ទំនាក់ទំនងស្នេហារវាងមនុស្សពីរនាក់ ផ្អែមល្ហែមនឹងគ្នាសុខៗ ក៏ស្រាប់តែមានអ្វីយ៉ាងមកបំបែកហើយនាំឲ្យអ្នកទាំងពីរឈានដល់ការចែកផ្លូវ ឬបានចាកចេញទាំងស្ងាត់ៗដោយមិនបានត្រៀមចិត្តទុកមុន។
វាមានហេតុផលជាច្រើននៅពីក្រោយនោះ តែក្នុងអត្ថបទនេះយើងលើកហេតុផលសាមញ្ញ ៤ ដែលមនុស្សប្រុសស៊ូចាកចេញពីទំនាក់ទំនងស្នេហាពីមនុស្សស្រីដែលខ្លួនកំពុងពេញស្រលាញ់៖
៤) អ្នកស្ងៀមស្ងាត់ពេក
ភាពស្ងៀមស្ងាត់ពេក មិនសូវចេះមាត់ក ចាំតែឲ្យគេមកនិយាយឬបង្ហាញការបារម្ភរកខ្លួនមុន នោះជារឿងមិនត្រឹមត្រូវឡើយ។ ស្នេហាគឺមានទៅមានមក បើគេចេះបារម្ភពីអ្នក អ្នកក៏គួរតែចេះបារម្ភពីគេដូចគ្នា ហើយពេលខ្លះក៏គួរចេះថែមល្បោយនូវពាក្យ Sweet Sweet ទៅដៃគូម្តងម្កាលដែរ។
៣) ពឹងផ្អែកលើបុរសតែម្ខាង
ធ្វើអ្វីក៏ដោយ ក៏ឲ្យបុរសជាដៃគូជាអ្នកទទួលខុសត្រូវ ជាក់ស្តែងដូចជាការចំណាយជាប្រចាំ ពេលទៅណាត់ជួបគ្នា ទៅទទួលទានអ្វីមួយ ឬទិញរបស់របរអ្វីមួយ អ្នកតែងតែឲ្យខាងបុរសជាអ្នកចេញ។ ស្នេហាមួយដែលអាចគង់វង្សយូរបំផុត គឺលុះត្រាតែខាងបុរសមិនទទួលសម្ពាធ ហើយខាងស្រីរមែងចំណាយខ្លះ ឬអាចពាក់កណ្ដាលម្នាក់ទៅតាមកម្មវិធីជួបជុំនោះ។
២) អ្នកតែងតែលើកឈ្មោះសង្សារចាស់មកនិយាយនៅនឹងមុខគេ
មិនដឹងថាអ្នកកំពុងគិតអ្វីនោះទេ តែបើអ្នកនៅលើកឈ្មោះបុរសដែលអ្នកធ្លាប់ស្រលាញ់ មកនិយាយ មកប្រៀបធៀបនឹងស្ថានភាពបច្ចុប្បន្នរបស់អ្នក បើល្អមិនសូវអីទេ តែបើអាក្រក់វិញនោះ គឺធ្វើឲ្យបុរសជាដៃគូមានការតូចចិត្តជាក់ជាមិនខាន។ យូរទៅគេនឹងមានអារម្មណ៍ថា អ្នកមិនទាន់អាចដកចិត្តពីអ្នកចាស់បាន បែបហ្នឹងក៏គ្មានហេតុផលអ្វីដែលគេត្រូវបន្តនៅនោះដែរ។
១) អ្នកមិនស្ថិតក្នុងជម្រើសរបស់គេ
អារម្មណ៍ស្រលាញ់អាចរាយទៅកាន់មនុស្សជាច្រើន សម្រាប់មនុស្សប្រុសមួយចំនួន តែបើសួរឲ្យរើសយកនរណា លុះត្រាម្នាក់នោះស្ថិតក្នុងជម្រើសដែលគេចង់បាន។ បើអ្នកមិនមែនជាមនុស្សស្រីដែលស្ថិតក្នុងជម្រើសរបស់គេ នោះគេក៏ស្រលាញ់អ្នកត្រឹមតែរយៈពេលខ្លីដែរ ហើយយូរបន្តិចគេក៏ដើរចេញដោយគ្មានស្តាយស្រណោះ តែទង្វើនេះបើលេចចេញមកមែន បុរសនោះគឺអាត្មានិយមបំផុត៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក