ខ្ញុំធ្លាប់ស្រឡាញ់ ខ្ញុំធ្លាប់ឈឺ ខ្ញុំធ្លាប់យំ ខ្ញុំធ្លាប់អត់ឱន ប៉ុន្តែអ្វីដែលខ្ញុំមិនធ្លាប់គឺ មិនធ្លាប់ក្បត់អ្នក មិនធ្លាប់ឈប់ស្រឡាញ់អ្នក ទោះអ្នកខុសដដែលៗប៉ុន្មានដងក៏ដោយចុះ...។ តែពេលនេះខ្ញុំខ្លួនឯងក៏មិនប្រាកដក្នុងចិត្តថា នៅស្រឡាញ់អ្នកខ្លាំងដូចដេីមដែរ។
ពិតណាស់ខ្ញុំជាអ្នកប្រាប់ថា “No matter how wrong you are ,you still have the best space in my heart”។
ប៉ុន្តែរយៈពេលក្រោយមកនេះ ខ្ញុំបែរជាមានអារម្មណ៍ថាគ្រប់យ៉ាងខ្ញុំលេីកទោសឱ្យអ្នកបានក៏ពិតមែន តែកំហុសរបស់អ្នកទាំងអស់នោះ វានៅតែដិតជាប់ក្នុងបេះដូងរបស់ខ្ញុំ ប្រៀបដូចជាមានអ្វីម្យ៉ាងដែលរំអុកខួរក្បាលឱ្យចាក់បេះដូងគ្រប់ពេល បេះដូងខ្ញុំក៏ចុះខ្សោយបណ្តាលឱ្យចន្លោះដែលខ្ញុំដាក់អ្នកនោះ វាខូចខាត ហើយរួមតូចបន្តិចម្ដងៗ រហូតដល់ដាក់អ្នកលែងបានតទៅទៀតហេីយ...។
បន្ទោសខ្ញុំចុះ ថាបេះដូងមិនឋិតថេរ តែអ្នកត្រូវដឹងថា ពាក្យសុំទោសមិនអាចស្តារអារម្មណ៍ល្អមកវិញបានគ្រប់ពេលទេ របួសស្ថិតក្នុងការចងចាំ វាពិតជាពិបាកព្យាបាលណាស់...។ តែយ៉ាងណា ខ្ញុំក៏សូមអរគុណដែលព្រមកែ តែពេលនេះបេះដូងខ្ញុំដែលធ្លាប់ស្រឡាញ់អ្នកវាបានចូលនិវត្តន៍រួចរាល់ហេីយ...គ្រប់យ៉ាងនៅក្នុងពេលនេះ គឺសល់ត្រឹមពាក្យថា ហួសពេល៕
អត្ថបទ ៖ អេដមីន ហត់ / ក្នុងស្រុកសូមរក្សាសិទ្ធិ