ការជ្រើសយកបុរសចាស់ទុំ និងបុរសមានចរិតក្មេងខ្ចី ច្បាស់ណាស់ថា អ្នកនឹងមានជីវិតពីរផ្សេងគ្នា

បុរសដែលចាស់ទុំអាចរៀងម៉ត់ចត់បន្តិច ដ្បិតតែគេមិនសូវជាចេះលេងសើចនិយាយលេបខាយធ្វើឱ្យអ្នកសប្បាយចិត្តក៏ពិតមែន តែអាចផ្តល់សន្តិភាពផ្លូវចិត្តគ្រប់គ្រាន់ដល់រូបអ្នកបាន។ ចំពោះបុរសដែលមានចរិតក្មេងខ្ចីវិញ ដ្បិតតែគេចេះរ៉ូមែនទិក អាចដើរលេងស៊ីផឹកជាមួយអ្នក កំដរអ្នកដើរហើរសប្បាយ តែមិនសូវចេះគ្រប់គ្រងអារម្មណ៍ ហើយមិនបានគិតដល់រឿងអនាគតជាមួយអ្នកឱ្យច្បាស់លាស់នោះឡើយ។

ភាពចាស់ទុំ និងភាពក្មេងខ្ចី គឺជាស្ថានភាពផ្លូវចិត្ត មិនមែនកំណត់លើអាយុនោះឡើយ យ៉ាងណាមិញ ក៏មានបុគ្គលខ្លះទោះជាមួយជីវិតនេះក៏គ្មានចរិតចាស់ទុំដែរ។ បើមិត្តនារីយើងនៅជាមួយមនុស្សប្រុសទាំងពីរប្រភេទនេះ តើនឹងមានជីវិតខុសប្លែកគ្នាបែបណាទៅ?

១. របៀបដែលគេធ្វើល្អដាក់អ្នក

94914079_2892500107454379_9126819608672600064_n

- មនុស្សប្រុសចាស់ទុំ

មិនប្រាកដថានឹងអាចមានភាពរ៉ូមែនទិកអ្វីមែន តែនឹងយកចិត្តទុកដាក់ចំពោះការចូលចិត្តរបស់អ្នក ដូចជា កាហ្វេត្រូវថែមស្ករច្រើនបន្តិច ចូលចិត្តញុំានំខេកនៅហាងណាមួយ... បើថ្ងៃនេះអ្នកនិយាយថាមិនស្រួលខ្លួន គេនឹងកំដរអ្នកនៅផ្ទះ មិនអាចអូសអ្នកចេញទៅក្រៅជាមួយគេដោយភាពអាត្មានិយមនោះឡើយ។ អ្វីដែលល្អរបស់ពួកគេ គឺនៅក្នុងជីវភាពរស់នៅ ប្រើនូវវិធីសន្សំបន្តិចម្តងៗបង្ហាញដល់អ្នក ដ្បិតតែគេមិនសូវចេះរ៉ូមែនទិក តែគេអាចផ្តល់ឱ្យអ្នកនូវភាពស្ងប់សុខ។ តែយូរៗទៅក៏អាចយល់ថាជីវិតគួរឱ្យធុញទ្រាន់ ព្រោះជីវិតដដែលៗគ្មានអ្វីប្លែក។

- បុរសដែលមានចរិតក្មេងខ្ចី

គេអាចទិញផ្កា ជូនកាដូដល់អ្នក ឬពាក់កណ្តាលយប់លាក់បាំងប៉ាម៉ាក់គេចេញទៅរកអ្នក អាចនាំអ្នករត់ទៅដល់ជើងមេឃ ជួនខ្លះផ្តល់ភាពភ្ញាក់ផ្អើលដល់អ្នក។ ពួកគេសុខចិត្តធ្វើរឿងគ្រប់យ៉ាងដើម្បីផ្គាប់ចិត្តអ្នក តែបែរជាភ្លេចនូវការចូលចិត្ត និងពាក្យដែលអ្នកធ្លាប់និយាយទៅវិញ។ ភាពល្អរបស់គេដូចជាភ្លើងកាំជ្រួចដែលមានរយៈពេលដ៏ខ្លី ដល់ពេលដែលគេធុញទ្រាន់ហើយ គឺលែងធ្វើតែម្តង ហើយនៅខំរកលេសគ្រប់បែបយ៉ាងទម្លាក់កំហុសឱ្យអ្នកទៀត សុទ្ធតែអ្នកមិនល្អ មិនមែនគេប្រែប្រួលនោះទេ។ ពេលដែលអ្នកនិយាយថាមិនស្រួលខ្លួន គេធ្វើមុខស្អុយ រអ៊ូថាអ្នកមិនបានទៅកំដរគេដើរលេងទៀតផង ប៉ុន្តែពេលដែលចេញទៅដើរលេងជាមួយគេ គឺពិតជាសប្បាយមែន ព្រោះនៅក្នុងចិត្តគេការសប្បាយគឺជារបស់តែមួយគត់ដែលគេចង់បាន។

២. ការបង្ហាញពីអារម្មណ៍

185243226_6212042368821279_14400531240795384_n

- មនុស្សប្រុសចាស់ទុំ

អារម្មណ៍គេនឹងនរ ចេះគ្រប់គ្រងអារម្មណ៍ខ្លួន ក៏ចេះពីរបៀបប្រាស្រ័យទាក់ទងដែរ អាចនិយាយជាមួយអ្នកដោយចិត្តស្ងប់បាន មិនអាចព្រោះតែរឿងតូចតាចស្រែកគំហកដាក់អ្នកឡើយ ក៏មិនអាចនិយាយពាក្យដែលធ្វើឱ្យអ្នកទាំងពីរប្រះស្រាំចិត្តដែរ រឹតតែមិនអាចឈប់និយាយរកអ្នកនោះទេ គេនឹងស្រុះស្រួលជាមួយអ្នកមុន។ ម្យ៉ាងទៀតគេចៀសវាសមិនឱ្យមានលើកក្រោយឡើយ។ តែពួកគេភាគច្រើនមិនសូវចេះបញ្ចេញអារម្មណ៍ទេ មានពេលខ្លះអាចឱ្យអ្នកយល់ថាសោះកក្រោះ ដ្បិតតែនឹងនរមែន តែខ្វះការរំភើបបន្តិចដែរ។

