ជាការពិតណាស់ សម័យបច្ចុប្បន្ននេះ រាល់ពិធីមង្គលការ ស្ទើរតែគ្រប់គ្នាទៅហើយ តែងតែនិយមតុបតែងរោងការ និងពិធីទាំងមូលបែបទាន់សម័យ ដោយចំណាយទៅលើផ្កាស្រស់ ឬផ្កាបែបអឺរ៉ុប ដើម្បីឱ្យមានភាពទាន់សម័យក្នុងសង្គមបច្ចុប្បន្ន ភាគច្រើន គេតែងតែប្រើរោងការបែបទាន់សម័យ ជាមួយការតុបតែផ្កាបែបអឺរ៉ុបដែលមើលទៅ ស្រស់ស្អាត និងដើរទាន់សម័យ តែការចំណាយក៏លើសលប់មិនស្ទើរដែរ។
តែយ៉ាងណាមិញ កាលពីប៉ុន្មានថ្ងៃមុននេះពិធីរៀបមង្គលការរបស់គូស្វាមីភរិយាមួយកន្លែងដែលស្ថិតនៅជិតវត្តជំពុះក្អែក ក្រុងតាខ្មៅ បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានការភ្ញាក់ផ្អើលជាខ្លាំង ព្រោះតែមង្គលការនេះមានការរៀបចំក្បាច់ផ្កាភ្ញីជារបៀបខ្មែរសុទ្ធដោយយកធាងដូង ដើមចេក ផ្កាភ្ញី ផ្កាស្លា ជាដើមជាការតុបតែងគោល តែមានភាពស្រស់ស្អាតស្ទើរតែមិនគួរឱ្យជឿ។
រូបក្នុងកម្មវិធីមង្គលការនេះ ត្រូវបានបង្ហោះឡើងដោយអ្នកដែលតុបតែងរៀបចំពិធីនេះផ្ទាល់តែម្តង ដោយមានម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Visal SK ដោយបានរៀបរាប់បន្ថែមដែរថា៖
« អរគុណបងប្រុស កែវ សុ ភត្រា ដែលបានចូលចិត្តការតុបតែងលក្ខណ:ទំរង់បែបខ្មែរក្នុងថ្ងៃមង្គលជ័យ😊🙏។ ចំពោះបងប្អូនដែលមានចំណាប់អារម្មណ៍រៀបអាពាហ៍ពិពាហ៍នាថ្ងៃខាងមុខដែលស្រលាញ់លក្ខណ:បែបនេះអាចទំនាក់ទំនងបាន😊😁➡️0762265975 រឺតាម Facebook ខ្ញុំផ្ទាល់ Help like & share ផង អ្នកទាំងអស់គ្នា😊🙏🙏🙏។ #រោងការរដូវកាលកូវីដ19 »។
ក្រោយការឃើញការបង្ហោះផ្សព្វផ្សាយនៃការតុបតែងរោងការបែបប្រពៃណីខ្មែរ តែបង្កប់នូវភាពស្រស់ស្អាតមិនស្ទើរបែបនេះ ក៏មានអ្នកលាន់មាត់សរសើរគ្រប់ៗគ្នានូវការច្នៃប្រតិដ្ឋមួយនេះ និងសំណូមពរឱ្យមានការតុបតែងមង្គលការរបៀបខ្មែរបែបនេះឱ្យបានច្រើនផងដែរ៕