ស្គាល់ទេ ស្គរមហោធឹកសំរិទ្ធិ នៅប្រទេសកម្ពុជា

#ស្គរមហោធឹកសំរិទ្ធិនៅប្រទេសកម្ពុជា

អស់លោកអ្នកអានពិតជាបានជ្រាបខ្លះមកហើយនូវវត្តមានស្គរមហោធឹកនៅក្នុងប្រទេសកម្ពុជាតាមរយៈព័ត៌មានដែលសំបូរបែបសព្វថ្ងៃ។ក្នុងអត្ថបទដ៏ខ្លីនេះខ្ញុំនឹងបន្ថែមឬរលឹកនូវរឿងទាំងនេះវិញដោយយោងលើសំណេរដៃខ្លីៗរបស់លោកបណ្ឌិតមីសែលត្រាណេដែលសង្ឃឹមថាអ្នកអាននឹងមិនមានការធុញទ្រាន់នោះទេ ។

១. វត្តមានរាយប៉ាយនៃស្គរមហោធឹក

នៅប្រទេសកម្ពុជាគេបានរកឃើញស្គរមហោធឹកនេះនៅលើខេត្តមួយចំនួនមានជាអាទិ សៀមរាប បន្ទាយមានជ័យ បាត់ដំបង កំពត កំពង់ស្ពឺ ព្រៃវែង តាកែវ កំពង់ចាម....និង ស្ទឹងត្រែង ។ នៅខាងលើប្រទេសកម្ពុជាដែលធ្លាប់ជាអតីតដែនដីរបស់យើងដែរនោះ គេបានរកឃើញវត្តមានស្គរនេះនៅខេត្ត ណាន ឧដ្រាទិត ឈៀងរ៉ៃ សុខោទ័យ ....សំយុងចុះក្រោមរហូតដល់នគនស្រីធម្មរាជ....ហើយសសៀរជាប់ព្រំដែនយើងមានជាអាទិ ត្រាត អូប៊ុន មុខតាហាន...និង នគនបឋម ។ល។ រីនៅប្រទេសវៀតណាម កន្លែងដែលល្បីល្បាញជាងគេគឺនៅ ដុងសឺង នាភាគខាងជើង ដែលគេទម្លាប់ហៅស្គរមហោធឹកដុងសឺង ។ ក្រៅពីនេះនៅម៉ាឡេស៊ី ឥណ្ឌូនេស៊ី ...ឡាវ ក៏មានផងដែរ ។

95496270_1396272583906549_6456851243494014976_n

២. ប្រភព ប្រភេទ អាយុកាល និង របៀបប្រើស្គរមហោធឹក

អ្នកស្រាវជ្រាវជនជាតិចិនបានកំនត់អត្តសញ្ញាណបានថា វត្តមានរាយប៉ាយនៃស្គរមហោធឹកដូចដែលបានពោលខាងលើគឺសុទ្ធតែមានប្រភពចេញពីភូមិភាគខាងត្បូងនៃប្រទេសចិនទាំងអស់ តែអ្នកដែលបែងចែកប្រភេទបែរជាលោក Heger ទៅវិញ ។ លោកបានកំណត់តែ៤ប្រភេទទេ ដែលបានយកមកប្រើប្រាស់ឬចម្លងប្រើប្រាស់ មានចាប់ពីទំរង់ Heger I , Heger II ដល់ Heger IV ។

ប្រភេទ Heger I នេះត្រូវបានជ្រោយឥណ្ឌូចិននេះប្រើប្រាស់ច្រើនជាងគេ លើកលែងតែប្រទេសលាវទេដែលភាគច្រើនប្រើប្រភេទស្គរ Heger III ទៅវិញ ។ នៅស្ថានីយព្រហារ និង ស្នាយ នៃប្រទេសកម្ពុជា ពពួកស្គរនេះមានរូបរាងដូចនៅ ដុងសឺង ភាគខាងជើងប្រទេសវៀតណាម និង នៅក្វាងស៊ី ប្រទេសចិនដូច្នោះដែរ ។ ស្គរប្រភេទ Heger I នេះមានរាងមូលរីកធំខាងលើដូចជាថាសនិងមានត្រចៀកសំរាប់ចងសែងឬព្យួរចំនួន៤។ លើថាសជាងចម្លាក់បានបង្កើតជារូបសុំាញាំច្រើន តែគេអាចដឹងថាជាព្រះអាទិត្យ មានកំា១០ មានសត្វបក្សាឬបក្សី៤ក្បាល មានចែលើក្បាល ចំពុះវែងៗ កំពុងហិចហើរ ។ ស្គរខ្លះមានសត្វស្លាបរហូតដល់១៨ ថែមទំាងមានសត្វម្យ៉ាងទំនងដូចជាសត្វកញ្ជ្រោង ឬ មនុស្សពាក់រោមសត្វស្លាបទៀតផង ។ ចំណុចសំខាន់នៃស្គរនេះគែមថាសខាងលើគឺគេបណ្តុះបន្តុបពីលើនូវសត្វកង្កែប៤ក្បាលឬច្រើនជាងនេះ ។ តែក៏មានរូបសត្វផ្សេងៗផងដែរ ។

95133596_1396272503906557_1107151799069966336_n

ហើយមុននឹងនិយាយពីអាយុកាលនៃស្គរ យើងគួរគប្បីរំលឹកពីកាលបរិច្ឆេទដ៏ចំណាស់នៃការប្រើប្រាស់លោហះដែលសាងពីសំរិទ្ធិសិន ។ នៅប្រទេសចិនគេបានរកឃើញគ្រឿងសំរិទ្ធិនេះនៅលើផ្នូរសពនៃសន្តិវង្សសៀ ( Xia ) ដែលមានអាយុកាលចន្លោះពីឆ្នាំ ២១០០ដល់ ១៥៥៨មុនគ.ស ។ ហ្សាង ( Shang ) ឆ្នំា ១៥៥៨ ដល់ ១០៥១ មុនគ.ស និង ហ្សូ ( Zhou ) ឆ្នំា ១០៥០ ដល់ ៤៧៦ មុនគ.ស ។

រីឯនៅកម្ពុជាការប្រើប្រាស់វត្ថុសាងពីសំរិទ្ធិនេះមានចាប់ពីឆ្នាំ ៣០០ ដល់ ១០០ មុនគ.ស ។ ច្នោះហើយវត្តមានស្គរមហោធឹកនៅលើទឹកដីកម្ពុជានេះក៏មានអាយុកាលប្រហែលគ្នាផងដែរ តែនៅចិនគឺគេប្រើមុនយើងឆ្ងាយណាស់ប្រមាណ ១០០០ ដល់ ៥០០ឆ្នាំមុនគ.ស នេះជាទិន្នន័យដែលបានមកពីដងទន្លេមឿងនៅប្រទេសចិន ។ តើគេប្រើវាដើម្បីអ្វី? គ្មាននរណាម្នាក់ដឹងប្រាកដថាគេប្រើវាក្នុងកាលវេលាណាដោយពិតប្រាកដនោះទេ តែគេសន្និដ្ឋានថាអ្នកស្រុកដើមទំនងប្រើវាដើម្បីបួងសួងសុំទឹកភ្លៀងច្រើនជាងពិធីការអ្វីទំាងអស់ ដោយសារតែគេយោងទៅលើរូបសត្វកង្កែបទាំងនោះ។ ថ្វីបើស្គរមហោធឹកនេះវាជាឧបករណ៏ភ្លេងមួយបែបដូចគេមែន តែវាមានកល្ខណះពិសេសជាងគេ ដោយសារនៅទីតាំងខ្លះនៅប្រទេសកម្ពុជាគេបានរកឃើញថា គេបានយកវាទៅបញ្ចុះជាមួយសាកសពទៀតផង ។

95500482_1396272453906562_4605172348335685632_n

៣. តើបុព្វការីមន ខ្មែរយើងអាចផលិតស្គរមហោធឹកតាមគំរូចិនបានទេ?

សូមជំរាបថានៅឆ្នាំ ២០១០ នៅស្ថានីយព្រហារនាខេត្តព្រៃវែងគេបានរកឃើញក្រៅផ្លូវការនូវស្គរមហោធឹកមួយពីសំណាក់អ្នកស្រុក។ នៅលើស្គរបង្ហាញបន្ថែមពីលើរូបភាពលម្អផ្សេងទៀតដោយមានមនុស្សស្លៀកបឹងពីរនាក់ ដែលដៃពួកគេកំពុងកាន់អាវុធមុខស្រួចវែងកំពុងប្រារព្វពិធីបូជាយញ្ញសត្វក្របី ។ ជាអកុសល ស្គរនោះអ្នកបានឃើញបានត្រឹមតែថតរូប រីអ្នកស្រុកបានលក់ស្គរនោះបន្តទៅអោយជនជាតិវៀតណាមបាត់ទៅ។ តឹកតាងតិចតួចនេះបានដាស់គំនឹតយើងអោយគិតថា វាគួរជាស្នាដៃក្នុងស្រុកអាយជារបស់ដូនតាខ្មែរដែលចម្លងគំរូពីស្រុកចិន ។ ខ្ញុំសូមបញ្ចប់នូវកំណត់ត្រាខ្លីៗត្រឹមនេះ ។ សេចក្តីលំអិតនៃស្គរមហោធិកនេះ លោកអ្នកអាចរកអានបានតាមសៀវភៅ { វប្បធម៌ស្គរសំរិទ្ធិចិននៅអតីតកម្ពុជា} របស់លោក មីសែលត្រាណា បាន ។ ( ស.នីឡា ) ៕

Credit : ខេមរវិទ្យា-Khemaravidya