- បុរសដែលមានចរិតក្មេងខ្ចី

ឱ្យតែមិនសប្បាយចិត្ត ធុញនឹងអ្នកគឺប្លុកអ្នកគ្រប់ពេលវេលា ឱ្យតែមិនគាប់ចិត្ត ដឹងតែស្រែកឡូឡា ឱ្យតែខឹង ដឹងតែនិយាយពាក្យពិបាកស្តាប់ អ្វីក៏ហ៊ាននិយាយដែរ ហើយមិនព្រមទទួលខុសត្រូវនូវលទ្ធផលដែលខ្លួនបាននិយាយនោះទេ រមែងតែឱ្យអ្នកឱនក្បាលសុំទោសគេមុន ទើបគេអភ័យទោសដល់អ្នក ។ អារម្មណ៍របស់គេប្រែប្រួលច្រើន អ្នកតែងតែតាមផ្គាប់ចិត្តគេរហូត។

៣. ពេលដែលអ្នកនិយាយពីទុកលំបាក

94488668_2892499897454400_5868719544628936704_n

- មនុស្សប្រុសចាស់ទុំ

គេនឹងសម្រួលអារម្មណ៍របស់អ្នកឱ្យស្ងប់ជាមុន ហើយទើបរកមធ្យោបាយដោះស្រាយឱ្យអ្នក ប៉ុន្តែបើគេមិនយល់ពីចិត្តរបស់មនុស្សស្រីទេ គេនឹងអាចនិយាយអប់រំជាមិនខាន អាចឱ្យអ្នកមានអារម្មណ៍កាន់តែមិនសប្បាយចិត្ត ព្រោះពួកគេអាចនិយាយដដែលៗ ឬក៏និយាយហេតុផលជាច្រើនដែលអ្នកមិនចង់ស្តាប់ពេលដែលអ្នកមានអារម្មណ៍សៅហ្មង ។

- បុរសដែលមានចរិតក្មេងខ្ចី

គេនឹងនិយាយពាក្យដែលធ្វើឱ្យអ្នកសប្បាយចិត្ត ប្រហែលជាអាចនឹងខ្វល់ខ្វាយនឹងអារម្មណ៍របស់អ្នក ចង់ឱ្យអ្នកសប្បាយចិត្តឱ្យបានលឿន។ ប៉ុន្តែមានមនុស្សប្រុសខ្លះគេក៏មិនចង់ខ្វល់ពីអ្នកដែរ ឱ្យតែអ្នករអ៊ូរទាំគេនឹងOfflineភ្លាម ឱ្យអ្នករកគេមិនឃើញ គេចឱ្យផុតពីទំនួលខុសត្រូវដែលគេមិនចង់បាន។

៤. អំពីអនាគត

185210070_6212042865487896_5771434732470130547_n

- បុរសចាស់ទុំ

មានទំនាក់ទំនងមិនយូរប៉ុន្មាន ពួកគេគឺមានគំនិតគិតរឿងអនាគតជាមួយអ្នកដោយស្ងាត់ៗ នឹងចេះទៅពិចារណាវែកញែកអំពីគ្រួសារ និងការងារ។ បើមិនសក្តិសមនឹងប្រញាប់បែកគ្នាភ្លាម តែបើសក្តិសមវិញ រឹតតែយកចិត្តទៅបណ្តុះបណ្តាលនៅក្នុងស្នេហានោះ។ ចំពោះអនាគតមានបំណងអ្វីនោះក៏នឹងលើកនិយាយចេញមកដោយច្បាស់លាស់ មិនអាចដល់ប៉ុន្មានឆ្នាំក្រោយពេលដែលរៀបការមានកូនហើយយល់ថាមិនត្រូវគ្នាហើយបែកពីអ្នកនោះទេ។ ចំពោះជីវិតរស់នៅរបស់ខ្លួនក៏មានគម្រោង និងការពិចារណាច្បាស់លាស់ មិនមែនរស់មួយថ្ងៃគិតមួយថ្ងៃនោះឡើយ។

- បុរសដែលមានចរិតក្មេងខ្ចី

អ្វីដែលពួកគេចូលចិត្តនោះ គឺឱ្យតែសប្បាយទៅបានហើយ ខ្វល់រឿងថ្ងៃស្អែកធ្វើអ្វី។ ហើយពេលដែលជួបនឹងមនុស្សដែលខ្លួនយល់ថាចូលចិត្ត ងាយនឹងឱ្យពួកគេផិតក្បត់ ព្រោះពួកគេពីដើមមកមិនបានគិតពីលទ្ធផលឡើយ ក្នុងចិត្តគិតថា សង្សារខ្លួនមិនដឹងទៅបានហើយ ចំពោះរឿងអនាគតក៏គ្មានគំនិត និងគម្រោងអ្វីដែរ ពួកគេយល់ថាគិតច្រើនគ្មានប្រយោជន៍នោះឡើយ ព្រោះរឿងក្នុងលោកមានការប្រែប្រែលច្រើន៕

អត្ថបទ ៖ Mythical Bird/Knongsrok