​មុន​រៀបការត្រូវនិយាយគ្នា ១០ រឿងនេះឲ្យហើយ ប្រយ័ត្នពេលក្រោយទឹកភ្នែកទាំងសងខាង

ការ​ចាប់ដៃ​គ្នា​រៀបការ មិនមែន​ចេះ​ចង់​ធ្វើ ក៏​ថា​ធ្វើ​ទៅ​ដោយ​គ្មាន​ការ​គិតគូរ​អ្វី​ឲ្យ​ល្អិតល្អន់​នោះ​ទេ ព្រោះ​ជីវិត​គូ​គឺ​ទាមទារ​រឿង​ជា​ច្រើន ដែល​ខុស​ពី​ជីវិត​សង្សារ ឬ​អ្នក​លេង​សើច​ធម្មតា ដែល​ពេល​បែក​គឺ​មិន​សូវ​មាន​បញ្ហា​ពាក់ព័ន្ធ​ច្រើន ហើយ​ក៏​ងាយ​នឹង​បំភ្លេច។

ដើម្បី​ជៀសវាង​មាន​ភាព​ល្អក់កករ​នឹង​គ្នា គូ​ស្នេហា​ទាំង​អស់​មុន​នឹង​សម្រេច​ចិត្ត​ប្រលូក​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍ អ្នក​គួរ​តែ​សួរនាំ​និង​ដឹង​ពី​គ្នា​ឲ្យ​ច្បាស់​នូវ​រឿង​ទាំង ១០ នេះ​សិន៖

១០) តើ​អ្នក​នឹង​រៀប​ផែនការណ៍​ហិរញ្ញវត្ថុ​ដោយ​របៀប​ណា?

1

ត្រូវ​និយាយ​គ្នា​ឲ្យ​ច្បាស់​ទុក​ជា​មុន ជៀសវាង​ពេល​ការ​ហើយ និយាយ​គ្នា​មិន​ត្រូវ​រឿង​លុយ។ វា​គ្មាន​អ្វី​ដែល​ត្រូវ​លាក់បាំង ឬ​អៀន​ខ្មាស​នោះ​ទេ ដោយ​ត្រូវ​ច្បាស់​ថា តើ​លុយ​ដែល​រក​បាន សន្សំ​ចូល​គ្នា ឬ​ត្រូវ​ទុក​ដាច់​ដោយ​ឡែក​ពី​គ្នា ហើយ​បើ​ជ្រើសរើស​បែប​ណា​ហើយ សូម​កុំ​អន់ចិត្ត​អ្វី​ទាំង​អស់។

៩) មាន​ជាប់​ជំពាក់​បំណុល​អ្វី​ឬ​អត់?

2

"បំណុល" ជា​រឿង​ដែល​មនុស្ស​ជា​ច្រើន​ធ្លាប់​ជាប់​ពាក់ព័ន្ធ ខ្លះ​ដោយសារ​បញ្ហា​គ្រួសារ ខ្លះ​ទាល់​ការ​រកស៊ី​អ្វី​ជា​ដើម។ ប៉ុន្តែ​អ្នក​ក៏​មិន​គួរ​លាក់បាំង​ឬ​ខ្មាសអៀន​ដៃ​គូ​នោះ​ដែរ កុំ​ឲ្យ​ដល់​រៀបការ​ហើយ​បាន​និយាយ ហើយ​បើ​ច្រើន​ទៀត​នោះ វា​ទៅ​ជា​រឿង​ទើសទាល់​ជា​មិន​ខាន។

៨) តើ​នឹង​មាន​ផែនការណ៍​សន្សំ​បែប​ណា​ខ្លះ​សម្រាប់​គម្រោង​ក្រោយ​ចូល​និវត្ត?

3

គ្មាន​នរណា​អាច​ខិតខំ​រក​ស៊ី ឬ​ធ្វើ​ការ​ឲ្យ​គេ​មួយ​ជីវិត​ដល់​ថ្ងៃ​ទៅ​នោះ​ទេ។ មនុស្ស​គឺ​ត្រូវ​ការ​ ការ​សម្រាក ពោល​អ្នក​គួរ​គិត​គ្នា​ឲ្យ​ហើយ ថា​មាន​ផែនការណ៍​បែប​ណា​ខ្លះ​ក្រោយ​ពេល​ចូល​និវត្ត ឬ​ឈាន​ចូល​វ័យ​ចំណាស់​បន្តិច បន្ទាប់​មក​អាច​ចាប់ផ្តើម​សន្សំ​ឬ​រៀប​ចំ​ជាមួយ​គ្នា​ជា​បណ្តើរៗ​បាន។

៧) ចង់​បាន​កូន​ឬ​អត់?

4

មិន​ចេះ​តែ​ឲ្យ​តែ​មនុស្ស​ស្រលាញ់​គ្នា ចង់​បាន​កូន​គ្រប់​គ្នា​ទេ​ណា! ខ្លះ​ខាង​ស្រី ឬ​ខ្លះ​ខាង​ប្រុស ចង់​បាន​ជីវិត​បែប​សប្បាយ​តែ​ជាមួយ​មនុស្ស​ដែល​ខ្លួន​ស្រលាញ់ ហើយ​មិន​ចង់​បាន​កូន​មក​លាយឡំ​ក្នុង​ជីវិត​របស់​ពួក​គេ​នោះ​ទេ បែប​នេះ​យើង​គួរ​តែ​ដឹង​និង​យោគយល់​អំពី​តម្រូវការ​របស់​ដៃ​គូ​ជា​មុន។

៦) តើ​យើង​នឹង​បែងចែក​ការងារ​គ្នា​បែប​ណា​ខ្លះ?

5

មិនមែន​ឲ្យ​តែ​បុរស​ដែល​ជា​សសរទ្រូង​គ្រួសារ អាច​រក​ចំណូល​មួយ​មុខ​ចប់​នោះ​ទេ តែ​ក៏​មាន​ការងារ​មួយ​ចំនួន​តូច​ផ្សេង​ទៀត​ដែល​ពួក​គេ​គួរ​តែ​ជួយ​ភរិយា។ ជៀសវាង​មាន​ពាក្យ​ទាស់ទែង​គ្នា​ទៅ​ថ្ងៃ​ខាង​មុខ ចូរ​ជជែក​ពិភាក្សា​គ្នា​ឲ្យ​បាន​ច្បាស់ ថា​បើ​មាន​កូន ឬ​រវល់​បន្តិច​ទៅ ការងារ​ណា​ខ្លះ​ដែល​បង​អាច​ជួយ​អូន​បាន ឬ​ការងារ​ណា​ខ្លះ​ដែល​អូន​អាច​ធ្វើ​បាន។

៥) មាន​គម្រោង​ជួយ​ឪពុកម្តាយ​ទាំង​សង​ខាង​បែប​ណា​ខ្លះ?

6

មិនមែន​តែ​បង្កើត​ក្តី​សុខ​សម្រាប់​គ្រួសារ​មួយ​ហើយ​ចប់​ទេ ពោល​គឺ​ត្រូវ​ប៉ះប៉ូវ​ទៅ​ឲ្យ​ម្តាយឪពុក​របស់​យើង​ដែល​ជា​អ្នក​បង្កើត​យើង​ថែម​ទៀត ព្រោះ​លោក​ទាំង​ពីរ​ជា​អ្នក​មាន​គុណ​ដែល​មិន​អាច​កាត់​ថ្លៃ​បាន។ ចំណុច​នេះ​អ្នក​គួរ​តែ​ជ្រើសរើស​ដៃ​គូ​ណា ដែល​ពួក​គេ​បាន​ស្រលាញ់​ម្តាយ​ឪពុក​របស់​អ្នក ដូច​ជា​ម្តាយឪពុក​បង្កើត​ទើប​ល្អ។

៤) ចង់​មាន​គម្រោង​ទៅ​រស់នៅ​ទី​ណា?

7

អ្នក​ខ្លះ​ការ​ហើយ​មិន​ចង់​រស់នៅ​រួម​គ្នា​ជាមួយ​ម្តាយឪពុក​ទេ តែ​ខ្លះ​ចង់​រស់នៅ​បាន​ជុំ​ម្តាយឪពុក ព្រោះ​បាន​ជួយ​មើល​ថែ​ពួក​គាត់។ អ៊ីចឹង​គួរ​និយាយ​គ្នា​ឲ្យ​បាន​ច្បាស់លាស់ កុំ​ឲ្យ​ការ​ហើយ និយាយ​គ្នា​មិន​ត្រូវ​ដល់​ថ្នាក់​អន់​ចិត្ត​ដោយសារ​រឿង​បែប​ហ្នឹង។

៣) តើ​គួរ​ចំណាយ​ពេលវេលា​រួម​គ្នា​បែប​ណា​ខ្លះ?

8

មនុស្ស​សុទ្ធ​តែ​រវល់​រៀង​ខ្លួន ហើយ​សម័យ​ឥឡូវ​មនុស្ស​ស្រី​ក៏​រមែង​ចូលចិត្ត​ជ្រើសរើស​ការ បម្រើ​ការងារ នៅ​ស្ថាប័ន​ខាង​ក្រៅ ដូច​ស្វាមី​របស់​នាង​អ៊ីចឹង​ដែរ។ បែប​នេះ​គួរ​ជជែក​ដើម្បី​ដឹង​ពី​ពេលវេលា​សម្រាក ឬ​ពេលវេលា​ដែល​អាច​នៅ​ជាមួយ​គ្នា ជៀសវាង​មាន​ពាក្យ​ថា "ជា​ប្តី​ប្រពន្ធ​តែ​គ្មាន​ពេល​ឲ្យ​គ្នា"។

២) តើ​អ្នក​រំពឹង​នៅ​ទំនាក់ទំនង​បែប​ណា​នៅ​ពេល​ជួប​មនុស្ស​ខាង​ក្រៅ?

9

គ្មាន​នរណា​ចង់​បាន​ដៃគូ​ដែល​មុខ​ក្រមៅ មិន​ចេះ​រួសរាយ ឬ​សម្តី​មិន​ដឹង​ធំ​តូច​នោះ​ទេ។ ទោះ​ចំណុច​ខ្លះ​វា​ជា​ធម្មជាតិ​ដែល​ពិបាក​នឹង​កែ តែ​ក៏​គួរ​និយាយ​គ្នា​ឲ្យ​បាន​ដឹង ពី​តម្រូវ​ការ​នៅ​ពេល​ជួបជុំ​មិត្តភក្តិ ឬ​ចាស់ទុំ ថា​គួរ​និយាយ​ស្តី​បែបណា ចេញ​សកម្មភាព​បែប​ណា​ឲ្យ​មើល​ទៅ​សមសួន។

១) និយាយ​ពី​ផែនការណ៍​ជីវិត​ជាមួយ​គ្នា

10

តើ​ទៅ​ថ្ងៃ​ខាង​មុខ​ក្រោយ​ពេល​មាន​កូន​ហើយ ចង់​ឲ្យ​កូន​ចាប់​យក​ជំនាញ​ការងារ​អ្វី ហើយ​ពេល​ទៅ​មុខ​ទៀត​ចង់​បាន​ចៅ​ប៉ុន្មាន ហើយ​គ្រួសារ​មួយ​ដែល​អ្នក​កំពុង​គិត​នោះ​នឹង​អាច​ទទួល​បាន​ក្តី​សុខ​តាម​រយៈ​វិធី​បែប​ណា? គ្រប់​យ៉ាង​គឺ​ត្រូវ​តែ​គិត ត្រូវ​តែ​ឈរ​លើ​គោលដៅ​រួម ទើប​ជីវិត​គ្រួសារ​ឆាប់​ទទួល​បាន​ផ្លែផ្កា​លឿន៕

ប្រភព៖ Brightside | ប្រែ​សម្រួល៖ ក្នុង​ស្រុក​​