ឆ្ងល់ទេ ហេតុអ្វីមនុស្សស្រីភាគច្រេីនលង់ស្រឡាញ់មនុស្សប្រុសព្រាននារី? ខាងក្រោមនេះជាចរិតរបស់មនុស្សប្រុសព្រាននារីដែលធ្វេីឱ្យនារីភាគច្រេីនលង់ស្រឡាញ់ ៖
១. សម្តីផ្អែម
មនុស្សប្រុសខិលខូច មិនស្មោះស្នេហ៍ ភាគច្រេីនពូកែនិយាយពាក្យផ្អែមល្ហែម ព្រោះពួកគេអាចទាក់ចិត្តមនុស្សស្រីឱ្យលង់ស្រឡាញ់គេបានដោយសារតែពាក្យសម្តីរបស់គេនេះហេីយ។ ព្រាននារីភាគច្រេីនសុទ្ធសឹងតែជាមនុស្សមានថ្វីមាត់ ពូកែញ៉ែ គេចេះអះអាង ស្បថស្បែ គេចពូកែបត់បែន គេចេះស្ទេីរទាំងអស់ ព្រោះតែគេពូកែរកទំនុកនិយាយ ចេះញ៉េះញ៉ោះកំប្លុកកំប្លែង ព្រោះតែបែបនេះហេីយទេីបមនុស្សស្រីភាគច្រេីនធ្លាក់ក្នុងអន្លង់ស្នេហ៍របស់ពួកគេយ៉ាងងាយ។
២. ពូកែលួងលោម
ព្រាននារីភាគច្រេីនជាមនុស្សពូកែលួងលោមណាស់ មានពាក្យសម្តីយកមកលួងគ្រប់បែបផែន ដោយហេតុថាមនុស្សស្រីយេីងចូលចិត្តឱ្យគេលួងផងនោះ រឿងអីថាមិនចាញ់ស្នេហ៍គេនោះ។ មនុស្សប្រុសដែលសាវា ភាគច្រើន ទោះខុសយ៉ាងណា ក៏គេចេះរកទំនុក ចេះលន់តួ លួងលោមមុស្សស្រី មិនត្រឹមតែទន់ចិត្តទេ ទន់ដល់ទាំងឆ្អឹងថែមទៀតផង។
៣. មិនសូវចេះសាំញ៊ាំ
ភាគច្រេីនមនុស្សប្រុសខូចខិល មានចរិតព្រងេីយកន្តេីយ មិនសូវជាសាំញ៊ាំច្រេីន មិនចូលចិត្តឈ្លោះប្រកែកនឹងរឿងតូចតាច អត់ប្រយោន៍ មិនសូវចេះសន្សំរឿងទុកក្នុងចិត្ត ហេីយគេរឹតតែមិនចូលចិត្តរំឭក ឬលេីកយករឿងដែលហួសហេីយមកនិយាយដដែលៗនោះដែរ។ ពួកគេក៏ជាមនុស្សឆាប់ខឹង ឆាប់បាត់ផងដែរ ត្រូវនឹងមនុស្សស្រីមិនចូលចិត្តឱ្យអ្នកណាទុកគេចោលយូរផងនោះ ទេីបធ្វេីឱ្យគេបាក់ចិត្តស្រឡាញ់មនុស្សប្រុសបែបនេះ។
៤. មិនបង្ហាញភាពទន់ជ្រាយឱ្យអ្នកណាឃេីញ
មនុស្សប្រុសដែលមានចរិតខូចខិល ព្រាននារីនេះ មិនសូវជាចូលចិត្តបង្ហាញអារម្មណ៍ខ្លួនឯងឱ្យអ្នកណាបានឃេីញឡេីយ ជារឿយៗគេចូលចិត្តលាក់ទុកតែម្នាក់ឯង ក៏ព្រោះតែបែបនេះហេីយ ទេីបមនុស្សស្រីលង់ស្រឡាញ់ព្រាននារី ព្រោះមនុស្សស្រីចូលចិត្តមនុស្សប្រុសដែលរឹងមាំ មិនទន់ខ្សោយ ហេីយពូកែដ្រាម៉ាដូចមនុស្សស្រីនោះទេ។
ទាំងអស់នេះហេីយ ជាហេតុផលដែលធ្វេីឱ្យមនុស្សស្រីភាគច្រេីនជឿលង់ទៅនឹងមនុស្សប្រុសព្រាននារី ដោយសារមេីលតែទៅលេីចំណុចដែលគេបង្ហាញចេញមក ដោយភ្លេចគិតទៅថា យេីងអាចនឹងឃេីញអ្វីដែលគេចង់ឱ្យយេីងឃេីញតែប៉ុណ្ណោះ។ ហេីយជាញឹកញាប់ក៏ត្រូវមកអង្គុយខូចចិត្តព្រោះតែព្រាននារីធ្វេីឱ្យឈឺចាប់ រួចក៏យំស្តាយក្រោយដែលមេីលរំលងសុភាពបុរសល្អៗ។
អ្នកណាក៏ធ្លាប់បានឮថាមនុស្សប្រុសណាពូកែលួង មនុស្សប្រុសហ្នឹងហើយដែលពូកែបោក ព្រោះតែគេជាមនុស្សប្រុសខិលខូច ធ្លាប់បោកចិត្តគេច្រេីន ទេីបគេចេះដឹងពីរបៀបយកចិត្តមនុស្សស្រី យកចិត្តបានហេីយក៏ដោះដៃឱ្យមនុស្សស្រីទឹកភ្នែក ញ៉ែស្រីពីមួយទៅមួយដោយសម្អាងទៅលេីថ្វីមាត់របស់គេ ប្រេីពាក្យផ្អែមមកបោកចិត្តឱ្យវង្វេង តំណែងគូស្នេហ៍មិនដឹងថាជាមនុស្សស្រីទីប៉ុន្មាន។
ដឹងហេីយឮហេីយថាបែបនេះ តែក៏ហាមចិត្តខ្លួនឯងមិនបានព្រោះធម្មជាតិរបស់មនុស្សស្រី គឺចូលចិត្តឱ្យគេលួង ចង់ឱ្យមនុស្សខ្លួនឯងស្រឡាញ់និយាយផ្អែមដាក់។ សុភាពបុរសភាគច្រេីនចូលចិត្តបន្ទោសមនុស្សស្រីថា មនុស្សប្រុសល្អៗស្រឡាញ់មិនកេីតទេ ពេញចិត្តតែមនុស្សដែលស្មោះត្រឹមការសម្តែង មនុស្សប្រុសមិនខូចមនុស្សស្រីមិនស្រឡាញ់។
អាចទេជំនួសឱ្យការបន្ទោសបែបនេះ ហេតុអីមនុស្សប្រុសល្អៗមិនរៀនផ្តល់ភាពផ្អែមល្ហែម ការលួងលោមដល់មនុស្សស្រីខ្លួនឯងស្រឡាញ់ជំនួសវិញ គ្មានមនុស្សស្រីណាចូលចិត្តឱ្យមនុស្សខ្លួនស្រឡាញ់ទុកចោល ហេីយនិយាយគំរោះគំរេីយដាក់នោះឡើយ ដូច្នេះហើយ សង្ឃឹមថា បុរសល្អៗទាំងអស់ បើស្មោះហើយ ជួយរៀនពីវិធីលួងលោម យកចិត្តមនុស្សស្រីខ្លះផង កុំអាងថាខ្លួនស្មោះ ចេះតែគំរោះគំរើយ ហើយទុកនាងចោលនោះ៕
អត្ថបទ ៖ អេដមី ហត់ / ក្នុងស្រុកសូមរក្សាសិទ្ធិ