ទៅ​ដក​លុយ​តាម​ទូ ATM ត្រូវ​ប្រយ័ត្ន​រឿង ៣ ​នេះ ប្រយ័ត្ន Hacker ធ្វើស៊ី​លេខ​កូដ​បើក​លុយ​អស់

បច្ចុប្បន្ន​បច្ចេកវិទ្យា​កាន់​តែ​ជឿនលឿន ហើយ​ក្នុង​មធ្យោបាយ​នៃ​ការ​គ្រប់គ្រង​ផ្នែក​ហិរញ្ញវត្ថុ មនុស្ស​ជា​ច្រើន​ក៏​មាន​ការ​យល់ដឹង ដោយ​ប្តូរ​ពី​ទម្លាប់​សន្សំ​លុយ​ក្នុង​ផ្ទះ មក​ដាក់​ក្នុង​ធនាគារ​ដែល​គិត​ថា​វា​មាន​សុវត្ថិភាព​ជាង។

ជា​ការ​ពិត​នៅ​ពី​ក្រោយ​របស់​ដែល​មាន​ប្រយោជន៍​បំផុត ក៏​វា​មាន​ហានិភ័យ​គ្រោះថ្នាក់​បំផុត​ដែរ ប្រសិន​អ្នក​មាន​ការ​ថ្លោះធ្លោយ ឬ​មិន​ប្រយ័ត្ន​ត្រង់​ប្រការ​ណា​មួយ។ ជាក់ស្តែង​ដូច​ជា​ការ​ទៅ​ដក​លុយ​តាម​ទូ ATM ដោយ​ប្រើប្រាស់​កាត អ្នក​គួរ​តែ​ប្រយ័ត្ន​នៅ​ ៣ ចំណុច​ដូច​ខាងក្រោម ដែល​ពួក Hacker អាច​ធ្វើ​ការ​លួច​យក​ព័ត៌មាន​របស់​យើង​បាន៖

៣) Card Reader ​ក្លែងក្លាយ

7 1030

នៅ​តាម​ម៉ាស៊ីន ATM ខ្លះ អ្នក​ជំនាញ​បាន​ណែនាំ​ឲ្យ​អ្នក​ប្រើប្រាស់​គួរ​មាន​ការ​ប្រយ័ត្ន​ចំពោះ​បញ្ហា ការ​បន្លំ​ដាក់ Card Reader ក្លែងក្លាយ។ មុន​សម្រេច​ចិត្ត​ដាក់​កាត​ចូល អ្នក​ត្រូវ​ចំណាយ​ពេល​បន្តិច​មើល​ឲ្យ​បាន​ល្អិតល្អន់​នៅ​ទីតាំង​ញាត់​កាត តើ​វា​មាន​អ្វី​ប្លែក ឬ​ខុស​ប្រក្រតី​ដែរ​ឬ​ទេ​?

ប្រភេទ Card Reader ដែល​ជន​ខិលខូច​បន្លំ​យក​ទៅ​បំពាក់​នៅ​ទូ ATM គឺ​វា​អាច​បញ្ជូន​ទិន្នន័យ​នៃ​កាត​របស់​យើង​ទៅ​ក្នុង​ម៉ាស៊ីន​មួយ​ផ្សេង​ទៀត​បាន​ដោយ​ប្រព័ន្ធ Bluetooth ឬ​ឥត​ខ្សែ​ណា​មួយ។

HT_atm_swipe_credit_card_2_sk_140806_16x9_992

បែប​នេះ​ដើម្បី​ធានា​នូវ​សុវត្ថិភាព​អ្នក​ត្រូវ​ប្រាកដ​ថា កន្លែង​ដោត​កាត​ចូល​នោះ គឺ​វា​មាន​ភាព​ប្រក្រតី ពុំ​មាន​អ្វី​ដែល​ប្លែក​ខុស​ពី​សព្វមួយដង ហើយ​បើ​មាន​អ្វី​ដែល​ប្លែក​ចិត្ត​ចូរ​ប្រញាប់​ទៅ​មើល​ទូ​ផ្សេង​ទៀត ឬ​សួរនាំ​ដល់​បុគ្គលិក​ធនាគារ​ដែល​នៅ​ជិត​លោក​អ្នក​បំផុត ឬ​តាម​រយៈ​លេខ Hotline ដែល​បាន​បង្ហាញ​នៅ​ក្បែរ​ទូ​នោះ។

