ការបង្រៀនឬណែនាំកូនៗរបស់អ្នក អ្នកគួរតែចាប់ផ្តើមធ្វើពីពេលដែលពួកគេស្ថិតនៅវ័យតូចៗ ព្រោះកំឡុងពេលនោះពួកគេឆាប់ស្តាប់និងអនុវត្តតាម ហើយមិនចចេសរឹងរូសច្រើននោះទេ។
យ៉ាងណាពាក់ព័ន្ធនឹងទម្លាប់នៃការចាយវាយ ក៏អ្នកត្រូវតែប្រយ័ត្នដែរ ចំណុចខ្លះពួកគេសន្សំសំចៃត្រឹមត្រូវហើយ តែបើសន្សំសំចៃដល់ថ្នាក់នាំឲ្យខាតប្រយោជន៍មនុស្សជុំវិញខ្លួន ក៏ជារឿងដែលមិនគប្បីនឹងធ្វើដែរ។ ខាងក្រោមយើងបង្ហាញ ៣ ចំណុចដែលអ្នកត្រូវសង្កេតមើលហើយគួរកែតម្រូវពួកគេ៖
៣) ព្យាយាមសន្សំលុយ ដោយការកេងប្រវ័ញ្ចអ្នកដទៃ
ឪពុកម្តាយចង់ឲ្យកូនយល់ពីតម្លៃនៃប្រាក់ ហើយឲ្យពួកគេរៀនសន្សំប្រាក់ទុកមុនចង់បានរបស់អ្វីមួយ។ ប៉ុន្តែរបៀបនៃការសន្សំរបស់ពួកគេ ប្រសិនជាកើតឡើងដោយការកេងប្រវ័ញ្ចបងប្អូនឯងយកមកសន្សំទុក ឬលួចពីយើងជាឪពុកម្តាយយកមកសន្សំ នោះជាទម្លាប់មិនល្អនោះទេ។
បើយើងចេះតែបណ្តោយពួកគេនឹងបន្តទៅមុខបែបហ្នឹងរហូត អ៊ីចឹងទៅថ្ងៃមុខ ចង់ប្រកបរបរអ្វីក៏ពិបាក ព្រោះបើដៃគូរកស៊ីដឹងថាយើងមានចរិតមិនល្អ ពួកគេនឹងមិនសហការការងារធំជាមួយឡើយ។
២) កុំទាញយកផលចំណេញ ពីចន្លោះប្រហោងរបស់អ្នកដទៃ
ឧទាហរណ៍ពេលទៅទិញរបស់ណាមួយ ហើយអ្នកលក់គេភ្លេចគិតលុយ ឬគិតតម្លៃខុសដែលចំណេញដល់អ្នក អ្នកគួរតែបង្រៀនកូនឲ្យប្រាប់ទៅអ្នកលក់វិញ ថាពួកគេបានគិតខុសហើយ ពុំមែនបង្រៀនកូនឲ្យកៀបយកផលចំណេញនោះពីអ្នកលក់ឡើយ។
ពេលខ្លះអ្នកលក់ ដែលជា Seller នៅហាងណាមួយ ក៏ជាបុគ្គលិកបម្រើការស៊ីប្រាក់ខែគេដូចគ្នា ហើយបើអ្នកចំណេញលុយ ដោយឈរលើទុក្ខអ្នកដទៃ ក៏វាមិនបានយូរដែរ ទៅពេលខាងមុខអ្នកក៏អាចនឹងជួបរឿងបែបហ្នឹងវិញក៏ថាបាន។
១) តថ្លៃជ្រុល
របស់មួយសុទ្ធតែគេបានកំណត់តម្លៃពីនាយ ហើយទម្លាប់នៃការតថ្លៃមុនទិញរបស់អ្វីមួយ ក៏ជាទម្លាប់ល្អដែរ តែកុំធ្វើវាដោយហួសហេតុឬជ្រុលពេក។
ទម្លាប់បែបនេះយូរទៅ បើធំឡើងនៅតែបន្ត វានឹងធ្វើឲ្យមនុស្សជុំវិញខ្លួនមានអារម្មណ៍ទើសទាល់ ហើយមិនសូវចង់ដើរទៅណាមកណាជាមួយឡើយ។ ជាពិសេសអ្នកត្រូវចាំថា របស់ខ្លះតថ្លៃបាន តែរបស់ខ្លះអ្នកមិនគួរតថ្លៃពួកគេនោះទេ ឧទាហរណ៍ដូចជាអ្នកលក់ដូរតិចតួចដែលមានការខ្វះខាតជាដើម៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក