មនុស្សជាច្រើន តែងតែបន្ទោសមនុស្សស្រី ដែលសុខចិត្តទ្រាំជាមួយនឹងមនុស្សដែលតែងតែធ្វើឱ្យនាងឈឺចាប់ តែងតែអភ័យទោស ឱ្យមនុស្សដែលតែងតែក្បត់ខ្លួនម្ដងហើយម្ដងទៀត គ្រប់គ្នាបន្ទោសនាងដែលទន់ជ្រាយ ចេះតែលើកលែង ទន់ចិត្ត ទោះបីខ្លួនត្រូវឈឺចាប់ច្រើនលើកច្រើនសារ នៅតែព្យាយាមរក្សាទំនាក់ទំនងដែលមានតែការឈឺចាប់ មិនព្រមបែក។
មែនហើយ មនុស្សស្រីកម្មណាស់ ទោះបីឈឺចាប់ក៏នៅតែទ្រាំ ទោះបីគេក្បត់ក៏នៅតែអភ័យ គ្រាន់តែពាក្យសម្ដីសុំទោស ពាក្យសន្យាថានឹងកែ ក៏ព្រមលើកលែងឱ្យគេមួយដង ជាពីរដង រហូតដល់មានឈ្មោះជាមនុស្សស្រីល្ងង់ខ្លៅ សាច់កម្ម ក៏នៅតែបណ្ដោយឱ្យខ្លួនឯងដុនដាប ទ្រុឌទ្រោមនឹងទំនាក់ទំនងមួយនេះ។
ប៉ុន្តែការពិតនៃភាពល្ងង់ឆោត សាច់កម្មរបស់មនុស្សស្រី មិនមែននាងមិនដឹងនោះទេ តែព្រោះតែសេចក្ដីស្រឡាញ់ ចិត្តមេត្តា ការលើកលែងទោស ការទុកឱកាស ព្រោះយល់ថា មនុស្សម្នាក់នឹងកែ មនុស្សម្នាក់នេះ អាចប្រែជាមនុស្សល្អមកវិញ ដឹងខុសត្រូវ ល្អអាក្រក់ យល់ពីសេចក្ដីស្រឡាញ់ និងភាពស្មោះត្រង់យ៉ាងពិតប្រាកដ ទើបនាងសុខចិត្តមានឈ្មោះជាមនុស្សល្ងង់ ហើយក៏ព្រមបន្តទំនាក់ទំនងទាំងនេះ ដោយគិតថា អាចមានស្នេហាមួយដ៏ល្អ និងមានអនាគត ចាស់ទៅជាមួយគ្នា។
ជាក់ស្ដែង អ្វីដែលនាងទ្រាំ ព្រោះមិនចង់បែកបាក់ស្នេហាម្ដងហើយម្ដងទៀត ព្រោះមិនចង់សាងទំនាក់ទំនងស្នេហាជាមួយអ្នកទីពីរ ឬទីបី ទើបនាងចេះតែទ្រាំ ហើយក៏ចង់ទុកឱកាសឱ្យមនុស្សដែលខ្លួនស្រឡាញ់បានកែប្រែផងដែរ។ មិនមែននាងល្ងង់ទេ តែមកពីនាងស្មោះត្រង់ពេក នាងចិត្តទន់ពេក នាងចិត្តទូលាយពេក ទើបទ្រាំទូលរែកការឈឺចាប់ម្ដងហើយម្ដងទៀត ដើម្បីប្ដូរយកទំនាក់ទំនងមួយនេះ។
តែសូមចាំផងថា បន្ទាប់ពីនាងទ្រាំអស់ចិត្ត បន្ទាប់ពីនាងឆ្អែតចិត្តខ្លាំង បន្ទាប់ពីនាងទុកឱកាសឱ្យអ្នកច្រើនលើកពេក វាក៏ដល់ពេលដែលនាងនឹងដើរចេញពីអ្នកទៅ ដោយលែងមានចិត្តអាឡោះអាល័យ ស្ដាយស្រណោះអ្វីទៀតដែរ ហើយកុំថាឡើយទុកឱកាស តែឈ្មោះរបស់អ្នកក៏នាងមិនរំឭកផង ដូច្នេះ តំណែងរបស់អ្នក ក្នុងចិត្តនាង ក៏លែងមានជារៀងរហូតទៅ៕
អត្ថបទ ៖ PH Knongsrok / ក្នុងស្រុកសូមរក្សាសិទ្ធិ