២) ការ​បង្កប់​កូន​កាមេរ៉ា​ខ្នាត​តូច

Hidden_camera 1024x683

នៅ​ពេល​ដែល​អ្នក​ចង់​ដក​លុយ ដំបូង​គឺ​ដាក់​កាត​ចូល ហើយ​បន្ទាប់​គឺ​ទាមទារ​ឲ្យ​អ្នក​វា​លេខ​កូដ ៤ ឬ ៦ ខ្ទង់​ទៅ​តាម​ធនាគារ។ Hacker ខ្លះ​ចេះ​ទាំង​បង្កប់​កាមេរ៉ា​តូច​បំផុត ដែល​យើង​មិន​ចាប់​អារម្មណ៍​នៅ​ក្បែរ​នោះ ល្មម​អាច​នឹង​ចាប់​មើល​ដឹង​ពី​សកម្មភាព​នៃ​ការ​វាយ​កូដ​របស់​យើង។

ដើម្បី​ធានា​ពី​សុវត្ថិភាព​នៃ​ចំណុច​នេះ​បាន អ្នក​គួរ​យក​ដៃ​បាំង​នៅ​ពេល​ដែល​វាយ​លេខ​កូដ ហើយ​មើល​នៅ​ទីតាំង​ពី​លើ​កន្លែង​វាយ ឬ​ជុំវិញ​នោះ តើ​មាន​របស់​អ្វី​ចម្លែក​ដែរ​ឬ​ទេ។

១) ប្រអប់​វាយ​កូដ​សម្ងាត់

Number Pad ឬ​ប្រអប់​វាយ​កូដ​សម្ងាត់​នេះ​សោត ក៏​មាន​ជន​ខិលខូច​ខ្លះ ធ្លាប់​បាន​ប្រើប្រាស់​និង​បំពាក់​របស់​ក្លែងក្លាយ​មក​លើ​របស់​បិត​ផង​ដែរ។ បែប​នេះ​នៅ​ពេល​ដែល​ដល់​ចំណុច​ទាមទារ​ឲ្យ​វាយ​លេខ​កូដ គឺ​អ្នក​បាន​វាយ​លេខ​កូដ​ចូល​ទៅ​ក្នុង​ម៉ាស៊ីន​ក្លែងក្លាយ​តែ​ប៉ុណ្ណោះ ហើយ​វា​នឹង​រក្សា​ទិន្នន័យ​នោះ​ទុក។

ATM Fraud 850x637

របៀប​ឆែក​មើល​គឺ​ងាយ ដោយ​អ្នក​ឧស្សាហ៍​មើល​ទៅ​លើ Number Pad នោះ​ផ្ទាល់ ថា​តើ​វា​មាន​លក្ខណៈ​ដូច​ដើម​ឬ​មាន​អ្វី​ផ្លាស់ប្តូរ​ឬ​អត់ ហើយ​មើល​នៅ​ផ្នែក​គែម​សង​ខាង តើ​វា​មាន​កម្រាស់​រាង​ក្រាស់​ជាង​មុន​ឬ​អត់?

សរុប​មក​ចំណុច​ខាង​លើ​ទាំង​អស់ គ្រាន់​តែ​ជា​ការ​ណែនាំ​ពី​អ្នក​ជំនាញ​នៃ​ប្រភព​សារព័ត៌មាន​ក្រៅ​ស្រុក​តែ​ប៉ុណ្ណោះ ហើយ​ករណី​ទាំង​នោះ​ពុំ​ធ្លាប់​កើត​មាន​នៅ​ក្នុង​ប្រទេស​របស់​យើង​នោះ​ទេ តែ​អ្នក​ក៏​គួរ​តែ​បាន​ដឹង ហើយ​ប្រយ័ត្ន​ជា​ពិសេស​នៅ​ពេល​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​ក្រៅ​ប្រទេស៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក