ពេលខ្លះអ្នកសល់សាប៊ូដុសខ្លួនប្រភេទដុំ ដែលខ្លះគិតថាឈប់ប្រើប្រាស់ ឬពេលខ្លះទុកចោលពេក គិតថាអស់គុណភាព ហើយក៏ប្រមូលបោះចោល។ តាមពិតទៅវានៅមានប្រយោជន៍ច្រើនណាស់ ដែលអ្នកមិនគួររំលងទេ ហើយវាក៏រាប់បានជាការសន្សំសំចៃដ៏ល្អមួយដែរ
ខាងក្រោម Knongsrok បង្ហាញពីប្រយោជន៍ ១០ ដែលអ្នកអាចច្នៃសាប៊ូដុំទាំងនោះ មកក្លាយជារបស់បានការ៖
១០) ប្រើមកដុសសម្អាតជញ្ជាំងដែលបិទរូប
ពេលខ្លះអ្នកបិទក្រដាសរូបភាពលើជញ្ជាំង ហើយពេលចង់បកមកវិញ គឺវាជាប់ភាពស្អិត ពិបាកនឹងសម្អាតឲ្យស្អាតខ្លាំងណាស់។ យ៉ាងណាអ្នកអាចប្រើសាប៊ូដុំមកជួយបាន
ដោយយកវាមកត្រដុសលើទីតាំងដែលប្រឡាក់ ហើយលាងសម្អាតជាមួយទឹកក្តៅជាការស្រេច។
៩) ជួលជុលរូតដែលខូច
រូតសំលៀកបំពាក់ខ្លះយើងខានប្រើប្រាស់យូរ វាស្ងួតពេក ទៅជារឹងជាប់ ប្រើលែងកើត។ កុំទាន់បោះចោល បើអ្នកជួបបញ្ហានេះ អ្នកអាចយកសាប៊ូដុំនោះមកត្រដុសរុញលើរូត ហើយអ្នកនឹងឃើញលទ្ធផល។
៨) ដោះចិញ្ចៀនដែលតឹងនៅដៃ
ពេលដៃអ្នកធំជាងចិញ្ចៀន ពេលពាក់ចូលវាអាចងាយ តែពេលដោះមកវិញ គឺពិបាកខ្លាំងណាស់ និយាយទៅតឹងតែម្តង។ អ្នកអាចយកសាប៊ូដុំមត្រដុសនៅជុំវិញម្រាមដៃនិងចិញ្ចៀន ហើយព្យាយាមធ្វើការទាញវាថ្នមៗម្តងទៀត អ្នកនឹងបានឃើញលទ្ធផល។
៧) ជួយឲ្យស្បែកស្បែកជើងទន់ល្អ
ស្បែកជើងដែលមានសភាពស្បែកឡើងរឹង អ្នកក៏អាចយកសាប៊ូដុំនេះមកកែច្នៃបានដែរ។ វាមិនពិបាកនោះទេ ដោយគ្រាន់តែយកវាមកត្រដុសនៅផ្នែកក្រណាត់ខាងក្នុង នោះអ្នកនឹងទទួលបានលទ្ធផលដោយឃើញថាវារាងមានសភាពទន់ជាងមុន។
៦) លាងសម្អាតផ្នែកខាងក្រោមនៃក្រចក
ពេលខ្លះយើងទៅដកស្មៅ ឬជីកដី ច្រើនតែប្រឡាក់ដៃចូលក្នុងក្រចក ហើយបើចង់សម្អាតវាចេញមកវិញ គឺពិបាកបន្តិច។ យ៉ាងណាសាប៊ូដុំគឺអាចជួយអ្នកបាន ដោយរបស់យើងឈប់ប្រើទៅហើយ អ៊ីចឹងអាចយកក្រចកយើងមកឆ្កឹះលើសាប៊ូនោះតែម្តង
រួចមកធ្វើការលាងទឹក វានឹងជម្រះជាតិដីចេញមកខាងក្រៅហើយ។
៥) ជួយរក្សាក្លិននៃសំលៀកបំពាក់
សំលៀកបំពាក់ដែលអ្នកទុកចោលយូរ ឬទុកផ្អាប់ចោល វាអាចនឹងងាយធំក្លិន បែបនេះអាចយកសាប៊ូដុំនៅះមករុំនៅថង់មួយ ហើយយកមកព្យួរឬទុកក្នុងទីតាំងដែលអ្នកមានសំលៀកបំពាក់ច្រើន ដើម្បីរក្សាក្លិនដ៏ល្អមួយ និងមិនឲ្យធំក្លិនអាក្រក់។
៤) ជួយដោះស្រាយសំឡេងចេញពីទ្វារ
ទ្វារពេលយើងខានប្រើប្រាស់យូរ ឬមិនសូវចាក់ប្រេង វាតែងតែលឺសំឡេងរំខាន។ អ្នកក៏អាចយកសាប៊ូដុំមកដោះស្រាយបញ្ហានេះបានដែរ
ដោយគ្រាន់តែយកវាមកជ្រលក់ជាមួយទឹកឲ្យឡើងរអិលបន្តិច ហើយទៅរុញចុះឡើងជុំវិញត្រចៀកទ្វារនោះជាការស្រេច។
៣) ប្រមូលអំបែងកញ្ចក់
ពេលកញ្ចក់ប្រេះស្រាំ ដែលបែកចេញពីកែវ ឬផ្ទៃកញ្ចក់ធំណាមួយ យើងពិបាកនឹងប្រមូលកម្ទេចតូចៗខ្លាំងណាស់។ បែបនេះយើងអាចយកសាប៊ូដុំនោះ មកត្រដុសទៅលើផ្ទៃដែលរាយប៉ាយកម្ទេចកញ្ចក់ ហើយវានឹងដក់ជាប់មកលើដុំសាប៊ូជាមិនខាន។
២) ក្រណាត់ដែលជាប់ពណ៌
ពេលខ្លះយើងយកក្រណាត់ទៅប៉ះនឹងថ្នាំលាបសក់ ឬថ្នាំពណ៌ណាមួយ ហើយពេលដែលវាជាប់ជាតិថ្នាំនោះគឺពិបាកនឹងសម្អាតបានណាស់។ អ្នកអាចយកសាប៊ូដុំ មកជ្រលក់ទឹក ហើយព្យាយាមត្រដុសទៅលើបរិវេណក្រណាត់ និងចាក់ទឹកក្តៅឧណ្ណៗមកលើវា អ្នកនឹងបានឃើញលទ្ធផល។
១) បំបែកវាទៅជាសាប៊ូទឹក
អ្នកក៏អាចច្នៃសាប៊ូដុំមកក្លាយជាសាប៊ូទឹកលាងដៃបាន ដោយយកវាមកត្រដុសឲ្យចេញជាកម្ទេច ហើយលាយជាមួយប្រេងដូងមួយស្លាបព្រា និងទឹកធម្មតាប្រមាណ ៧០០ ម.ល សឹមកូរវាចូលគ្នាជាការស្រេច៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក