តើលោកអ្នកចូលចិត្តពណ៌អ្វី? ក្រហម ខៀវ ខ្មៅ ឬលឿង? ទៅជាពណ៌អ្វីក៏ដោយ តាមតែការចូលចិត្តពណ៍ចូលចិត្តទៅចុះ ប៉ុន្តែលោកអ្នកដឹងទេថា ពណ៌ដែលលោកអ្នកចូលចិត្ត អាចបញ្ជាក់ប្រាប់ពីលក្ខណៈនស្ស័យរបស់អ្នកបាន ។ ខាងក្រោមនេះ គឺជាការទស្សន៍ទាយចរិតលក្ខណៈទៅតាមពណ៌ដែលអ្នកចូលចិត្ត៖
១) ពណ៌ក្រហម:
លោកអ្នកដែលចូលចិត្តពណ៌ក្រហម ជាមនុស្សចូលចិត្តបង្ហាញសមត្ថភាព មិនចូលចិត្តនៅនឹងមួយកន្លែងពោរពេញដោយភាពស្វាហាប់ តែមានអារម្មណ៍ប្រែប្រួលដោយងាយ ។ ពណ៌ក្រហមបានបញ្ជាក់ប្រាប់ពីកំលាំងជម្រុញផ្លូវភេទ ដែលមានច្រើនជាងប្រក្រតី អាចស្រមើលស្រមៃភ្លើតភ្លើន អណ្តែតអណ្តូងច្រើន ទៅតាមកម្លាំងជម្រុញរបស់អារម្មណ៍ផ្លូវភេទបានដោយងាយ ។ ជាមនុស្សដែលមានអារម្មណ៍រំជើបរំជួល មិនមានកម្លាំងគ្រប់គ្រាន់នឹងទប់ទល់សេចក្តីប្រាថ្នាផ្លូវភេទឡើយ។
២) ពណ៌លឿង:
លោកអ្នកដែលចូលចិត្តពណ៌នេះ ជាមនុស្សមានមនោគតិល្អ មានគំនិតប្រណិត ។ គេតែងតែត្រៀមខ្លួនជួយទំនុកបម្រុងអ្នកដទៃ ប៉ុន្តែលោកអ្នកដែលស្រឡាញ់ពណ៌លឿង មានទំនោរចិត្តដូចជា ចូលចិត្តភាពឯកោ ភាពម្ចាស់ការឯកជនច្រើនជាង ព្រមទាំងមានទ្រឹស្តីច្រើនជាងការអនុវត្តន៍ជាក់ស្តែង និងជាមនុស្សពូកែអៀនប្រៀនច្រើន។
៣) ពណ៌ទឹកក្រូច:
លោកអ្នកស្រឡាញ់ពណ៌ទឹកក្រូច មានភាពល្អប្រេះជាលក្ខណៈធម្មជាតិពីកំណើត អាចសម្របសម្រួលខ្លួនជាមួយមនុស្សម្នា បានដោយងាយហើយមានប្រសិទ្ធភាពក្នុងការធ្វើការកម្រិតខ្ពស់ ដោយភាពស្មោះត្រង់ចំពោះមុខនាទីការងារ ថែមទាំងមានចិត្តអាណិតអាសូរព្រួយបារម្ភចំពោះអ្នកដទៃ ។ ទៅជាយ៉ាងណាក៏ដោយ ភាពរីករាយដោយមិនសសូវមានហេតុផលក៏អាចធ្វើឲ្យគេជាមនុស្សចិត្តរាយមាយបានដោយងាយ ។
៤) ពណ៌បៃតង:
លោកអ្នកដែលចូលចិត្តពណ៌បៃតង ជាមនុស្សគំរូរដែលចូលចិត្តធ្វើខ្លួនជាប្រជាជនល្អ ជាសសរទ្រូងក្នុងសហគមន៍មួយ ចូលចិត្តការប្រកួតប្រជែង ចង់បានកិត្តិយស មានភាពយកចិត្តទុកដាក់ចំពោះទំនៀមទំលាប់ប្រពៃណីសង្គម ចូលចិត្តនិយាយត្រង់ទៅត្រង់មក មានភាពម្ចាស់ការលើខ្លួនឯងកម្រិតខ្ពស់ ។ ពណ៌បៃតងមានកម្លាំងជម្រុញផ្លូវភេទប្រក្រតី មិនភ្លើតភ្លើន ឬស្រើបស្រាលហួសហេតុពេកនោះទេនិងមានសេចក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះគ្រួសារ។
៥) ពណ៌ខៀវ:
