មានរឿងរ៉ាវជាច្រើនក្នុងជីវិត ដែលយើងត្រូវឆ្លងកាត់ឲ្យបាន និងរឿងខ្លះទៀតត្រូវរៀនបោះបង់ ដើម្បីតែបំពេញសេចក្តីសុខផ្លូវចិត្ត។
២ រឿងដែលត្រូវតែធ្វើឲ្យបានក្នុងឆាកជីវិត
១) សងគុណឪពុកម្តាយ
គុណលោកទាំងពីរធំជាងអ្វីៗទាំងអស់ ដែលកូនគ្រប់រូបមិនត្រូវមើលរំលង។ ប្រសិនរកឃើញសេចក្តីសុខសម្រាប់ខ្លួនឯងហើយ បោះបង់លែងខ្វល់ខ្វាយពីឪពុកម្តាយនោះជីវិតអ្នកក៏មិនមានគុណតម្លៃនោះដែរ។
មិនមានន័យថា ឪពុកម្តាយមានសុខភាពល្អមិនឈឺថ្កាត់យើងមិនចាំបាច់បារម្ភពីគាត់នោះទេ ផ្ទុយទៅវិញត្រូវចេះមានការគោរព និងផ្តល់ភាពសប្បាយរីករាយជារឿយៗបន្ថែមទៀតសម្រាប់លោកទាំងពីរ។ មិនចាំបាច់តែអ្នកមានគ្រប់យ៉ាងនោះទេ ចូរចាប់ផ្តើមធ្វើបណ្តើរៗពីពេលនេះទៅ ព្រោះនៅថ្ងៃស្អែកយើងមិនដឹងថាមានរឿងអ្វីកើតឡើងខ្លះឡើយ ជៀសវាងមានពាក្យថា ស្តាយក្រោយ ហើយអ្វីៗក៏មិនអាចត្រលប់មកវិញដែរ។
២) មើលថែសុខភាពខ្លួនឯងឲ្យល្អ
នៅពេលដែលស្ថិតក្នុងវ័យជំទង់ អ្នកមើលមិនឃើញពីជំងឺនោះទេ ហើយចេះតែមិនយកចិត្តទុកដាក់ ដោយបរិភោគបំពេញក្រពះតាមចំណង់នៃភាពឃ្លាន អ្នកខ្លះទទួលទានគ្រឿងស្រវឹងច្រើន ទាំងនេះហើយជាកំហុសដែលអ្នកកំពុងបង្កដោយខ្លួនឯង។ ចូរដល់អាយុស្រករ ៣០ អ្នកនឹងឃើញជំងឺជាបណ្តើរៗ អ៊ីចឹងដើម្បីបញ្ចៀសភាពស្តាយក្រោយ នៅពេលចូលដល់វ័យចំណាស់ សូមយុវជនមើលថែរក្សាសុខភាពឲ្យបានល្អ និងទម្លាប់ហាត់ប្រាណផង។
២ រឿងដែលត្រូវរៀនបើកចិត្តបោះបង់និងទទួលយកការពិត
១) Background ឬអតីតកាលនៃជីវិតរបស់យើង
បើអ្នកចាប់កំណើតនៅទីណា ក្នុងស្ថានភាពបែបណា ឬមានឪពុកម្តាយបែបណា សូមកុំខ្មាសអៀន ហើយសូមបន្តខិតខំប្រឹងប្រែង។ ត្រូវចាំថាអតីតកាល ពុំអាចមកលុបបំបាត់អនាគតកាលដ៏ស្រស់បំព្រងរបស់យើងបានឡើយ ប្រសិនអ្នកមានឆន្ទៈក្នុងការតស៊ូព្យាយាមមិនខ្លាចការលំបាក។
២) សំណាង
គ្មាននរណាអាចកំណត់ឲ្យ សំណាងឬលាភ មករកមនុស្សណាម្នាក់បានទេ ហើយត្រូវចាំថា សំណាងរមែងកើតក្រោយការខិតខំប្រឹងប្រែង។ លើលោកគ្មានសំណាងទេ សូមកុំរង់ចាំវាអី ផ្ទុយទៅវិញត្រូវខិតខំបម្រើការ រកស៊ី នោះមិនយូរមិនឆាប់សំណាងនឹងមកដោយឯងៗហើយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក