ពលរដ្ឋខ្មែរភាគច្រើនឱ្យតែចូលដល់អាយុ៥០ទៅ៦០ឆ្នាំ ពួកគាត់ចាប់ផ្ដើមឈឺច្រើន ទុរន់ទុរាដូចមនុស្សវ័យចាស់។ នេះក៏ដោយសារពួកគាត់មានប្រព័ន្ធការពារខ្សោយ។ ហេតុផលដែលធ្វើឱ្យប្រព័ន្ធការពារពួកគាត់
ខ្សោយគឺបណ្ដាលមកពីរបបអាហារនិងរបៀបរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។ ពោលគឺពួកគាត់ហូបចុកអត់គ្រប់ជីវជាតិ ពុំសូវធ្វើលំហាត់ប្រាណ និងរស់នៅដោយភាពធុញថប់ តប់ប្រមល់ ស្មុគស្មាញច្រើន។
បើយើងក្រឡេកទៅមើលពលរដ្ឋនៅប្រទេសអភិវឌ្ឍជឿនលឿន យើងឃើញថា ពួកគេរស់ដល់អាយុ៨០ឆ្នាំមិនទាន់ចាស់ជរាឬទុរន់ទុរាផងទេ។ នោះមកពីពួកគេមានប្រព័ន្ធការពាររាងកាយរឹងមាំល្អ។
ប្រព័ន្ធការពាររាងកាយគេរឹងមាំល្អ គឺមកពីការហូបចុករបស់ពួកគេពេញលក្ខណៈ ពោលគឺគេបរិភោគអាហារ៤ក្រុមដែលមានជីវជាតិនិងវីតាមីនគ្រប់គ្រាន់ ដូចជាក្រុមអាហារដែលមានជាតិប្រូតេអ៊ីន ក្នុងនោះមានត្រី មាន់ ទាជាដើម, ក្រុមអាហារប្រភេទបន្លែផ្លែឈើ, ក្រុមអាហារមានផ្ទុកជាតិ Carbohydrates ដូចជាបាយ ពោត នំប៉័ង, និងក្រុមអាហារជំនួយឆ្អឹង ដូចជាទឹកដោះគោ Yogurt ឈីសជាដើម។
មិនតែប៉ុណ្ណោះ ពួកគេពិសាទឹកបានគ្រប់គ្រាន់ ធ្វើលំហាត់ប្រាណត្រឹមត្រូវនិងទៀងទាត់ល្អ ហើយបរិយាកាសរស់នៅរបស់ពួកគេក៏អំណោយផលល្អថែមទៀត ដែលធ្វើឱ្យអារម្មណ៍ពួកគេជ្រះថ្លា មិនស្មុគ្រស្មាញច្រើនដូចពលរដ្ឋខ្មែរ។
យើងត្រូវដឹងថា ប្រព័ន្ធការពាររាងកាយមានសារៈសំខាន់ណាស់ចំពោះមនុស្សគ្រប់រូប។ បើប្រព័ន្ធការពារយើងចុះខ្សោយ ជំងឺទាំងឡាយនឹងវាយលុករាងកាយយើងភ្លាម។ វាមានតួនាទីយ៉ាងសំខាន់ក្នុងការចម្រាញ់និងសម្លាប់មេរោគក្នុងខ្លួនមនុស្ស តាមរយៈការបញ្ជូនឈាមស ឈាមក្រហម ទៅប្រយុទ្ធប្រឆាំងមេរោគទាំងនោះ។ ដំបូង វាគ្រាន់តែទៅទប់មេរោគសិនតែប៉ុណ្ណោះដើម្បីស្គាល់មេរោគនោះ។
បន្ទាប់ពីស្គាល់មេរោគហើយ វានឹងផលិតប្រព័ន្ធការពារដើម្បីវាយសម្លាប់មេរោគនោះវិញ។ ឧទាហរណ៍ អ្នកកើត HIV បើគាត់បានលេបថ្នាំពង្រឹងប្រព័ន្ធការពាររាងកាយ គឺ HIV មិនអាចវិវឌ្ឍទៅជាជំងឺអេដស៍បានទេ។
ដូច្នេះគាត់អាចរស់បាន១០ទៅ២០ឆ្នាំបន្តទៀតបន្ទាប់ពីកើត ប៉ុន្តែបើគាត់អត់បានលេបថ្នាំពង្រឹងប្រព័ន្ធការពាររាងកាយទេ គឺត្រឹមតែ២ទៅ៣ឆ្នាំគាត់នឹងស្លាប់ ព្រោះ HIV ក្នុងខ្លួនគាត់បានវិវឌ្ឍទៅជាជំងឺអេដស៍។
ឯអ្នកខ្លះទៀត ពួកគាត់មានប្រព័ន្ធការពារចុះខ្សោយ ស្របពេលគាត់មានជំងឺក្រពះផងនោះ ដូច្នេះមេរោគផ្សេងៗក៏វាយលុករាងកាយគាត់ ធ្វើឱ្យគាត់កើតជំងឺឈឺឆ្អឹងឆ្អែងឬជំងឺផ្សេងៗរ៉ាំរ៉ៃ។
ដូច្នេះ សូមពលរដ្ឋខ្មែរគ្រប់រូបពិសាអាហារឱ្យគ្រប់៤ក្រុម ដូចដែលខ្ញុំបានជម្រាបជូនខាងលើ។ ការពិសានេះទៀតសោត ពុំមែនទាល់តែវ័យចាស់ហើយទើបពិសាទេ គឺត្រូវពិសាតាំងពីតូចក្រូចឆ្មារមក។
បន្ថែមពីនេះ សូមពិសាទឹកស្អាតឱ្យបានច្រើន (យ៉ាងតិច២លីត្រក្នុងមួយថ្ងៃ) ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់និងត្រឹមត្រូវ ព្រមទាំងរៀនធ្វើអារម្មណ៍ឱ្យស្រស់ស្រាយច្រើន កុំស្មុគស្មាញពេក កុំតឹងតែងពេក កុំខ្វល់ខ្វាយច្រើនពេក។ បើពុំដូច្នោះទេ យើងនឹងចាស់ជរាឬឈឺទុរន់ទុរាមុនអាយុមិនខាន៕
#MenglyJQauch
#MJQUP