ពីមុនអ្នកក្បត់ខ្ញុំ ព្រោះអ្នកមិនចេះឆ្អែតឆ្អន់ ពេលនេះខ្ញុំក្បត់អ្នកវិញម្តង ព្រោះគេស្រឡាញ់ខ្ញុំជាងអ្នក។ ក្តីស្រឡាញ់មនុស្សប្រុស និងមនុស្សស្រីមិនដូចគ្នាទេ មនុស្សប្រុសដំបូងៗក៏ស្រឡាញ់ណាស់ យូរៗទៅក៏ថយទៅបន្តិចម្តងរហូតដល់អស់រលីងនៅពេលបានជួបអ្នកថ្មី។ ចំណែកឯមនុស្សស្រីវិញ ដំបូងៗមិនសូវជាស្រឡាញ់ប៉ុន្មានទេ តែយូរៗទៅក៏ស្រឡាញ់ខ្លាំងទៅៗ ស្រឡាញ់ខ្លាំង ស្មោះស្ម័គ្រមិនដែលគិតថាក្បត់ ឬមានចិត្តទៅឱ្យអ្នកណាផ្សេង រហូតដល់ត្រូវបានមនុស្សដែលខ្លួនឯងស្រឡាញ់ក្បត់ក៏នៅតែលេីកលែងទោសម្តងហេីយម្តងទៀត។
តែដោយគេរវល់តែលួចលាក់ជាមួយមនុស្សស្រីថ្មីរបស់គេ គេក៏មិនដែលខ្វាយខ្វល់ចាប់អារម្មណ៍យកចិត្តទុកដាក់នឹងយេីងដូចកាលស្រឡាញ់គ្នាដំបូងៗឡេីយ ក្នុងពេលជាមួយគ្នានេះ ក៏មានមនុស្សប្រុសម្នាក់ផ្សេងទៀត ដែលគេសុំស្រឡាញ់យេីងដំណាលគ្នានឹងសង្សារយេីងដែរ តែយេីងបែរជាមិនជ្រេីសរេីសយកគេនោះ។
មើលរំលងមនុស្សដែលតែងតែនៅក្បែរយេីង លួងលោមយេីងពេលដែលសង្សារយេីងធ្វេីបាបចិត្ត តាំងពីដេីមមកដល់ឥឡូវ គេម្នាក់នោះនៅតែដូចដេីម នៅតែស្រឡាញ់ខ្ញុំ បារម្ភភ័យព្រួយពីខ្ញុំ ទោះបីខ្ញុំនៅក្បែរអ្នកណាក៏ដោយចុះ គេក៏ស្ម័គ្រចិត្តនៅក្បែរខ្ញុំ ធ្វេីគ្រប់យ៉ាងឱ្យតែខ្ញុំសប្បាយចិត្ត គេក៏ពេញចិត្ត ហេីយ ខ្ញុំក៏ដឹងថាគេឈឺមិនស្ទេីរទេ ដែលខ្ញុំមិនជ្រេីសរេីសឱ្យគេមេីកថែខ្ញុំ បែរជាជ្រេីសយកអ្នកផ្សេង តែគេក៏ព្រមគោរពតាមការសម្រេចចិត្តរបស់ខ្ញុំ ព្រោះអ្វីក៏ដោយឱ្យតែខ្ញុំធ្វេីទៅមានក្តីសុខគេក៏ស្របតាមទាំងអស់។
ទោះបីគេត្រូវឈឺយ៉ាងណាក៏គេមិនខ្វល់ដែរ គេគួរណាស់តែស្អប់ ហេីយសមមុខនឹងខ្ញុំដែលធ្វេីមិនជ្រេីសយកគេ ធ្វេីឱ្យគេត្រូវឈឺ តែគេបែរជាស្រឡាញ់ហេីយអាណិតខ្ញុំលេីសដេីម នៅពេលឃេីញខ្ញុំត្រូវមកហូរទឹកភ្នែកព្រោះតែមនុស្សដែលខ្ញុំស្រឡាញ់បែបនេះ។
គេមិនមែនជាសង្សារខ្ញុំ តែគេបែរជាបំពេញតួនាទីគ្រប់យ៉ាងដែលសង្សារខ្ញុំគួរតែធ្វេី ជំនួសសង្សារខ្ញុំ ទង្វេីរបស់គេក៏ធ្វេីឱ្យខ្ញុំភ្លេចខ្លួនលង់ស្រឡាញ់គេម្តងបន្តិច រហូតដល់ភ្ញាក់ខ្លួនម្តងទៀត ខ្ញុំក៏ដឹងច្បាស់ថាខ្ញុំស្រឡាញ់គេបាត់ទៅហេីយ។ គេជាអ្នកជូតទឹកភ្នែកពេលដែលសង្សារខ្ញុំធ្វេីឱ្យខ្ញុំយំ ក្តីស្រឡាញ់គេមិនដែលប្រែប្រួលដូចដែលសង្សារខ្ញុំធ្វេីដាក់ខ្ញុំនោះទេ។
ខ្ញុំក៏សម្រេចចិត្តថាបញ្ចប់ទំនាក់ទំនងដែលគេមិនឱ្យតម្លៃ ហេីយជ្រេីសរស់ក្បែរមនុស្សដែលគេផ្តល់តម្លៃឱ្យខ្ញុំវិញម្តង។ បន្ទោសចុះថាក្តីស្រឡាញ់ខ្ញុំមិនឋិតថេរ តែក៏គួរតែបន្ទោសខ្លួនឯងផងថា អ្នកជាមនុស្សតែម្នាក់ដែលធ្វេីឱ្យខ្ញុំចាកចេញពីអ្នករួចជ្រេីសយកគេ អ្នកក្បត់ខ្ញុំព្រោះអ្នកមិនចេះគ្រប់គ្រាន់ អ្នកបាត់បង់ខ្ញុំទៅឱ្យគេមិនមែនព្រោះគេដណ្តេីមខ្ញុំពីអ្នកទេ តែព្រោះអ្នកមិនដែលគិតចង់ថែរក្សាខ្ញុំ ពេលនេះខ្ញុំអស់ចិត្តពីអ្នកវិញម្តង ព្រោះគេធ្វេីឱ្យខ្ញុំឃេីញថាគេស្រឡាញ់ខ្ញុំជាងអ្នក ខ្ញុំសុខចិត្តអាត្មានិយមប្រែប្រួលចិត្ត តែខ្ញុំក៏មិនចាំបាច់ត្រូវទ្រាំឈឺបន្តទៀតនោះដែរ៕
អត្ថបទ ៖ អេដមីន ហត់ / ក្នុងស្រុកសូមរក្សាសិទ្ធិ