អ្នកស្រី ប៊ុន ចាន់និមល ត្រូវបានគ្រប់គ្នាស្គាល់ថាជាស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Sastra Film ដែលជាផលិតកម្មផលិតខ្សែភាពយន្តទាំងរឿងខ្លី និងរឿងបែប Series ភាគច្រើនស្តែងពីរឿងពិតនៃតថសង្គមសព្វថ្ងៃ ដែលកំពុងតែមានភាពល្បីល្បាញជាខ្លាំងនាពេលបច្ចុប្បន្ន រហូតវិវឌ្ឍន៍ខ្លួនបានបង្កើតកម្មវិធីមើលខ្សែភាពយន្តតាមទូរស័ព្ទដៃជារបស់ខ្លួនផ្ទាល់ផងដែរ។
យ៉ាងណាមិញ ទម្រាំទទួលបានភាពជោគជ័យដូចសព្វថ្ងៃ អ្នកស្រី ប៊ុន ចាន់និមល ដែលជាស្ត្រីនៅពីក្រោយភាពរុងរឿងនៃផលិតកម្មដ៏ល្បីល្បាញមួយនេះក៏ធ្លាប់បានហែលឆ្លងកាត់ការលំបាកជាច្រើននឹកស្មានមិនដល់ ដោយប្រើពេល៥ ទៅ៦ឆ្នាំឯណោះ ទម្រាំអាចឈរជើងរាល់ថ្ងៃ ក្រោមឧបសគ្គ និងការបាក់ទឹកចិត្តច្រើនរាប់មិនអស់។
ដោយ អ្នកស្រី ប៊ុន ចាន់និមល បានរៀបរាប់ប្រវត្តិខ្លះៗរបស់អ្នកស្រីលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ថា៖
«មិនមែនខ្ញុំពូកែ ឬក៏រឹងមាំ អីទេ គ្រាន់តែខ្ញុំតស៊ូ
-ឆ្នាំ2008បាត់បង់ឳពុក ម្តាយកូនខ្ចី ប្អូ្ឭន៦នាក់សុទ្ធតែក្មេងនៅផ្ទះជួល30$
-ឆ្នាំ2014 ម្តាយកើតជំងឺមហារីកត្រូវវះកាត់ចាក់គីមីនៅវៀតណាម ប្រាក់ចំណូលទាប តែប្តេជ្ញាព្យាបាលម្តាយឲ្យជា (ហើយពិតជា ជា)
-2015បើកក្រុមហ៊ុន Sastra ដោយយកម៉ូតូបញ្ចាំបាន1000$ថតរឿងខ្លីដំបូង ប៉ាប៉ា
-2017 បាក់ទឹកចិត្តបាត់ជំនឿ ព្រោះគេមិនឲ្យតម្លៃរឿងខ្មែរ ស្នើបិទក្រុមហ៊ុន
-2019 លេបថ្នាំព្យាបាលជំងឺផ្លូវចិត្តពេញមួយឆ្នាំពេញ
ខ្ញុំស៊ូប្រយុទ្ធមិនឈប់ ដូច្នេះខ្ញុំចង់បញ្ជាក់ថាខ្ញុំមិនមែនជាមនុស្សអច្ឆរិយៈទេ ដែលមិនធ្លាប់ទន់ជ្រាយនោះ គ្រាន់តែខ្ញុំមិនបោះបង់ ចេះតែវាទៅ។
ខ្ញុំរំភើបឃើញបងប្អូនជាច្រើនផ្ញើសារផ្តល់ក្តីស្រលាញ់ និងគាំទ្រចក្ខុវិស័យខ្ញុំ។ ខ្ញុំសូមអរគុណខ្លាំងណាស់។
មានរឿងច្រើនទៀតចង់និយាយ តែចាំពេលក្រោយបន្តចុះ។
ពេលនេះគ្រាន់ចង់ប្រាប់បងប្អូនថា គ្មានទេមនុស្សរឹងមាំ100% តែពិតជាមានមនុស្សតស៊ូ គឺអ្នកកំពុងអានហ្នឹងហើយ»។
ក្រោយដឹងពីរឿងរ៉ាវដើមទងរបស់អ្នកស្រី ប៊ុន ចាន់និមល ហើយអាចឱ្យយើងដឹងថា មិនមានភាពជោគជ័យណាបានដោយងាយស្រួល ឬប្រើរយៈពេលខ្លីនោះឡើយ ហើយភាពជោគជ័យរបស់មនុស្សម្នាក់ៗសព្វថ្ងៃក៏សុទ្ធតែបង្កប់ប្រវត្តិជូរចត់ខុសៗគ្នាដែរ ដូចនេះភាពជោគជ័យគឺកើតចេញពីបុគ្គលផ្ទាល់ខ្លួន ការតស៊ូ និងការមិនចុះចាញ់តែប៉ុណ្ណោះ៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក