សត្វកាចសាហាវគឺវាមិនដឹងយើងល្អអាក្រក់នោះទេ ដោយជានិច្ចកាលវារមែងអាចបង្កគ្រោះថ្នាក់ដល់យើង ហើយបើយើងមិនចេះវិធីការពារខ្លួនទៀតនោះ គឺប្រាកដជាស៊យធំហើយ។
ការជួបប្រទះសត្វព្រៃកាចសាហាវ ជួនកាលវាជារឿងចៃដន្យក្នុងឆាកជីវិត ជាពិសេសអ្នកចូលចិត្តដើរបោះតង់នៅព្រៃ ឬកន្លែងធម្មជាតិផ្សេងៗ។ យ៉ាងណាយើងណែនាំវិធីការពារខ្លួននៅពេលជួបសត្វព្រៃទាំង ៨ ដូចខាងក្រោម៖
៨) វិធីការពារខ្លួនពេលជួបសត្វក្តាន់
ជាទូទៅសត្វក្តាន់គឺខ្លាចមនុស្ស ប៉ុន្តែក្តាន់ញី គឺមិនសូវស្លូតនោះទេ បែបនេះប្រសិនស្ថិតក្នុងកាលៈទេសៈនោះ អ្នកត្រូវ៖
រក្សាភាពស្ងៀមស្ងាត់ ហើយដើរចេញយឺតៗ ប៉ុន្តែប្រសិនវាចាប់ផ្តើមវាយប្រហារមកលើអ្នក អ្នកត្រូវប្រញាប់រត់ទៅរកដើមឈើដើម្បីឡើង
លើកដៃនិងត្រដាងអាវរបស់អ្នកឲ្យមើលទៅឃើញធំ
ពេលទាល់ខ្លាំង ត្រូវការពារក្បាលកុំឲ្យរងការប៉ះទង្គិច ហើយយកដៃគ្របក្បាលនិងឱនចុះបែរខ្នង (ដូចបង្ហាញក្នុងរូប)
៧) វិធីការពារខ្លួនពេលជួបសត្វខ្លាឃ្មុំ
នៅពេលអ្នកបន្លឺសំឡេងខ្លាំង ឬរំខានដល់វានៅបរិវេណណាមួយនៅតំបន់ដែលវារស់នៅ នោះវានឹងលេចចេញមកហើយ។ បែបនេះអ្នកត្រូវ៖
កុំស្រែកឬរត់ចេញ ឬឡើងដើមឈើឲ្យសោះ ព្រោះខ្លាឃ្មុំជាសត្វមានល្បឿនលឿន ហើយពួកគេក៏អាចរង្គើដើមឈើល្មមៗមួយឲ្យបាក់មកដែរ
ធ្វើឲ្យខ្លួនមើលទៅធំជាងមុន បើមានកាបូបចូរយកកាបូបមកដាក់លើក្បាល ហើយត្រដាងដៃទាំងពីរ រួចដើរចេញយឺតៗ
៦) វិធីការពារខ្លួនពេលជួបសត្វខ្លាភ្នំ
ជាសត្វដ៏កាចមួយ ហើយពេលជួបវាមិនបាច់រត់ចេញទេ គឺអ្នករត់មិនឈ្នះវាឡើយ ផ្ទុយទៅវិញគួរតែប្រើវិធីដើម្បីឲ្យវារត់ចេញពីអ្នកល្អជាង។ អ្នកត្រូវ៖
ឈរឲ្យខ្ពស់ ហើយសម្លឹងមើលទៅវា បើមានអាវធំ ចូរលាតត្រដាងអាវធំឲ្យមើលទៅឃើញខ្លួនអ្នកធំ
ប្រសិនវាវាយប្រហារអ្នក ត្រូវព្យាយាមតបតទៅវាវិញ ព្យាយាមវាយឲ្យចំផ្នែកច្រមុះ មាត់ឬភ្នែក នោះវានឹងរត់ចេញពីអ្នកវិញហើយ។
៥) វិធីការពារខ្លួនពេលជួបសត្វឆ្កែចចក
ប្រសិនជួបសត្វឆ្កែចចក អ្នកគួរតែ៖
ដើរថយក្រោយយឺតៗ
ប្រសិនបើចចកនៅមិនថយចេញពីអ្នកទេ ត្រូវស្រែកដាក់វាឲ្យខ្លាំងៗ
ព្យាយាមបង្ហាញឲ្យខ្លួនឯងមើលទៅកំណាច ដោយប្រភេទសត្វនេះវានឹងខ្លាចអ្នកវិញហើយ
៤) វិធីការពារខ្លួនពេលជួបសត្វក្របីព្រៃ
សត្វនេះមិនងាយវាយប្រហារអ្នកទេ ប្រសិនអ្នកមិននៅជិតវាឲ្យមែនទែន។ បែបនេះអ្នកគួរតែព្យាយាមរក្សាគម្លាតឲ្យឆ្ងាយ ហើយត្រូវដឹងថារត់លឿនជាងមនុស្ស ៣ ដង៖
អ្នកត្រូវដើរចេញយឺតៗ កុំរត់បំភ័យវា
ព្យាយាមរកអ្វីមួយមកបាំង អាចជាដើមឈើធំ ផ្ទាំងថ្ម ឬរបស់ណាមួយ ហើយពួនពីក្រោយនោះ
ឡើងដើមឈើ ដោយសត្វនេះវានឹងមិនមកតាមយាយីអ្នកនោះទេ ហើយរមែងចាកចេញពីកន្លែងរបស់អ្នក
៣) វិធីការពារខ្លួនពេលជួបសត្វខ្លារខិន
ខ្លារខិនគឺជាសត្វដែលរហ័ស និងមានល្បឿនលឿនមួយ ដែលអ្នកមិនបាច់ព្យាយាមរត់ចេញពីវាទេ តែចូលប្រើវិធីនេះវិញ៖
ឈរនឹងធម្មតា តែកុំព្យាយាមសម្លឹងចំភ្នែកវា
បើវាបម្រុងនឹងវាយប្រហារអ្នក ចូលអ្នកស្រែក លើកដៃគ្រវី ទះដៃ ដែលធ្វើឲ្យចេញសកម្មភាពមើលទៅដូចជាកំពុងគំរាមកំហែងវា
២) វិធីការពារខ្លួនពេលជួបសត្វឆ្កែព្រៃ
ឆ្កែព្រៃក៏ជាសត្វគួរឲ្យខ្លាចមួយដែរ ហើយនៅពេលដែលអ្នករត់ចេញ វានឹងដេញតាមអ្នក បែបនេះអ្នកគួរនៅស្ងៀម ហើយនិយាយទៅវា៖
ប្រសិនអ្នកមានចំណីជាប់ដៃ ត្រូវបោះឲ្យវា ដោយវាជាសត្វដែលខ្ជិល ហើយបើវាអត់ចំណីទៀតនោះ វានឹងយកចំណីនោះហើយចាកចេញពីអ្នក
ប្រសិនបើវាខិតមកជិតអ្នក ចូរអ្នកបោះជំហានទៅមុខរកវា ហើយព្យាយាមពន្លឺសំឡេង លើកដៃគ្រវី និងព្យាយាមបំភ័យវា ពួកវានឹងគិតថា អ្នកព្យាយាមចង់វាយប្រហារវា បែបហ្នឹងវារត់ចេញហើយ
១) វិធីការពារខ្លួនពេលជួបសត្វជ្រូកព្រៃ
ជ្រូកព្រៃគឺកាចណាស់ តិចឃើញវាចង់ទៅចូលថតអីគឺបញ្ហាហើយ បើមានបញ្ហាណាមួយអ្នកត្រូវ៖
រក្សាភាពស្ងៀមស្ងាត់ ហើយដើរចេញដោយយឺតៗ
ប្រសិនបើវាឆ្ពោះមករកអ្នក ចូររត់ទៅរកឡើងដើមឈើ ព្រោះសត្វនេះមិនអាចរំខានអ្នកបានទៀតទេ
ប្រសិនទាល់មែនទែន រកកន្លែងឡើងមិនឃើញ អ្នកត្រូវតតាំងវាវិញ ដោយជាទូទៅពួកគេមិនអាចតតាំងនឹងមនុស្សលើសពី ១ នាទីបានទេ បែបហ្នឹងវានឹងរត់ចេញទៅវិញ៕
ប្រភព៖ Brightside | ប្រែសម្រួល៖ ក្នុងស្រុក