នៅការប្រកួតជើងទី ១ វគ្គ ៣២ ក្រុមចុង Europa League ខ្សែប្រយុទ្ធជំនាញខាងបញ្ចប់ទី Edinson Cavani ពុំបានធ្វើដំណើរទៅចូលរួមការប្រកួតជាមួយ Man Utd នោះទេ ព្រោះដោយសារជាប់សម្រាកព្យាបាលរបួសផ្នែកសាច់ដុំ។
ពាក់ព័ន្ធនឹងអវត្តមានកីឡាករសញ្ជាតិអ៊ុយរុយហ្គាយក៏នាំឲ្យកើតមានចម្ងល់ពីអ្នកគាំទ្រមួយចំនួន ហើយជាក់ស្តែងអ្នកចាត់ការលោក Ole Gunnar Solskjaer ក៏ស្រាប់តែចេញមុខមកបញ្ជាក់ និងបង្ហើបពីតម្រុយនៃការបន្តកុងត្រាថ្មីសម្រាប់ Cavani។
ប្រាប់ក្រោយចប់ការប្រកួតទល់ Real Sociedad អ្នកចាត់ការសញ្ជាតិន័រវេសនិយាយ៖ "ខ្ញុំអាចនិយាយថា Edinson [Cavani] គេធ្វើបានល្អណាស់សម្រាប់ពួកយើង ហើយខ្ញុំពិតជាចាប់អារម្មណ៍ការលេងរបស់គេខ្លាំង ដោយយើងនឹងអង្គុយជជែកគ្នាជាមួយគេ ដើម្បីនិយាយអំពីរឿងរ៉ាវទៅថ្ងៃអនាគត ពោលពាក់ព័ន្ធនឹងគម្រោងរបស់គេនិងក្លឹបផ្ទាល់"។
លោកបន្ថែមទៀតថា៖ "យើងតែងតែនឹងនិយាយជាមួយកីឡាកររបស់យើងអំពីរឿងរ៉ាវកុងត្រា ហើយពួកយើងពិតជារីករាយជាមួយអ្វីដែល Cavani បានសម្រេចកន្លងមក"។
បញ្ជាក់ថា កីឡាករវ័យ ៣៤ ឆ្នាំនៅរដូវកាល ២០២០/២១ ត្បិតបើគេជាកីឡាករចំណូលថ្មី តែគេសឹងតែនឹងអាចជំនួសតំណែងខ្សែប្រយុទ្ធកណ្តាលរបស់ Anthony Martial បានបាត់ទៅហើយ។ គេបានឈរជើងលើទីលាន ១ ២៦៤ នាទី រកបាន ៧ គ្រាប់និង Assist ២ លើក។ ដោយឡែកកុងត្រារបស់ Cavani មានសុពលភាពត្រឹមចុងខែមិថុនា ឆ្នាំ ២០២១ នេះតែប៉ុណ្ណោះ ប៉ុន្តែមានភាគរយច្រើនដែលគេនឹងនៅបន្តជួយក្រុមម្ចាស់ដី Old Trafford៕
ប្រភព៖ AF | ប្រែសម្រួល៖ ក្នុងស្រុក