ជាពណ៌នៃភាពជឿជាក់ត្រជាក់ចិត្ត តែងតែគិតមុនធ្វើជានិច្ច ប៉ុន្តែការសម្រេចចិត្តច្រើនចេញមកជាលក្ខណៈអភិរក្សនិយម ។ ភាគច្រើនចូលចិត្តគេចវេះទៅរស់នៅក្នុងបរិយាកាស ដែលមានភាពទន់ភ្លន់នៅពេលដែលមានអារម្មណ៍តានតឹងតប់ប្រមល់ ។ មិនតែប៉ុណ្ណោះ ជាមនុស្សឆាប់យល់ពីអារម្មណ៍របស់អ្នកដទៃអាចគ្រប់គ្រងអារម្មណ៍ផ្លូវចិត្តរបស់ខ្លួនឯងបានយ៉ាងល្អ ព្រមទាំងមិនព្រមបង្ហាញពីស្ថានភាពរបស់ខ្លួនឯងឲ្យអ្នកដទៃដឹងឮបានដោយងាយៗ ទេ ។ អាថ៌កំបាំងរបស់អ្នកចូលចិត្តពណ៌ខៀវគឺគេមានគំនិតស្ថាបនាក្នុងលក្ខណៈហួសវិស័យ ពិបាកឲ្យអ្នកដទៃយកទុកដាក់ក្នុងខួរក្បាលណាស់ ។
៦) ពណ៌ស្វាយ:
លោកអ្នកជាមនុស្សមានអារម្មណ៍ល្អ បញ្ញាឈ្លាសវៃ មានទេពកោសល្យពូកែសង្កេតតាមដាន មានភាពទន់ជ្រាយទៅតាមស្ថានភាពជុំវិញខ្លួន អាចនឹងត្រូវគេញុះញង់បានដោយងាយ ។ ជាពិសេសមនុស្សមិនសូវប្រកាន់តឹងតែង និងរបៀបរបបប៉ុន្មានទេ ។ ប៉ុន្តែ អ្នកក៏ជាមនុស្សដែពូកែស្ថាបនា ក្នុងលក្ខណៈសិល្បៈផងដែរនិងតែងគិតដល់ភាពត្រឹមត្រូវ និងភាពស្រស់ស្អាតជានិច្ច ។
៧) ពណ៌ត្នោត:
ជាមនុស្សដែលចូលចិត្តធ្វើអ្វីតាមកន្លងសីលធម៌វៃឆ្លាតក្នុងរឿងលុយកាក់ និស្ស័យរឹងរូស និងកំណាញ់តែជាមនុស្សគួរឲ្យទុកចិត្តបាន ព្រោះមានចិត្តនឹងនរប្រាកដប្រជាពេញខ្លួន មិនរួញរាចំពោះអ្វីដោយងាយៗមិនចូលចិត្តការប្រមាថមើលងាយពីអ្នកណាឡើយ។
៨) ពណ៌ប្រផេះ:
លោកអ្នកជាមនុស្សមានការប្រុងប្រយ័ត្នខ្លួនប្រាណសម្របសម្រួលទៅតាមស្ថានការណ៍ ភាគច្រើន ដែលត្រូវប្រឈមមុខ ដោយជៀសវាងការបាក់បែកប្រេះឆា ហើយគឺអ្នកស្វែងរកសន្តិភាពស្ងប់ស្ងាត់ក្នុងជីវិតមិនហ៊ឺហាព្រមទាំងព្យាយាមយ៉ាងពេញទំហឹងក្នុងការធ្វើតាមទិសដៅដែលខ្លួនឯងកំណត់ទុកឲ្យបានល្អបំផុត ។ ដូចនេះអ្នកដែលចូលចិត្តពណ៌ប្រផេះ ជាអ្នករៀបចំផែនការ និងជាអ្នកអនុវត្តន៍បានយ៉ាងល្អម្នាក់។
៩) ពណ៌ខ្មៅ:
លោកអ្នកជាមនុស្សគោរពទំនៀមទំលាប់ មានរបៀបរបបបែបផែនសុភាពរាបសាលេចធ្លោ ។ ពណ៏ខ្មៅក្នុងអត្ថន័យ ចិត្តវិទ្យា អាចសំដៅលើការកៀបសង្កត់លាក់ទុកក្នុងចិត្តនូវរឿងផ្សេងៗបាន ស្ទើរតែជិតឈឹង។
១០) ពណ៌ស:
លោកអ្នកជាមនុស្សដែលមានភាពស្មោះត្រង់ចូលចិត្តការពិត មានភាពល្អិតល្អន់ចំពោះការងារដែលខ្លួនធ្វើហើយជាមនុស្សចូលចិត្តរាប់អានមិត្តភក្តិតែមិនចូលចិត្ត មនុស្សគិតផ្សេងនិយាយផ្សេងនោះទេ ។មនុស្សចូលចិត្តពណ៌សមានលក្ខណៈទន់ភ្លន់ទោរទន់ ទៅគំនិតសុទិដ្ឋនិយមមើលលោកក្នុងផ្លូវល្អជានិច្ច ដែលងាយធ្វើឲ្យអ្នកដទៃបំពាន៕