កុំសង្ឃឹមថាស្នេហារបស់នឹងរឹងមាំ គង់វង្ស យូរអង្វែងដូចទៅនឹងសុីម៉ងត៍នោះ ប្រសិនបេីអ្នកតែងតែយកពាក្យបែកគ្នាមកដាក់នៅពីមុខ គ្រប់ពេលដែលមានបញ្ហា ឈ្លោះទាស់ទែងគ្នានោះ ពាក្យថាបែកគ្នា អាចនឹងងាយស្រួលនិយាយ តែអ្នកដែលស្តាប់បានឮហេីយ ក៏រមែងតែមានអារម្មណ៍ថាមិនស្រណុកនឹងពាក្យមួយនេះទាល់តែសោះ។
ពាក្យថាបែក អាចជាពាក្យតែមួយម៉ាត់ក៏ពិតមែន តែពេលដែលស្តាប់ឮហេីយ វាពិតជាទេីសចិត្តខ្លាំងមែនទែន ជួនកាលអ្នកក៏ធ្វេីឱ្យដៃគូរបស់អ្នក មានអារម្មណ៍ធុញទ្រាន់នឹងចរិតមួយនេះរបស់អ្នកដែរ អាងអីអាងបែក អាងអីអាងចែកផ្លូវគ្នា វាពិតជាសង្គៀរត្រចៀកខ្លាំងណាស់។
បេីមានបញ្ហាអីមិនយល់ចិត្ត ហេតុអីមិននិយាយគ្នាឱ្យស្រួលៗ ពន្យល់គ្នាម្នាក់ម្តង និយាយគ្នាដោយប្រេីហេតុផល វាល្អប្រសេីរជាងការដែលយេីងប្រេីពាក្យបែកដាក់គ្នាជាច្រេីនលើកច្រើនសារបែបនេះ។ ត្រូវចាំថា សម្តីដែលចេញពីមាត់យេីងរួចទៅហេីយ យេីងមិនអាចលេបចូលទៅវិញបាននោះទេ ជួនកាលយេីងនិយាយថាបែក ឯម្នាក់ទៀតតែងតែជាអ្នកប្រកែកថាមិនបែក រួចយេីងក៏ជានាគ្នាវិញ។
តែអ្នកត្រូវដឹងថា ពាក្យបែកដែលអ្នកបាននិយាយចេញទៅនោះ វាបានបំផ្លាញអារម្មណ៍គេមួយចំណែករួចបាត់ទៅហេីយ។ ពេលអ្នកនិយាយពាក្យបែក គេប្រកែក ព្រោះគេមិនចង់បាត់បង់ តែបេីអ្នកនៅតែរក្សាចរិតមួយនេះដដែលៗ ឈ្លោះគ្នាតិចតួចអ្នកធ្វេីខ្លាំងអាងបែកគ្រប់ពេលបែបហ្នឹង គង់តែមានថ្ងៃដែលគេនឹងទៅពិតមែន ហេីយកុំបាច់មកអង្គុយស្តាយក្រោយឱ្យសោះ ព្រោះអ្នកជាអ្នកដេញគេច្រេីនលេីកមកហើយ។ ហើយពេលដែលគេចាកចេញទៅនោះ ក៏ព្រោះតែគេទ្រាំបន្តលែងបាន គេក៏អស់ភាពអត់ធ្មត់ចំពោះចរិតដដែលៗបែបហ្នឹងរបស់អ្នក៕
អត្ថបទ ៖ អេដមីន ហត់ / ក្នុងស្រុកសូមរក្សាសិទ្ធិ