ពីមួយឆ្នាំទៅមួយឆ្នាំ ឆ្លងកាត់ពីពេលវេលាមួយទីពេលវេលាមួយ ជួបមនុស្សផ្សេងៗពីគ្នា ជាពិសេសគឺ ជួបរឿងពីមួយទៅមួយ បានធ្វើខ្ញុំដឹងច្បាស់ថា ការពិតទៅ គឺមិនត្រូវគិតពីគេជាងខ្លួនឯងឡើយ មិនមែនអាត្មានិយម តែក្នុងរឿងខ្លះ ជាមួយខ្លះ សូម្បីតែប្ដីប្រពន្ធក៏ដោយ បើមិនចង់ឱ្យខ្លួនឯង ឈឺចាប់ ខកចិត្តទៅថ្ងៃក្រោយ គឺកុំលះបង់ឱ្យគេលើសពីអ្វី ដែលយើងបានទទួលពីគេ ...!
តាមពិតទៅ បើថាឱ្យខឹងនឹងគេគឺវាមិនត្រូវទេ ពេលខ្លះ មកពីយើងចិត្តល្អពេក យើងស្គាល់ចរិតមនុស្សមិនទាន់ច្បាស់ យើងមិនទាន់យល់ពីអ្វីដែលហៅថាទំនាក់ទំនងជាមួយនឹងមនុស្សក្នុងសម័យ និងសង្គមមួយនេះ។
យើងជួយគេ មិនប្រាកដថា គេនឹងជួយយើងវិញឡើយ តែយ៉ាងណាក៏ដោយ ការដែលយើងជួយគេដោយទឹកចិត្ត នោះជាសេចក្ដីល្អរបស់យើង តែពេលយើងពឹងគេមិនបាន កុំទៅខឹងអន់ចិត្តនឹងគេអី តែត្រូវចាំថា មនុស្សណាអាចពឹងពាក់បាន មនុស្សណាដែលយកជាគ្នាមិនបាន គឺត្រូវចាំទុក។
មនុស្សមួយចំនួន ស្គាល់យើងតែពេលមានប្រយោជន៍ ឃើញយើងល្អតែពេលដែលចង់មករកពឹងពាក់យើង តែពេលយើងអស់ប្រយោជន៍ យើងក៏គ្មានតម្លៃអ្វីដែលឱ្យគេនឹកនាទៀតឡើយ។
មនុស្សខ្លះ ពេលខ្លះយើងជួយគេហើយ ជួយដោយទឹកចិត្ត ជួយដោយមិនគិតចង់បានការតបស្នងវិញទេ តែគេបែរជាតិទៀន ដៀលត្មេះ ថាយើងនេះល្ងង់ ភ្លើ ឱ្យគេបោកប្រើបានទៅវិញ។
មនុស្សខ្លះ ពឹងយើង១០ដង យើងជួយទាំង១០ដង តែដល់ពេលមា១ដងដែលពឹងយើងមិនបាន គេមិនដែលចងចាំនឹង១០ដងកន្លងមកទេ គេចាំតែ១ដងដែលគេពឹងយើងមិនបាន ហើយចោទថាយើងនេះអាក្រក់ ចិត្តមិនបានទៅវិញ។
មនុស្សខ្លះ ពឹងយើងបានណាស់ តែដល់ពេលយើងពឹងគេវិញ ត្រឹម១ដង ក៏គេមិនជួយយើងដែរ គេមានលេសដោះសារជានិច្ច មនុស្សមិនចង់ជួយ និងមិនមានលទ្ធភាពជួយ គឺមើលឃើញច្បាស់ហើយ។
ដូច្នេះហើយ មុននឹងជួយអ្នកណា ឱ្យមើលផង កុំចេះតែជួយគេ រហូតដល់មិនគិតពីខ្លួនឯង ត្រូវគិតពីខ្លួនឯងជាមុនសិន មុននឹងតាំងខ្លួនអស្ចារ្យទៅជួយអ្នកដទៃ បើយើងមិនគិតពីខ្លួនឯងទេ ហើយចេះតែជួយគេគ្រប់ពេលនោះ ថ្ងៃណាមួយយើងនឹងឈឺចាប់ព្រោះតែចិត្តទន់របស់ខ្លួនឯង។
មនុស្សចិត្តល្អ គឺជាកុសលបុណ្យ តែមនុស្សចិត្តទន់ នឹងនាំគ្រោះការលំបាកមកឱ្យខ្លួនឯងតែប៉ុណ្ណោះ។ ត្រូវចាំ ចង់រាប់អានអ្នកណា ឬជួយអ្នកណាក៏ត្រូវតែមើលឱ្យច្បាស់ដែរ មនុស្សខ្លះទោះស្គាល់យូរឆ្នាំយ៉ាងណាក៏ដោយ ក៏យើងមិនគួរជួយគេដែរ ព្រោះតែការស្គាល់យូរ គឺសមល្មមនឹងដឹងពីចរិតរបស់គេហើយ ថាគេជាមនុស្សបែបណា។
ប៉ុន្តែមនុស្សខ្លះទៀត ទោះស្គាល់ត្រឹមមួយអាទិត្យក៏ពិតមែន តែគេជាមនុស្សដែលសក្តិសមនឹងឱ្យយើងជួយគេណាស់។ អ្វីដែលសំខាន់ មិនថាអ្នកចិត្តល្អជួយអ្នកណាក៏ដោយ សូមឱ្យជួយខ្លួនឯងជាមុនសិន មិនថាស្មោះត្រង់ចំពោះអ្នកណា កម្រិតណាទេ តែត្រូវស្មោះត្រង់នឹងខ្លួនឯងមុនគេសិន៕
អត្ថបទ ៖ Knongsrok / ក្នុងស្រុកសូមរក្សាសិទ្ធិ