កំណើនអ្នកធ្វើការបានកើនឡើងជាលំដាប់ ចំណែកក្រុមហ៊ុនក៏មានតូចធំទៅតាមនោះដែរ។ ក្នុងក្រុមហ៊ុនមួយមានការគ្រប់គ្រង និងរចនាសម្ព័ន្ធខុសៗគ្នា ហើយប្រមូលផ្តុំមនុស្សទៅតាមសមត្ថភាព ។
យើងតែងសង្កេតឃើញថា ដ្បិតតែប្រទេសខ្លះបានអភិវឌ្ឍន៍ ឬកំពុងអភិវឌ្ឍន៍ក៏ពិតមែន តែថ្នាក់ដឹកនាំមួយចំនួនមិនបានផ្តោតសំខាន់ទៅលើសមត្ថភាពរបស់បុគ្គលិកឡើយ ទង្វើបែបនេះបានបណ្តាលឱ្យក្រុមហ៊ុនឈានទៅរកភាពច្របូលច្របល់ និងមិនរីកចម្រើន។ ជួនកាលនៅក្នុងក្រុមហ៊ុនមួយអាចបង្កើតជាបក្សពួកក៏មានដែរ ។ បើជួបនឹងក្រុមហ៊ុនបែបនេះ នឹងអាចធ្វើឱ្យបុគ្គលិកគ្មានកម្លាំងចិត្តក្នុងការធ្វើការងារ និងមិនបានបញ្ចេញសមត្ថភាពរបស់ពួកគេបានឡើយ ។
ដូច្នេះខាងក្រោមនេះគឺជាស្ថានភាពដែលឧស្សាហ៍ជួបប្រទះនៅក្នុងក្រុមហ៊ុនដែលគ្មានការគ្រប់គ្រងបានត្រឹមត្រូវ។
១. តួនាទីមិនច្បាស់លាស់
ថ្នាក់លើបែងចែកការងារមិនច្បាស់លាស់ ដូច្នេះការងារមានភាពច្របូកច្របល់ ធ្វើឱ្យបុគ្គលិកមិនដឹងថាគួរធ្វើការងារណាមុន ក៏អាចដោយសារថ្នាក់លើរបស់អ្នកផ្ទាល់គ្មានសមត្ថភាពក្នុងការគ្រប់គ្រង តែរូបគេបែរជា កាន់តំណែងខ្ពស់ទៅវិញ។
នៅក្នុងក្រុមហ៊ុនបែបនេះ បុគ្គលិកស្លូតត្រង់រមែងតែងតែធ្វើការច្រើនជាងគេ រូបគេត្រូវបានចាត់ចែងឱ្យធ្វើការណាដែលមិនសូវសំខាន់ ឬមិនត្រូវជំនាញរបស់គេ ហើយរូបគេមិនទទួលបានការឃើញពីភាពសំខាន់ រីឯបុគ្គលិកដែលខ្ជិលច្រអូស បែរជាអង្គុយលេងទៅវិញ ស្រួលខ្លួនទៅវិញ។
២. ការបែងចែកអត្ថប្រយោជន៍ដោយគ្មានតម្លាភាព
បើគ្មានការកំណត់ទៅលើការបែងចែកអត្ថប្រយោជន៍ច្បាស់លាស់ទេ ការងារដែលបានធ្វើ គឺមិនទទួលបានការទទួលស្គាល់ និងគ្មានការលើកទឹកចិត្ត បែបនេះថ្ងៃក្រោយនៅក្នុងការងារមានតែមនុស្សប៉ុន្មាននាក់ប៉ុណ្ណោះដែលសុខចិត្តធ្វើ ព្រោះគេគិតថា ទោះធ្វើ ឬមិនធ្វើក៏គ្មានអ្វីខុសគ្នាដែរ សុទ្ធតែទទួលបានដូចគ្នា។
ដូច្នេះហើយ ការបែងចែកអត្ថប្រយោជន៍គ្មានតម្លាភាព គឺគួរឱ្យខ្លាចណាស់ អ្នកទាំងអស់គ្នាគិតថាមិនធ្វើការក៏ទទួលបានអត្ថប្រយោជន៍ដែរ ខំ ឬមិនខំក៏បានស្មើគ្នា ក្រុមហ៊ុនបែបនេះគឺគ្មានការរីកចម្រើនអ្វីឡើយ ការធ្វើការក៏គ្មានប្រសិទ្ធភាពខ្ពស់ដែរ។ បើនៅតែស្ថិតនៅក្រោមថ្នាក់លើដែលគិតតែផលប្រយោជន៍ទៀតនោះ មានគេជូនកាដូ អញ្ជើញទៅញុំាបាយ មិនយូរទេបុគ្គលិកម្នាក់នេះនឹងអាចឡើងឋានៈលឿន និងប្រាក់ខែខ្ពស់ទៀតផង បរិបថបែបនេះពិតជាធ្វើឱ្យបុគ្គលិកស្មោះត្រង់បាក់ទឹកចិត្ត និងគ្មានកម្លាំងចិត្តធ្វើការបន្តនោះឡើយ ។
៣. ផ្តោតលើទំនាក់ទំនងជាសំខាន់
ប្រើមនុស្សមិនមើលសមត្ថភាព សម្អាងតែមានទំនាក់ទំនងជិតស្និទ្ធនឹងខ្លួន ឱ្យតែមានទំនាក់ទំនងល្អ គឺអាចឡើងតំណែង ហើយអ្នកដែលមានសមត្ថភាពពិតប្រាកដបែរជាមើលរំលង និងមិនទទួលបានការលើកស្ទួយទៅវិញ។ នៅក្នុងក្រុមហ៊ុនបែបនេះ មិននិយាយពីចំណេះ ជំនាញ និងសមត្ថភាពឡើយ គ្រាន់តែនិយាយពីទំនាក់ទំនងល្អតែប៉ុណ្ណោះ។
ឧទារហណ៍៖ បុគ្គលិក "ក" ពូកែនិយាយ តែងតែយកចិត្តថ្នាក់លើ តែចំពោះការងារវិញ គឺមិនអាចទុកចិត្តបានទេ ។ រីឯ បុគ្គលិក "ខ" មិនពូកែនិយាយ ក៏មិនចេះយកចិត្តអែបអបថ្នាក់លើដែរ ប៉ុន្តែការងារវិញធ្វើបានយ៉ាងល្អ។ ចំពោះថ្នាក់លើមួយចំនួន ច្បាស់ណាស់ប្រាកដជាលើកស្ទួយ បុគ្គល "ក" ដែលមានទំនាក់ទំនងល្អជាមួយខ្លួនជាក់ជាមិនខាន៕
អត្ថបទ ៖ Mythical Bird/Knongsrok