មនុស្សពីរនាក់ស្គាល់រាប់អានគ្នារយៈពេលយូរ យូរទៅក៏មានកូនចិត្តលើសពីមិត្តភ័ក្ដិ ហើយមានអារម្មណ៍ថាកាន់តែស្និទ្ធស្នាលជាងមុន។ ពេលខ្លះអ្នកបែងចែកមិនត្រូវនោះទេ ថាទំនាក់ទំនងរវាងអ្នកនិងអ្នកម្ខាងទៀត ជាមិត្តភ័ក្ដិធម្មតា ឬអ្វីឲ្យប្រាកដ?
ក្នុងអត្ថបទនេះ Knongsrok បង្ហាញពីចំណុចរសើបទាំង ៧ ដែលអ្នកអាចដឹងបានថា ព្រំដែនមិត្តភ័ក្ដិរវាងអ្នកទាំងពីរបានរំកិលទៅដល់ចំណុចថ្មីមួយទៀតហើយ (ឬអាចជាស្នេហា)៖
១) គេផ្ញើសារផ្អែមល្ហែមមកអ្នក
លើសពីការសួរសុខទុក្ខធម្មតា គេចេះប្រើពាក្យស៊ីអារម្មណ៍ ចេះសួរនាំច្រើនជាងមុន ហើយការនិយាយស្តីអ្វីគឺគេគិតគូរល្អិតល្អន់បំផុត ដោយមិនសូវលេងសើចពាក្យធ្ងន់ដូចមុន ងាយនឹងនាំឲ្យប៉ះពាល់អារម្មណ៍យើងនោះទេ។
២) មិត្តភ័ក្ដិដទៃគេចាប់ផ្តើមសាទរទំនាក់ទំនងអ្នក
ភាពស្និទ្ធស្នាល ឬអារម្មណ៍ស្នេហានៅពេលដែលកើតឡើង គឺងាយនឹងឲ្យអ្នកផ្សេងចាប់អារម្មណ៍លឿនបំផុត ថារវាងអ្នកកំពុងស្រលាញ់គ្នា ឬរាប់អានគ្នាធម្មតា។ បែបនេះនៅពេលមិត្តភ័ក្ដិចាប់ផ្តើមសាទរពីមាត់មួយទៅមាត់មួយ ហើយសួរនាំពីម្ខាងទៀតតាមរយៈអ្នកកាន់តែច្រើនឡើងនោះ វាជាចំណុចដែលអ្នកគួរតែត្រូវច្បាស់ពីខ្លួនឯងហើយ។
៣) មានអារម្មណ៍ចេះប្រច័ណ្ឌ
បើត្រឹមមិត្តភក្តិធម្មតា អ្នកមានតែសាទរពេលឃើញគេជួបនរណាល្អម្នាក់ តែបើអ្នកឃើញគេនៅជាមួយអ្នកផ្សេង ទោះអ្នកនោះគេមិនបានធ្វើអ្វីអាក្រក់ ក៏អ្នកចាប់មានកូនចិត្តចេះអន់ចិត្ត ចេះប្រច័ណ្ឌខឹងសម្បាគេដែរ។
៤) ចាប់សួរនាំគ្នាពីអនាគត
ជាមិត្តភក្តិធម្មតាមិនសូវចង់ដឹងលឺច្រើននោះទេ ថាទៅថ្ងៃមុខអ្នកចង់មានជីវិតបែបណា ឬចង់បានមនុស្សប្រភេទណា? តែបើមានអារម្មណ៍ស្រលាញ់ អារម្មណ៍ពេញចិត្តគ្នាហើយ គឺចាប់ផ្តើមចង់ដឹងចង់លឺ ថាអ្នកមានចំណូលចិត្តជាមួយមនុស្សបែបណា ហើយចង់បានជីវិតរស់នៅបែបណាទៅថ្ងៃខាងមុខជាដើម។
៥) ទៅណាមកណាលែងចង់មានមិត្តភ័ក្ដិច្រើន
កាលនៅជាមិត្តពេលទៅណាមកណា អ្នកចង់មានមិត្តភ័ក្ដិច្រើន ដើម្បីមកបានជាគ្នា មិនសូវឲ្យអផ្សុក។ លុះតែឈានដល់ចំណុចបង្កាត់ភ្លើងស្នេហ៍ដំបូង ជឿទៅគឺអ្នកទាំងពីរចង់តែនៅពីរនាក់ប៉ុណ្ណោះ ហើយលែងចង់មានគ្នាអ៊ូអរមករំខានច្រើនដូចមុនហើយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក