បើយើងក្រឡេកមើលកាលពីអតីតកាលប្រមាណជា១០ឆ្នាំមុន វិស័យគំនូរនៅកម្ពុជាមិនសូវមានអ្នកមើលឃើញ និងឱ្យតម្លៃឡើយ ដោយការយល់ដឹងរបស់ប្រជាជនមានកម្រិត ហើយស្នាដៃគំនូរល្អៗរបស់វិចិត្រករខ្មែរទទួលបានការគាំទ្រតែពីជនបរទេសតែប៉ុណ្ណោះ។
តែបើមកមើលបច្ចុប្បន្ននេះវិញ អ្វីៗត្រូវបានផ្លាស់ប្តូរ ផ្នត់គំនិតរបស់ប្រជាជនក៏កាន់តែជឿនលឿន ហើយអ្នកស្នេហាជាតិ វប្បធម៌ និងសិល្បៈខ្មែរក៏កាន់តែមានការកើនឡើង ដែលជាហេតុធ្វើឱ្យវិចិត្រករល្បីៗដែលបានសំងំលាក់ខ្លួនចេញមុខមកបង្ហាញស្នាដៃជាបន្តបន្ទាប់ក្រោមការគាំទ្រជាច្រើនពីមហាជន។ ដោយថ្មីៗនេះគំនូរមួយផ្ទាំងតូច តែបង្កប់អត្ថន័យខ្លាំងមួយផ្ទាំងត្រូវបានគេឱ្យតម្លៃខ្លាំងជាងតម្លៃលក់ចេញទៅទៀត។
នេះបើយោងតាមរយៈគណនីហ្វេសប៊ុក SamNang Vou បានឱ្យដឹងថា៖ « គំនូរលេីបន្ទះឫស្សី ដែលមានឈ្មោះ “HAPPY” ត្រូវបានលក់ចេញក្នុងតម្លៃ 599$ សូមថ្លែងអំណរគុណ Withe Canvas ដែលផ្តល់ឱកាស ក៏ដូចជាជួយរកទីផ្សារដល់សិល្បករខ្មែរ »។
គួរបញ្ជាក់ផងដែរថា លោក វូ សុសំណាង គឺជាវិចិត្រករលក់មុខកំពុងតែល្បីផ្នែកគំនូរលើចង្អេរ និងបន្ទះប្ញស្សី ដោយលោកធ្លាប់បានផ្អាកពីអាជីពគំនូររបស់ខ្លួនអស់រយៈពេលប្រាមាណ ១០ឆ្នាំ មកហើយ តែលោកទើបតែត្រលប់មកវិញព្រោះសម័យនេះមានការគាំទ្រ និងឱ្យតម្លៃខ្លាំងនៅលើបណ្តាញសង្គមទាក់ទងនឹងគំនូរដែលថែរក្សាអភិរក្សវប្បធម៌ខ្មែរមួយនេះ។ ដោយក្នុងនោះលោកបានវិលមកគូរគំនូរវិញនៅកំឡុងឆ្នាំ ២០១៨ ដោយចាប់ផ្តើមគូរដំបូងទៅលើគំនូរក្តារម្រ័ក្សណ៍ប៉ុណ្ណោះ ប៉ុន្តែដោយសារតែចង់បង្កើតអ្វីដែលថ្មីហើយប្លែកដើម្បីជាស្នាដៃផ្ទាល់ខ្លួន លោកក៏ជ្រើសរើសចង្អេរដែលធ្លាប់តែឃើញលក់នៅតាមផ្លូវធ្វើដំណើរទៅធ្វើការរៀងរាល់ថ្ងៃយកមកធ្វើជាផ្ទាំងសម្រាប់គូរតែម្តង រហូតទទូលបានការគាំទ្រ និងមានភាពល្បីល្បាញដល់ពេលបច្ចុប្បន្ននេះ៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក