លោក Shimoda Masahiro បានក្លាយជាបុគ្គលទី២ដែលត្រូវក្លិប Saigon FC ដកដំណែងពីកៅអីគ្រូបង្វឹកក្នុងពានរង្វាន់លីគកំពូលវៀតណាមឆ្នាំ២០២១ V.League 2021 នេះ។
លោកបានចូលកាន់តំណែងក្នុងការប្រកួតចាប់ពីសប្ដាហ៍ទី៣នៃលីគកំពូលវៀតណាម ប៉ុន្តែមិនបានទទួលលទ្ធផលល្អនោះទេដោយដឹកនាំក្នុងការប្រកួតទី៤ ទី៥ និងទី៦ក្នុងV.League 2021 ចាញ់ទាំងអស់។ បន្ទាប់ពីរងបរាជ័យក្រោមថ្វីជើង Nam Dinh កាលពីល្ងាចថ្ងៃទី២៨ ក្នុងជុំទី៦នៃលីគកំពូលវៀតណាមរដូវកាល២០២១ ក្លិប Saigon FC ឈរលេខ១១ក្នុងតារាងលីគនៅពីលើក្រុម HCMC Cityដែលជាក្រុមស្ថិតក្នុងទីក្រុងតែមួយ។
នេះជាលើកទី២ហើយក្នុងរដូវកាល២០២១នេះដែលក្លិប Saigon FC ដកតំណែងគ្រូបង្វឹក។ កាលជំនាន់លោក Vu Tien Thanh ដឹកនាំក្លិបបានក្លាយជាក្រុមដែលខ្លាំងបំផុតទាំង៣ក្នុងប្រទេសវៀតណាមប៉ុន្តែ ចូលរដូវកាលថ្មី បន្ទាប់ពីមានការផ្លាស់ប្ដូរសមាសភាពកីឡាករ ធ្វើឲ្យក្រុមបាត់បង់ស្ថេរភាពហើយគ្រូបង្វឹករូបនោះក៏ត្រូវក្លិបដកតំណែង និងតែងតាំងលោក Shimoda ដើម្បីជួយស្រោចស្រង់ក្លិបឡើងវិញ ប៉ុន្តែធ្វីៗមិនដូចការគ្រោងទុក្ខនោះទេដោយ៣ប្រកួតចុងក្រោយគាត់ដឹកនាំចាញ់ទាំងបីទៀត។ ៣ប្រកួតដែលគាត់ដឹកនាំចាញ់គឺប៉ះក្រុមខ្លាំងទាំងអស់ដែលមានដូចជា Ho Chi Minh City, Binh Duong និង Nam Dinh។
គ្រូជំនួយលោក Phung Thanh Phuong នឹងឡើងកាន់តំណែងជំនួស Shimoda បណ្ដោះអាសន្នខណៈ៣ប្រកួតបន្ទាប់ ពួកគេត្រូវប៉ះ Viettel, Than Quang Ninh និង Hong Linh Ha Tinh៕