលខ្លះយើងអាចដំណើរការបានដោយមិនចាំបាច់ប្រើប្រាស់ថវិកាផ្ទាល់ខ្លួនគ្រប់ចំនួន តែប្រើប្រាស់ប្រាក់កម្ចីពីធនាគារ បានដោយងាយស្រួល។
លោកឧកញ៉ា វេជ្ជបណ្ឌិត បញ្ជាក់ថា៖ «ដើម្បីអាចយកប្រាក់កម្ចីពីធនាគារមកបើកអាជីវកម្មបាន គេត្រូវតែមានទី១ គម្រោងអាជីវកម្ម ( Business Plan) ទៅបង្ហាញគេ ហើយត្រូវបរិយាយលម្អិត Business Plan នេះ ត្រូវចំណាយប៉ុនណា? ឬប៉ុន្មាន? មានទីតាំងនៅតំបន់ណា? មានអតិថិជនពេញនិយមច្រើនទេ?
អាជីវកម្មរបស់យើង មានគុណភាពស្តង់ដារកម្រិតណា? អាចរកចំណូលបានតាមស្ដង់ដារឬទេ? មានធ្វើសវនកម្មហើយឬនៅ? មានបញ្ជីត្រឹមត្រូវហើយឬនៅ? មានផែនការច្បាស់លាស់ឬទេ?»
អ្នកជំនាញអាជីវកម្មឆ្នើមដដែលបន្ថែមថា ៖ «ជាបន្តបន្ទាប់មកនោះ យើងត្រូវដាក់គម្រោងអាជីវកម្មឱ្យធនាគារមើល ឱ្យគេវាយតម្លៃ ព្រោះប្រសិនបើគេមើលឃើញថា យើងមានចំណូលសមរម្យអាចទទួលយកបាន មានគម្រោងច្បាស់លាស់ គឺគេឱ្យយើងខ្ចីភ្លាម ទោះបីការផ្តល់កម្ចីនេះ បានត្រឹមតែពី៦០% ទៅ៧០% ក្តី» ។
ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន រូបនេះបង្ហាញផ្លូវថា មុនពេលអនុញ្ញាតឱ្យបុគ្គលណាម្នាក់ខ្ចីប្រាក់ ទំាងធនាគារ ឬក៏មីក្រូហិរញ្ញវត្ថុ គេតែងតែសិក្សាអំពីបុគ្គលនោះជាមុនសិន ទោះជាបុគ្គលនះមានប្លង់ឱ្យគេរួចហើយក៏ដោយ ព្រោះគេចង់ដឹងថា តើបុគ្គលនោះយកប្រាក់ទៅធ្វើ ដោយបារម្ភខ្លាចអតិថិជនយកថវិកាទៅប្រើខុសគោលដៅ។
លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បញ្ជាក់ថា៖ «គេមិនចង់ឱ្យយើងយកប្រាក់លើសតម្រូវការ ឬយកទៅប្រើប្រាស់ខុសតម្រូវការ ខុសទិសដៅទេ។ ជួនកាលគេឱ្យយើងខ្ចីហើយ គេទៅតាមដានយើងទៀតក៏មាន ពេលខ្លះគេជួយបណ្ដុះបណ្តាលយើង ព្រោះជាទូទៅគេមិនចង់ឱ្យយើងយកថវិកាគេទៅប្រើប្រាស់ខុសគោលដៅ និងមិនចង់ឱ្យយើងបរាជ័យ ឬក្ស័យធនទេ ព្រោះពិបាកទារសំណងមកវិញ ជាពិសេស គេក៏មិនចង់រឹបអូសទ្រព្យរបស់យើងដែរ» ៕
ប្រភព៖ www.interconrooster.com